Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន បន្ដវាយប្រហារចូលជ្រៅទៅលើទឹកដីរុស្ស៊ី បំផ្លាញយន្ដហោះដឹកជញ្ជូន អ៊ីលយូស៊ីន ចំនួន ៤គ្រឿង

រដ្ឋធានីមូស្គូ៖ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កងទ័ពអ៊ុយក្រែន បានបង្កើនការវាយប្រហារ ដោយដ្រូន ចូលជ្រៅទៅលើទឹកដីរបស់រុស្ស៊ី ដោយបានកម្ទេចយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ Tu-22 ហើយឥឡូវនេះ ក៏មានសេចក្ដីរាយការណ៍ជាថ្មី អំពីការវាយប្រហារលើអាកាសយានដ្ឋានស្កូវ ដែលមានចម្ងាយ៨០០គីឡូម៉ែត្រពីព្រំដែន នៃប្រទេសមានជម្លោះនឹងគ្នាទាំង២នេះ ដោយបានបំផ្លាញយន្ដហោះដឹកជញ្ជូនដ៏ទំនើប Ilyushin Il-76 ជាច្រើនគ្រឿង។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC  បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៣០ ខែសីហា ថា បើតាមទីភ្នាក់ងារសារព័ត៌មាន Tass គ្រប់គ្រងដោយរដ្ឋរុស្ស៊ី បានដកស្រង់សេចក្ដីរាយការណ៍ផ្សេងៗ អះអាង ថា ការវាយប្រហារដោយដ្រូន ទៅលើអាកាសយានដ្ឋានស្កូវ បានបណ្ដាលឲ្យយន្ដហោះដឹកជញ្ជូនធុនធ្ងន់របស់រុស្ស៊ី ប្រភេទ Ilyushin Il-76 (អ៊ីលយូស៊ីន ២-៧៦) ចំនួន៤គ្រឿង បានរងការខូចខាត។

មន្រ្ដីក្នុងតំបន់ និង បណ្ដាញផ្សព្វផ្សាយរបស់រដ្ឋរុស្ស៊ី បានរាយការណ៍ ថា ដ្រូនមួយគ្រឿង បានវាយប្រហារ មកលើអាកាសយានដ្ឋានទីក្រុងស្កូវ (Pskov) នៅភាគខាងលិច នៃប្រទេសរុស្ស៊ី  ដោយមានទីតាំងនៅជិតព្រំដែន ជាប់ជាមួយនឹងព្រំដែនរបស់ប្រទេសឡាតវី (Latvia) និង អេស្ដូនី (Estonia)។  ការវាយប្រហារនោះ បង្កឲ្យមានសំឡេងបំផ្ទុះ លាន់ឮយ៉ាងខ្លាំង ហើយមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅឡើង។

បើតាមទីភ្នាក់ងារសារព័ត៌មាន Tass គ្រប់គ្រងដោយរុស្ស៊ី បានដកស្រង់ប្រភពពីក្រសួងសេវាសង្គ្រោះបន្ទាន់ អះអាង  កាលពីព្រឹក ថ្ងៃពុធ (ទី៣០ ខែសីហា) ថា យន្ដហោះដឹកជញ្ជូន ប្រភេទ Ilyushin Il-76 ចំនួន៤គ្រឿង ស្ថិតក្នុងអាកាសយានដ្ឋានស្កូវ ដែលមានចម្ងាយ៨០០គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន បានរងនូវការខូចខាត។

លោក មីខៃ វេឌ័រនីកូវ (Mikhail Vedernikov) ប្រធានតំបន់ស្កូវ បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា «ក្រសួងការពារជាតិរុស្ស៊ី កំពុងតែរារាំងដល់ការវាយលុកពីដ្រូនរបស់អ៊ុយក្រែន ដែលបានវាយប្រហារមកលើអាកាសយានដ្ឋានស្កូវ។ រីឯកម្រិតខូចខាត នៅក្នុងអាកាសយានដ្ឋាន ក៏កំពុងតែស្ថិតក្នុងការវាយតម្លៃ។ ប៉ុន្ដែការវាយប្រហារនេះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ»។

សេចក្ដីរាយការណ៍ នៅលើបណ្ដាញតេឡេក្រាម បានបញ្ជាក់ ថា ប្រព័ន្ធការពារប្រឆាំងនឹងយន្ដហោះរបស់រុស្ស៊ី កំពុងតែធ្វើសកម្មភាព នៅជុំវិញទីក្រុងរបស់រុស្ស៊ី ដែលនៅជិតព្រំដែននៃបណ្ដាប្រទេសអឺរ៉ុប មានដូចជា ឡាតវី និង អេស្ដូនី។

