រដ្ឋធានីសេអ៊ូល៖ ស្របពេលប្រជាពលរដ្ឋកូរ៉េខាងត្បូង ជប៉ុន និង ចិន កំពុងតែព្រួយបារម្ភ អំពីសុវត្ថិភាពម្ហូបអាហារសមុទ្រ ក្រោយពេលរដ្ឋាភិបាលក្រុងតូក្យូ បានបញ្ចេញទឹក ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលបានបន្សាបជាតិវិទ្យុសកម្ម បញ្ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី២៤ ខែសីហានោះមក ប្រធានាធិបតីកូរ៉េខាងត្បូង បានយកម្ហូបអាហារសមុទ្រ មកទទួលទាន សម្រាប់ជាអាហារថ្ងៃត្រង់របស់គាត់ ដើម្បីបង្ហាញអំពីទំនុកចិត្តឡើងវិញដល់ពួកគេ។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍ Channel New Asia មានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៩ ខែសីហា ថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានអះអាង ថា ក្រុងសេអ៊ូល មិនបានឃើញមានបញ្ហាណាមួយ តាមលក្ខណៈវិទ្យាសាស្រ្ដ ឬ បច្ចេកទេសពាក់ព័ន្ធនឹងការបញ្ចេញទឹក ពីរោងចក្រនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា (Fukushima) របស់ជប៉ុន ដែលបានបន្សាបវិទ្យុសកម្មនោះឡើយ។
ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ ថា លោកប្រធានាធិបតី យូន ស៊ុក-យូល (Yoon Suk-yeol) កាលពីថ្ងៃចន្ទ (ទី២៨ ខែសីហា) បានទទួលទានម្ហូបអាហារសមុទ្រ សម្រាប់អាហារថ្ងៃត្រង់របស់គាត់ ។ សកម្មភាពរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង ចង់បង្ហាញអំពីចំណីអាហារសមុទ្រក្នុងស្រុកទាំងអស់នោះ មានសុវត្ថិភាព។

រដ្ឋាភិបាលក្រុងតូក្យូ បានចាប់ផ្តើមបញ្ចេញទឹកជាង១លានតោនម៉ែត្រគុប ពីរោងចក្រថាមពលនុយក្លេអ៊ែឬ ដែលបានខូចខាត ដោយមានរលកយកស៊ូណាមិ ដើម្បីបញ្ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី២៤ ខែសីហា។ ការសម្រេចចិត្តបែបនេះ បានបង្កឱ្យមានការតវ៉ា ទាំងនៅក្នុងប្រទេសជប៉ុន និង ប្រទេសជិតខាង។ រីឯអ្នកប្រើប្រាស់ផលិតផលម្ហូបអាហារសមុទ្ររបស់ជប៉ុន នៅក្នុងប្រទេសចិន ក៏បានបង្ហាញនូវការខកចិត្តយ៉ាងខ្លាំង ជាពិសេស រដ្ឋាភិបាលក្រុងប៉េកាំង ក៏បានប្រកាសហាមប្រាម ដល់ផលិតផលជលផលទាំងអស់ នាំចូលមកពីប្រទេសជប៉ុន។
បើតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារតៃកូគុ ដេតាបែងឃ៍ (Teikoku Databank) បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី២៥ ខែសីហា ថា ក្រុមហ៊ុននាំចេញម្ហូបអាហាររបស់ប្រទេសជប៉ុន ជាង ៧០០ បានរងផលប៉ះពាល់ ដោយសារតែប្រទេសចិន បានសម្រេចផ្អាកនូវការនាំចូលម្ហូបអាហារសមុទ្រ មកពីប្រទេសជប៉ុន ក្រោយការបញ្ចេញទឹកសំណល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ។

អាជ្ញាធរក្រុងតូក្យូ បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ (ទី២៧ ខែសីហា) ថា ម្ហូបអាហារសមុទ្រ នាំចេញពីខេត្តនានារបស់ជប៉ុន មិនបានរកឃើញមានជាតិវិទ្យុសកម្មនោះឡើយ។ ផលិតផលអាហារសមុទ្រទាំងអស់ សុទ្ធតែមានសុវត្ថិភាព។
ដោយឡែក ប្រជាជនចិន បានសម្រុះទៅទិញអំបិលអស់ពីឃ្លាំងស្ដុ ដោយសារតែព្រួយបារម្ភ អំពីជាតិវិទ្យុសកម្ម ក្រោយពេលអាជ្ញាធរក្រុងតូក្យូ បានសម្រេចបង្ហូរទឹក ដែលបានបន្សាបជាតិវិទ្យុសកម្ម ចេញពីរោងចក្រហ៊្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ។ ទន្ទឹមគ្នានេះដែរ អាជ្ញាធរចិន ក៏បានណែនាំដល់ប្រជាជនរបស់ខ្លួន កុំឲ្យនាំគ្នាសម្រុកទៅទិញអំបិលរក្សាទុកដ៏ច្រើនបែបនេះ។
បើតាមរបាយការណ៍របស់ Teikoku Databank មានមូលដ្ឋាននៅទីក្រុងតូក្យូ បានឲ្យដឹង ថា បច្ចុប្បន្ន ប្រទេសជប៉ុន មានក្រុមហ៊ុនចំនួន៧២៧ បាននាំចូលផលិតផលម្ហូបអាហារ ទៅកាន់ប្រទេសចិន ដោយស្មើនឹងប្រហែល៨ភាគរយ នៃក្រុមហ៊ុនទាំងអស់របស់ជប៉ុន ដឹកជញ្ជូនទំនិញ ទៅកាន់ប្រទេសចិន។

