រដ្ឋធានីប៊ែរឡាំង៖ សហភាពអឺរ៉ុប ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិក បាន និង កំពុងតែធ្វើសកម្មភាពដ៏ខ្លាំងក្លា ជួយដល់ប្រទេសអ៊ុយក្រែន តាមរយៈការហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់រុស្ស៊ី ប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទី ហើយឥឡូវ ប្រទេសអាល្លឺម៉ង់ ក៏កំពុងតែស៊ើបអង្កេត និង ចេញដីកាចាប់ខ្លួន ដល់ប្រធានក្រុមហ៊ុនមួយ ក្រោមការចោទប្រកាន់ ពីបទរំលោភបំពាន លើច្បាប់ទណ្ឌកម្ម ប្រឆាំងនឹងក្រុងមូស្គូ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ថា អគ្គរដ្ឋអាជ្ញាអាល្លឺម៉ង់ បានបញ្ជាក់ ថា តុលាការរបស់ប្រទេសមហាសេដ្ឋកិច្ចកំពូលនៅអឺរ៉ុបមួយនេះ បានចេញដីកាចាប់ខ្លួនប្រជាជនអាល្លឺម៉ង់ ដើមកំណើតរុស្ស៊ីម្នាក់ ដោយសារតែសង្ស័យ ថា គាត់បាននាំចេញគ្រឿងបន្លាស់ ដែលត្រូវបានប្រើប្រាស់ ដោយរុស្ស៊ី សម្រាប់ផលិតសម្ភារយោធា រួមទាំងយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន។
ជនសង័្សយ ត្រូវបានចោទប្រកាន់ ពីបទរំលោភបំពានលើច្បាប់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលបានដាក់ កាលពីអំឡុងឆ្នាំ២០១៤ ក្រោយពេលរដ្ឋាភិបាលក្រុងមូស្គូ បានដាក់បញ្ចូលឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន ជាទឹកដីរបស់ខ្លួន និង ទណ្ឌកម្មកាន់តែតឹងរ៉ឹងផ្សេងៗទៀត ក្រោយការលុកលុយទ្រង់ទ្រាយធំរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។

ទស្សនាវដ្ដីព័ត៌មានរបស់អាល្លឺម៉ង់ Der Spiegel (ដឺរ ស្ពៀហ្គែល) បានរាយការណ៍ ថា ក្រុមមន្រ្ដីស៊ើបអង្កេត នៅក្នុងប្រទេសអាល្លឺម៉ង់ កំពុងតែសង័្សយ ថា មានក្រុមហ៊ុនមួយ កំពុងតែលក់សម្ភារគ្រឿងអេឡិកត្រូនិក ត្រូវបានប្រើប្រាស់ សម្រាប់ដ្រូន Orlan-10 (អ័រឡាន-១០) របស់ប្រទេសរុស្ស៊ី។ ដ្រូន Orlan អាចជួយដល់កម្លាំងទាហានរុស្ស៊ី កំណត់គោលដៅវាយប្រហារដ៏ជាក់លាក់ ទៅលើកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន។ រីឯប្រធានក្រុមហ៊ុនមួយ មានមូលដ្ឋាននៅទីក្រុងសាអាព្រូកខេន ( Saarbruecken) ដែលបានកំណត់អត្ដសញ្ញាណ ឈ្មោះ Waldemar W (វ៉ាលដេម៉ា ដាប់ប៊ែល្យូ) ក៏ត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់នេះ៕រក្សាសិទ្ធដោយ ៖ សារាយSN




















