Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុនរបស់ Evergrande ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំជាងគេបំផុតនៅចិន ដាំក្បាលចុះជាង៨០ភាគរយ

រដ្ឋធានីប៉េកាំង៖ ដោយសារតែវិស័យអចលនទ្រព្យ នៅក្នុងប្រទេសចិន កំពុងតែរងនូវការរង្គោះរង្គើនោះ ភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ជាងគេធំបំផុតរបស់ប្រទេសមហាយក្សអាស៊ីនេះ កំពុងតែធ្លាក់ចុះ រហូតដល់ជាង៨០ភាគរយ ក្រោយផ្អាកការជួញដូរ អស់រយៈពេល១៧ខែកន្លងមក ខណៈក្រុមហ៊ុន Evergrande Group បានប្រកាស អំពីការខាតបង់ រហូតដល់៤,៥៣ពាន់លានដុល្លារអាមេរិក និង ក្រុមហ៊ុន Country Garden (ខោទ្រី ហ្កាដេន) បានខាតបង់ រហូតដល់៧,៦ពាន់លានដុល្លារអាមេរិក នៅឆមាសទី១ នៃឆ្នាំ២០២៣។

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីថ្ងៃទី២៨ ខែសីហា ថា ភាគហ៊ុនរបស់ក្រុមហ៊ុន China Evergrande Group បានធ្លាក់ចុះ រហូតដល់៨៦,៧ភាគរយ កាលពីព្រឹក ថ្ងៃចន្ទ (ទី២៨ ខែសីហា) ស្របពេលការជួញដូរកំពុងតែបន្ត ក្រោយការផ្អាកដំណើរការ អស់រយៈពេល១៧ខែ កន្លងមក បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយកមួយនេះ បានអះអាង ថា ក្រុមហ៊ុនដ៏ធំបំផុតមួយនេះ បានបំពេញគ្រប់គ្រាន់ តាមការណែនាំទាំងអស់ ហើយត្រូវបានចេញផ្សាយ ដោយទីផ្សារភាគហ៊ុនហុងកុង។

ក្រុមហ៊ុន Evergrande ក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ជំពាក់បំណុលច្រើនជាងគេបំផុត នៅលើពិភពលោក កំពុងតែស្ថិតនៅចំចំណុកណ្តាល នៃវិបត្តិវិស័យអចលនទ្រព្យ នៅក្នុងប្រទេសចិន ចាប់តាំងពីចុង ឆ្នាំ២០២១ រហូតមក។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំជាងគេបំផុតរបស់ប្រទេសចិន Evergrande មានការជំពាក់បំណុលជាច្រើនប្រភេទ។ រីឯភាគហ៊ុនរបស់ក្រុមហ៊ុនមួយនេះ ដែលចុះបញ្ជី នៅហុងកុង បានជួញដូរត្រឹម 0,២២ដុល្លារហុងកុង កាលពីថ្ងៃចន្ទ ដោយមូលធនបត្រទីផ្សារ បានធ្លាក់ចុះ មកនៅត្រឹម ៣,២ពាន់លានដុល្លារហុងកុង ឬ ស្មើនឹងប្រហែល ៤០៨,០២លានដុល្លារអាមេរិក។

ភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានផ្អាកការលក់ដូរ ចាប់តាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ រហូតមក។ រីឯអង្គភាពចុះបញ្ជី នៅហុងកុងរបស់ក្រុមហ៊ុន គឺ China Evergrande New Energy Vehicle Group និង Evergrande Property Services Group គឺភាគហ៊ុនទាំងពីរ បានបន្តការជួញដូរ កាលពីខែមុន ក្រោយការផ្អាក អស់រយៈពេល១៦ខែកន្លងមក។

បើតាមសេចក្ដីថ្លែងការណ៍មួយ ត្រូវបានចេញផ្សាយ នៅលើគេហទំព័រ Hong Kong Stock Exchange កាលពីថ្ងៃអាទិត្យ (ទី២៧ ខែសីហា) ថា ការខាតបង់ប្រាក់ចំណូលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ចិន Evergrande Group ចន្លោះពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ មានចំនួន៣៣ពាន់លានយន់ ឬស្មើនឹងប្រហែល៤,៥៣ពាន់លានដុល្លារអាមេរិក បើធៀបនឹងអំឡុងដូចគ្នា កាលពីឆ្នាំ២០២២ បានខាតបង់ចំនួន៦៦,៤ពាន់លានយន់។

ទន្ទឹមគ្នានេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំជាងគេបំផុតរបស់ប្រទេសចិន Evergrande Group កំពុងតែវណ្ឌកនឹងបំណុលដ៏ច្រើនបំផុត ហើយបានក្លាយទៅជានិមិត្តរូប នៃវិបត្តិអចលនទ្រព្យ នៅក្នុងប្រទេសចិន។ វិបត្ដិនេះ កំពុងតែធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងប្រទេសមហាសេដ្ឋកិច្ចលំដាប់លេខ២របស់ពិភពលោក។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Evergrande Group កាលពីថ្ងៃអាទិត្យ បានប៉ាន់ប្រមាណបំណុលរបស់ក្រុមហ៊ុន ឥឡូវនេះមានចំនួនជិត ៣២៨ពាន់លានដុល្លារអាមេរិក ដោយបានធ្លាក់ចុះ ពីជិត៣៤០ពាន់លានដុល្លារអាមេរិក កាលពីចុងឆ្នាំ២០២២។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សមួយនេះ ក៏បានប្រកាស អំពីស្ថានភាពសាច់ប្រាក់ ដែលកាន់តែយ៉ាប់យ៉ឺនៗទៅ ដោយមានសាច់ប្រាក់ ត្រឹមតែ៥៥៦លានដុល្លារអាមេរិកប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២២ មានសាច់ប្រាក់ ប្រហែល២ពាន់លានដុល្លារអាមេរិក ។

ស្របគ្នានេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយទៀតរបស់ចិន ឈ្មោះ Country Garden (ខោទ្រី ហ្កាដេន) ក៏បានប្រកាស អំពីការខាតបង់ប្រាក់ រហូតដល់៧,៦ពាន់លានដុល្លារអាមេរិក សម្រាប់ឆមាសទី១ នៃឆ្នាំ២០២៣។ ការប្រកាសបែបនេះ ជាសញ្ញាចុងក្រោយ នៃវិបត្ដិធំៗ សម្រាប់ប្រទេសមហាសេដ្ឋកិច្ចធំលំដាប់ទី២របស់ពិភពលោក ត្រូវប្រឈមមុខ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×