សេចក្ដីរាយការណ៍ដដែលនោះ បានបន្ថែម ថា ក្រុមហ៊ុនជប៉ុន ចំនួន៣១៦ នាំចេញម្ហូបអាហារទៅកាន់ហុងកុង ខណៈដែនកោះមួយនេះ ក៏បានដាក់បម្រាម ដល់ការនាំចូលម្ហូបអាហារសមុទ្រ មកពីរាជធានី-ខេត្តចំនួន១០របស់ជប៉ុន ក្រោយការបញ្ចេញទឹក ដែលបានចម្រោះជាតិវិទ្យុសកម្ម ចេញពីរោងចក្រហ៊្វូគូស៊ីម៉ា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
លោក ចន លី (John Lee) មេដឹកនាំកោះហុងកុង បានបញ្ជាក់ ថា គាត់បានណែនាំដល់រដ្ឋាភិបាលរបស់គាត់ ឱ្យធ្វើសកម្មភាពភ្លាមៗ ដើម្បីការទប់ស្កាត់នូវការនាំចូលម្ហូមអាហារសមុទ្រមួយចំនួន មកពីប្រទេសជប៉ុន។
ការប្រកាសរបស់អាជ្ញាធរហុងកុង បានធ្វើឡើង ក្រោយពេលរដ្ឋបាលគយទូទៅ នៅក្នុងប្រទេសចិន បានគំរាម អំពីការហាមប្រាមដល់អាហារទាំងអស់ពីរាជធានី-ខេត្ត ចំនួន១០របស់ជប៉ុន រួមមាន រាជធានីតូក្យូ (Tokyo), ខេត្តហ៊្វូគូស៊ីម៉ា (Fukushima), ឆីបា (Chiba), តូឈីហ្គិ (Tochigi), អ៊ីប្រារ៉ាគិ (Ibaraki), ហ្គុនម៉ា (Gunma), មីយ៉ាហ្គិ (Miyagi), នីអ៊ិហ្កាតា (Niigata), ណាហ្កាណូ (Nagano) និង ខេត្ដសៃតាម៉ា (Saitama)។

លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន បានបញ្ជាក់ កាលពីថ្ងៃទី២២ ខែសីហា ថា «ខ្ញុំបានស្នើដល់ក្រុមហ៊ុន TEPCO (ថែបកូ) រៀបចំឱ្យបានឆាប់រហ័ស សម្រាប់ការបង្ហូរទឹកសំណល់ដែលបានចម្រោះសារធាតុវិទ្យុសកម្ម ស្របតាមផែនការ ត្រូវបានអនុម័ត ដោយអាជ្ញាធរគ្រប់គ្រងនុយក្លេអ៊ែរ និង រំពឹងថា ការបញ្ចេញទឹក នឹងចាប់ផ្តើម នៅថ្ងៃទី២៤ ខែសីហា ហើយលក្ខខណ្ឌអាកាសធាតុ ក៏នឹងអំណោយផលល្អ ផងដែរ»។
ប្រទេសជប៉ុន បានប្រកាស ថា ការបញ្ចេញទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលបានរងគ្រោះមហន្ដរាយ ដោយមហារលកយក្សស៊ូណាមិ គឺមានសុវត្ថិភាព។ ស្របគ្នានេះដែរ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលជាអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបំភ្លឺ អំពីផែនការនេះ កាលពីខែមុន ដោយបានបញ្ជាក់ ថា ទឹកចម្រោះនោះ បានបំពេញតាមស្តង់ដារអន្តរជាតិ ហើយថា ផលប៉ះពាល់របស់វា នឹងមកលើមនុស្ស និង បរិស្ថាន មានកម្រិតតិចតួចប៉ុណ្ណោះ៕ រក្សាសិទ្ធដោយ ៖ សារាយSN









