សៀមរាប ៖ ក្នុងកិច្ចប្រជុំអាជ្ញាធរជាតិ លើកទី២១ នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី (CWC) នៅក្នុងតំបន់អាស៊ី នាយឧត្ដមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានថ្លែងថា បណ្តាប្រទេសទាំងអស់ក្នុងសាកលលោកគួរតែចូលរួមលុបបំបាត់អាវុធគីមីឱ្យអស់។
អាជ្ញាធរជាតិអាវុធគីមី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាជ្ញាធរជាតិ លើកទី២១ នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី (C.W.C) ក្នុងតំបន់អាស៊ី ដែលធ្វើឡើងនៅសណ្ឋាគា អង្គរមីរ៉ាខល (Angkor Miracle) ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និង លោកស្រី បេតិ្រច ឡាហ៊ូប (BEATRIX LAHOUPE) ប្រធានផ្នែកគាំទ្រការអនុវត្តនៃអង្គការហាមឃាត់អាវុធគីមី (O.P.C.W) ព្រមទាំងមានចូលរួមពីបណ្ដាប្រទេសដែលជារដ្ឋភាគី ចំនួន ៣៣ ប្រទេស ហើយ កិច្ចប្រជុំនេះនឹងត្រូវបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣។

ថ្លែងបើកកិច្ចប្រជុំ នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា បានសម្ដែងការស្វាគមន៍ ចំពោះប្រធានប្រតិភូ និងគណៈប្រតិភូអាជ្ញាធរជាតិនៃរដ្ឋភាគីរបស់ អនុសញ្ញាអាវុធគីមី (CWC) នៅក្នុងតំបន់អាស៊ី និងសហការី ដែលបានមកចូលរួមកិច្ចប្រជុំអាជ្ញាធរជាតិ លើកទី២១ នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី (CWC) នៅក្នុងតំបន់អាស៊ី នៅខេត្តសៀមរាប ប្រទេសកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ថា វត្តមាននៃអាវុធគីមី គឺជាការគំរាមកំហែងដ៏ធំមួយដល់សន្តិសុខ និងសុវត្ថិភាព នៅក្នុងតំបន់ ក៏ដូចជាសាកលលោក។ ដូចច្នេះគ្រប់បណ្តាប្រទេសទាំងអស់ក្នុងសាកលលោកគួរតែចូលរួមលុប
បំបាត់អាវុធគីមីឱ្យអស់តាមរយៈកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធទាំងទ្វេភាគី និងពហុភាគី ក្រោមការដឹកនាំ និងសម្របសម្រួលដោយអង្គការហាមឃាត់អាវុធគីមី ហៅកាត់ថា O.P.C.W. ។

បើយោងតាមឯកសារប្រវត្តិសាស្រ្ត នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៨៧ អំឡុងសង្គ្រាមអ៊ីរ៉ង់-អ៊ីរ៉ាក់ របបដឹកនាំរបស់មេដឹកនាំអ៊ីរ៉ាក់នៅពេលនោះ គឺ លោក សាដាម ហ៊ូសេន បានទម្លាក់គ្រាប់បែកឧស្ម័ន ម៉ស្ដាដ (mustard) ទៅលើទីក្រុង សាដាស (Sardasht) ភាគឦសានរបស់ប្រទេសអ៊ីរ៉ង់ បណ្ដាលឱ្យមនុស្សស្លាប់ ១៣០នាក់ និងរបួស ៨០០០នាក់។
លោក អាមៀ អាប់ឌុលឡាហ៊ាន (Amir-Abdollahian) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានលើកឡើងថា មានភស្តុតាង “គួរឱ្យទុកចិត្ត និងឯកសារមិនអាចប្រកែកបាន” ដែលបញ្ជាក់ពីការចូលរួម “ជាក់ស្តែង និងទូលំទូលាយ” របស់រដ្ឋាភិបាលលោកខាងលិចមួយចំនួន ជាពិសេសប្រទេសអាល្លឺម៉ង់ បារាំង អង់គ្លេស ហូឡង់ និងសហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់អាវុធគីមី ដល់របបរបស់ លោក សាដាម ហ៊ូសេន និងជួយក្នុងការប្រើប្រាស់ប្រឆាំងនឹងអ៊ីរ៉ង់។
ថ្មីៗនេះ ទីក្រុងណាហ្គាសាគី កាលពីថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០២៣ បានប្រារព្ធខួបលើកទី ៧៨ឆ្នាំ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកលើទីក្រុងមួយនេះ និងទីក្រុងហ៊ីរ៉ូសុីម៉ា ប្រទេសជប៉ុន ហើយអភិបាលក្រុងដែលរងគ្រោះនៃគ្រាប់បែកបរមាណូ បានជំរុញឱ្យមហាអំណាចពិភពលោកលុបចោលអាវុធនុយក្លេអ៊ែរ ដែលវាបានបំផ្លាញជីវិតមនុស្ស និងពិភពលោកយ៉ាងសាហាវ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកបរមាណូដំបូងបង្អស់ ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ ដោយបានបំផ្លាញទីក្រុង និងសម្លាប់មនុស្ស ១៤ម៉ឺននាក់។ បន្ទាប់មកក៏បានវាយ ប្រហារ លើក ទី ពីរ នៅបី ថ្ងៃ ក្រោយ មក ទៅលើ ក្រុង ណាហ្គាសាគី បាន សម្លាប់ មនុស្ស ៧ម៉ឺននាក់ ទៀត។ ជប៉ុន បាន ចុះចាញ់សង្គ្រាម នៅ ថ្ងៃ ទី ១៥ ខែសីហា ឆ្នាំ១៩៤៥ ជា ថ្ងៃ ទី បញ្ចប់ នៃសង្គ្រាម ពិភពលោកលើកទី២ ដែលនេះជាការឆ្លុះបញ្ចាំងយ៉ាងជាក់ស្ដែងថា ការសាយភាយអាវុធគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ គឺពិតជាបានបំផ្លាញជីវិតមនុស្ស និងពិភពលោក ដ៏មហាប្រល័យយ៉ាងពិតប្រាកដ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN


























