Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេទ័ពជើងទឹកសហរដ្ឋអាមេរិក ព្រមានដល់ប្រទេសចិន ត្រូវតែបញ្ឈប់ឥរិយាបថយ៉ាងគឃ្លើននៅសមុទ្រចិនខាងត្បូង

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលកងទ័ពសហរដ្ឋអាមេរិក ជប៉ុន អូស្រ្ដាលី និង ហ្វីលីពីន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នា នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនោះ ហើយមេបញ្ជាការកងនាវាទី៧របស់សហរដ្ឋអាមេរិក បានព្រមានយ៉ាងខ្លាំងដល់រដ្ឋាភិបាលក្រុងប៉េកាំង ត្រូវតែផ្លាស់ប្ដូរឥរិយាបថដ៏គឃ្លើនរបស់ចិន នៅសមុទ្រចិនខាងត្បូង។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ នៅថ្ងៃអង្គារ ទី២៩ ខែសីហា ថា លោកឧត្ដមនាវីរង ខាល ថូម៉ាស (Karl Thomas) មេបញ្ជាការកងនាវាទី៧របស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា «អាកប្បកិរិយាដ៏គឃ្លើនរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងការប្រើប្រាស់កាណុងបាញ់ទឹក បង្កឡើងដោយកងឆ្មាំសមុទ្ររបស់ចិន បានបាញ់ទឹកដាក់លើនាវាចម្បាំងរបស់ហ្វីលីពីន ត្រូវតែប្រឆាំង និង ត្រួតពិនិត្យឥរិយាបថឡើងវិញ»។

ជាមួយគ្នានេះដែរ លោកឧត្ដមនាវីរង ខាល ថូម៉ាស (Karl Thomas) មេបញ្ជាការកងនាវាទី៧របស់សហរដ្ឋអាមេរិក បានធានាដល់ប្រទេសហ្វីលីពីន ចំពោះកិច្ចគាំទ្ររបស់កងទ័ពសហរដ្ឋអាមេរិក ត្រូវតែប្រឈមមុខជាមួយនឹង«បញ្ហាប្រឈមមុខរួមគ្នា» នៅក្នុងតំបន់។ កងកម្លាំងរបស់គាត់ បានចេញមកដល់ទីនេះ ដោយសារតែមានហេតុផលដ៏សមស្របមួយ។

កងនាវាទី៧ ក្លាយជាកងនាវាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ដោយមានមូលដ្ឋានយោធា នៅក្នុងប្រទេសជប៉ុន។ កងនាវាទី៧នេះ តែងតែធ្វើប្រតិបត្ដិការ ដោយនាវាចម្បាំង ចំនួន៧០គ្រឿង យន្ដហោះចំនួន១៥០គ្រឿង និង កងទ័ពជើងទឹក ជាង២៧ ០០០នាក់ ហើយធ្វើប្រតិបត្ដិការ នៅក្នុងតំបន់ មានទំហំ១២៤លានគីឡូម៉ែត្រការ៉េ រាប់ចាប់តាំងពីមូលដ្ឋានយោធានានា នៅក្នុងប្រទេសជប៉ុន រហូតមកដល់ប្រទេសកូរ៉េខាងត្បូង និង សិង្ហបុរី។

លោកឧត្ដមនាវីរង ខាល ថូម៉ាស បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters ថា «អ្នកត្រូវតែប្រកួតប្រជែងជាមួយនឹងមនុស្ស ដែលខ្ញុំនឹងនិយាយ ថា ប្រតិបត្តិការ នៅក្នុងតំបន់ពណ៌ប្រផេះ។ នៅពេលពួកគេ ធ្វើសកម្មភាព កាន់តែច្រើនឡើង ហើយរុញច្រានអ្នកចេញ អ្នកត្រូវតែរុញគេឲ្យថយវិញ ហើយអ្នកត្រូវតែបើកនាវា និង ចេញធ្វើប្រតិបត្ដិការ។ វាពិតជាមិនមែនជាគំរូដ៏ល្អប្រសើរនោះឡើយ ចំពោះអាកប្បកិរិយាដ៏គឃ្លើន ដូចករណី កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ដែលបានបាញ់ទឹកដាក់លើនាវាច្បាំងរបស់ហ្វីលីពីន»។

