សៀមរាប៖ វិស័យទេសចរណ៍ បានផ្ដល់នូវសារៈសំខាន់ដល់សេដ្ឋកិច្ចជាតិ និងត្រូវបានចាត់ទុកជាឧស្សាហកម្មគ្មានផ្សែង ដែលផ្តល់ប្រយោជន៍ជាច្រើន ដូចជាបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ ធ្វើឲ្យជីវភាពប្រជាជនមានភាពធូរស្រាល ទាក់ទាញវិនិយោគទុនបរទេស និងធ្វើឲ្យប្រទេសមានកេរិ៍ឈ្មោះ ល្បីល្បាយលើឆាកអន្ដរជាតិ។
វិស័យទេសចរណ៍ បានដាំក្បាលចុះយ៉ាងគំហុក ក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ១៩ ហើយបើទោះបីជាស្ថានភាពវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា បានងើបឡើងវិញគួរឲ្យកត់សម្គាល់ បន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩ ក៏ដោយ ប៉ុន្តែបច្ចុប្បន្ន ស្ថានភាពឧស្សាហកម្មទេសចរណ៍ មានសេវាកម្ម សណ្ឋាគារ ភោជនីយដ្ឋាន និងផ្ទះសំណាក់នៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់នោះ នៅតែជួបការលំបាក ហើយសណ្ឋាគារប្រហែលតែ ៦០% ប៉ុណ្ណោះ បានបើកដំណើរការឡើងវិញ ជាមួយការទទួលបានភ្ញៀវទេសចរតិចតួចនៅឡើយ។
ម្ចាស់សណ្ឋាគារមួយកន្លែងនៅខេត្តសៀបរាប បានប្រាប់បណ្តាញព័ត៌មានយើងឲ្យដឹងថា ចាប់តាំងពីការបើកប្រទេសឡើងវិញ ពីវិបត្តិកូវីដ១៩ នៅខេត្តសៀមរាប រហូតមកទល់ពេលនេះ មានសណ្ឋាគារ និងភោជនីយដ្ឋានប្រហែល ៦០%ប៉ុណ្ណោះ ដែលបើកទ្វារឡើងវិញ ប៉ុន្តែបើកដំណើរការឡើងវិញនេះ នៅតែទទួលបានភ្ញៀវតិចតួច បើធៀបនឹងមុនពេលវិបត្តិកូវីដ ដែលមានន័យថា អាជីវកម្មសណ្ឋាគារនៅតែមិនទាន់អាចរកប្រាក់ចំណេញ នៅឡើយ។
ម្ចាស់សណ្ឋាគាររូបនោះ បន្តថា ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិភាគច្រើនជាលក្ខណៈគ្រួសារ ដែលមកពីបណ្តាប្រទេសឆ្ងាយៗ ដូចជា អាមេរិក កាណាដា និងអឺរ៉ុប ខណៈភ្ញៀវក្នុងតំបន់ដែលធ្លាប់នាំមុខគេដូចជា ចិន កូរ៉េ និងជប៉ុន គឺមិនសូវមានដូចមុននោះទេ។ ហើយតាមការកត់សម្គាល់ឃើញថា ការចំណាយរបស់ភ្ញៀវទេសចរ ក៏មានការរឹតត្បិតជាងមុនផងដែរ ពោលគឺខុសគ្នាកាលពីមុនកូវីដ១៩។
គួរបញ្ជាក់ថា សណ្ឋាគារសរុបទាំងអស់ក្នុងខេត្តសៀមរាប មានចំនួន ២២០កន្លែង គឺស្មើនឹង ១៣.៤៦០បន្ទប់។ រីឯផ្ទះសំណាក់វិញ មានចំនួន ២៩៦កន្លែង ស្មើនឹង ៤.៨១១បន្ទប់។ ដោយឡែក ភោជនីយដ្ឋានមានចំនួន ១៧១កន្លែង មានមណ្ឌលកម្សាន្ត ១៧កន្លែង មានម៉ាស្សាសុខភាព ៥០កន្លែង និងិមានទីភ្នាក់ងារទេសចរណ៍ ចំនួន ២៩៦កន្លែងផងដែរ៕