ក្រុមមន្រ្ដីយោធារុស្ស៊ី បានបញ្ជាក់ កាលពីព្រឹកថ្ងៃពុធ ថា កម្លាំងទាហានរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន នៅតំបន់ Bryansk (ព្រីយ៉ាន់ស្ក៍) នាភាគខាងត្បូង នៃប្រទេសរុស្ស៊ី ហើយនៅតំបន់អ័រឡូវ (Orlov) និង រីយ៉ាហ្សានកណ្តាល (Ryazan)។

លោក មីខៃ វេឌ័រនីកូវ ប្រធានតំបន់ បានថ្លែង ថា តំបន់ Pskov ធ្លាប់ទទួលរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក កាលពីចុងខែឧសភា ខណៈយន្តហោះគ្មានមនុស្សបើកបំពាក់ដោយអាវុធ ចំនួនពីរគ្រឿង បានវាយប្រហារបំផ្ទុះ នៅលើអគាររដ្ឋបាល នៃបំពង់បង្ហូរប្រេង បង្កឲ្យមានការខូចខាត។

នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ អ៊ុយក្រែន បានបង្កើននូវការវាយប្រហារ ចូលជ្រៅទៅលើទឹកដីរបស់រុស្ស៊ី ទាំងនៅក្នុងរដ្ឋធានីមូស្គូ និង តំបន់ផ្សេងៗទៀតរបស់ប្រទេសមហាអំណាចនុយក្លេអ៊ែរកំពូលរបស់ពិភពលោក ចំពេលមានការព្រមានពីរដ្ឋាភិបាលក្រុងកៀវ  ថា សង្រ្គាមនៅអ៊ុយក្រែន នឹងវិលត្រឡប់ទៅរកប្រទេសរុស្ស៊ី វិញហើយ។

ក្រុមមន្រ្ដីក្រុងកៀវ តែងតែរក្សានូវភាពស្ងៀមស្ងាត់ កម្រនឹងធ្វើអត្ថាធិប្បាយ ជុំវិញការវាយប្រហារ នៅលើទឹកដីរបស់រុស្ស៊ី។ ចំណែកការវាយប្រហារបង្កឲ្យខូចខាតដល់យន្ដហោះដឹកជញ្ជូនរបស់រុស្ស៊ី នៅក្នុងអាកាសយានដ្ឋានស្កូវ បានកើតឡើង ក្រោយការវាយប្រហារ ដោយដ្រូន កាលពីថ្ងៃទី២២ ខែសីហា ទៅលើយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ Tu-22 របស់រុស្ស៊ី នៅក្នុងមូលដ្ឋានទ័ពអាកាស Soltsy-2 ស្ថិតក្នុងសង្កាត់ Novgorod នាភាគពាយព្យ នៃប្រទេសរុស្ស៊ី ដែលមានចម្ងាយប្រហែល៦៥០គីឡូម៉ែត្រ ពីព្រំដែនជាមួយអ៊ុយក្រែន។

លោក គីរីឡូ ប៊ូដាណូវ (Kyrylo Budanov) ប្រធានទីភ្នាក់ងារចារកម្មរបស់អ៊ុយក្រែន បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយ កាលពីរាត្រី ថ្ងៃពុធ ទី២៣ ខែសីហា សម្រាប់សេវាវិទ្យុអឺរ៉ុបសេរី និង វិទ្យុសេរីភាពរបស់អ៊ុយក្រែន ថា «យន្ដហោះទម្លាក់គ្រាប់បែក ចំនួន២គ្រឿង ត្រូវបានកម្ទេច និង ២គ្រឿងផ្សេងទៀត រងការខូចខាត ខណៈយន្ដហោះទី៥ អាចនឹងរងផលប៉ះពាល់ នៅក្នុងការវាយប្រហារនោះ។ រីឯអ្នកវាយប្រហារ ដែលបានកម្ទេចយន្តហោះទាំងនោះ ក្លាយជាអ្នកបំពេញការងារជាក់លាក់ នៅលើទឹកដីរបស់រុស្ស៊ី»។

ដោយឡែក ក្រុមមន្ត្រីរុស្ស៊ី បានរាយការណ៍អំពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ប្រឆាំងនឹងអាកាសយានដ្ឋាន Soltsy កាលពីថ្ងៃទី១៩ ខែសីហា និង អាកាសយានដ្ឋាន Shaykovka (សាយកូវកា) ស្ថិតក្នុងតំបន់កាលូហ្កា (Kaluga) កាលពីថ្ងៃទី២១ ខែសីហា។  រីឯការវាយប្រហារនេះ បានធ្វើឲ្យយន្តហោះចម្បាំងមួយគ្រឿង រងការខូចខាត៕ រក្សាសិទ្ធដោយ ៖ សារាយSN

×