កងនាវាឆ្មាំសមុទ្ររបស់ចិន កាលពីថ្ងៃទី៥ ខែសីហា បានប្រើប្រាស់កាណុងបាញ់ទឹក បាញ់ដាល់លើនាវារបស់កងទ័ពហ្វីលីពីន ដែលកំពុងតែដឹកគ្រឿងផ្គត់ផ្គង់ ទៅផ្ដល់ឲ្យកម្លាំងយោធារបស់ខ្លួន ឈរជើងនៅលើនាវាចម្បាំងរបស់ក្រុងម៉ានីល នៅសមុទ្រចិនខាងត្បូង។ សកម្មភាពបែបនេះ អាចនឹងនាំឲ្យមាននូវការបង្កើតកំហុសឆ្គង នៃការប្រជែងអំណាចគ្នា រវាងសហរដ្ឋអាមេរិក និង ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

លោកឧត្ដមនាវីរង ខាល ថូម៉ាស មេបញ្ជាការកងនាវាទី៧របស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា គាត់បានពិភាក្សាគ្នាជាមួយនឹងលោកឧត្តមនាវីរង អាល់ប៊ែរតូ កាឡូស (Alberto Carlos) មេបញ្ជាការយោធភូមិភាគបស្ចិមរបស់ហ្វីលីពីន ដែលមើលការខុសត្រូវ នៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីឈ្វេងយល់ អំពីបញ្ហាប្រឈមរបស់ហ្វីលីពីន និង ស្វែងរកឱកាសជួយហ្វីលីពីន»។

លោកឧត្ដមនាវីរង ខាល ថូម៉ាស កាលពីថ្ងៃសៅរ៍ បានអះអាង ថា គាត់បានចូលរួមហោះហើរ ចេញពីរដ្ឋធានីម៉ានីល (Manila) ប្រទេសហ្វីលីពីន ដើម្បីត្រួតពិនិត្យមើល នៅសមុទ្រចិនខាងត្បូង។

ហ្វីលីពីន បានឈ្នះលើការកាត់ក្ដីរបស់អាជ្ញាកណ្តាលអន្តរជាតិ ប្រឆាំងនឹងប្រទេសចិននៅក្នុងឆ្នាំ២០១៦ ក្រោយពេលសាលាក្តីអន្ដរជាតិមួយនេះ បានអះអាង ថា ការទាមទារដ៏ទូលំទូលាយរបស់រដ្ឋាភិបាលក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង មានទំហំផ្ទៃក្រឡា ៣,៥លានគីឡូម៉ែត្រការ៉េ ដែលភាគច្រើនបំផុត ជាដែនអធិបតេយ្យភាពរបស់ចិន មិនមានមូលដ្ឋាន ស្របតាមផ្លូវច្បាប់នោះឡើយ។

ដោយឡែក រដ្ឋាភិបាលក្រុងប៉េកាំង បានសាងសង់កោះសិប្បនិមិត្ត សម្រាប់ជាមូលដ្ឋានយោធា នៅសមុទ្រចិនខាងត្បូង។ ការទាមទារអធិបតេយ្យភាព ជាប្រវត្តិសាស្ត្រ ត្រួតលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី បាននាំឲ្យមានជម្លោះ ជាមួយនឹងប្រទេសទាំងនេះ នៅក្នុងតំបន់។

បើទោះជាយ៉ាងណា ស្ថានទូតចិន ប្រចាំនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន នៅមិនទាន់បានឆ្លើយតបភ្លាមៗ ជុំវិញការអត្ថាធិប្បាយរបស់មេបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិក៕ រក្សាសិទ្ធដោយ ៖ សារាយSN

×