Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូណេស៊ី អូសកក្រុមជនឆបោកជនជាតិចិនជិត៩០នាក់ បោកបញ្ឆោតស្នេហ៍តាមអនឡាញ

រដ្ឋធានីហ្សាការតា៖ អាជ្ញាធរឥណ្ឌូណេស៊ី បានក្របួចកក្រុមជនឆបោក ជាជនជាតិចិន ជិត៩០នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់ល្បិចដ៏ស្មោគគ្រោក បោកបញ្ឆោតជនជាតិចិនដូចគ្នា នៅក្នុងប្រទេសចិន តាមរយៈស្រីស្អាត រហូតធ្វើឲ្យជនរងគ្រោះលង់ខ្លួន ចាញ់នូវកលល្បិចដ៏អាក្រក់ ហើយព្រមថតរូបរួមភេទ តាមការហៅវីដេអូ ហើយគំរាមយកលុយ ។

សារព័ត៌មានThe Star បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ថា ប៉ូលិសឥណ្ឌូណេស៊ី បានអះអាង កាលពីថ្ងៃពុធ (ទី៣០ ខែសីហា) ថា ប៉ូលិស បានចាប់ខ្លួនជនឆបោក ជាំជនជាតិចិន ជិត៩០នាក់ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ព្រោះតែពួកគេជាប់ពាក់ព័ន្ធនឹងការសង័្សយ អំពីការរៀបចំក្រុមឆបោក លួងលោមបុរសជនជាតិ នៅក្នុងប្រទេសចិន តាមបណ្ដាញអ៊ិនធើរណេត ដោយបានអន្ទងល្បួងជនរងគ្រោះ រាប់រយនាក់។ ដោយសារតែសំអាងលើសេចក្ដីរាយការណ៍របស់សមត្ថកិច្ចចិន ទើបប៉ូលិសឥណ្ឌូណេស៊ី បានចាប់ខ្លួនក្រុមជនឆបោក ជាជនជាតិចិន សរុប ៨៨នាក់ ហើយក្នុងនោះមានបុរសចំនួន៨៣នាក់ និង ស្ដ្រីចំនួន៥នាក់។

ការចាប់ខ្លួនក្រុមជនឆបោកទាំងនេះ បានធ្វើឡើង នៅក្នុងសួនឧស្សាហកម្មមួយកន្លែង ស្ថិតក្នុងទីក្រុងបាតាម (Batam) ខេត្តកោះរីយ៉ាវ (Riau) ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអង្គារ (ទី២៩ ខែសីហា)។ ក្រុមជនសង័្សយ បានបោកបញ្ឆោតលុយពីជនរងគ្រោះ រាប់រយនាក់ នៅក្នុងប្រទេសចិន ដែលពួកគេ ភាគច្រើន ជាមន្រ្ដីរដ្ឋការសាធារណៈ។

លោក ហ្សាសវ៉ានី ប៉ាន់ដ្រា អាស្សាដ (Zahwani Pandra Arsyad) អ្នកនាំពាក្យ ប៉ូលិសខេត្ដកោះរីយ៉ាវ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP កាលពីថ្ងៃពុធ (ទី៣០ ខែសីហា) ថា «ឥឡូវ យើងកំពុងតែបន្ដស៊ើបអង្កេត ថាតើមានជនជាតិឥណ្ឌូណេស៊ី ណាម្នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះទាំងនោះដែរឬទេ។ ប្រសិនបើមិនមានការជាប់ពាក់ព័ន្ធនឹងជនជាតិឥណ្ឌូណេស៊ី គឺជនឆបោកទាំងអស់នោះ នឹងត្រូវនិរទេស ចេញពីប្រទេសអាស៊ានមួយនេះ បញ្ជូនទៅកាន់ប្រទេសចិន វិញភ្លាមៗ»។

ប៉ូលិសឥណ្ឌាណេស៊ី បានបន្ដ ថា ក្រុមជនឆបោក ជាជនជាតិចិនទាំងនេះ បានរងការចោទប្រកាន់ អំពីការប្រើប្រាស់ល្បិច បោកបញ្ឆោត ប្រកបដោយអារម្មណ៍រោលរាលដល់ជនរងគ្រោះ នៅក្នុងអំឡុងការហៅជាវីដេអូនោះ។ រីឯស្រ្ដីឆបោក ជាជនជាតិចិនទាំង៥នាក់នោះ ក៏បានរងនូវការចោទប្រកាន់ អំពីការល្បួងជនរងគ្រោះ ដោយធ្វើសកម្មភាពរួមភេទ នៅក្នុងអំឡុងការហៅទូរស័ព្ទ ដោយមានជនសង័្សយផ្សេងៗទៀត ដែលជាក្រុមរបស់ខ្លួន រង់ចាំថតវីដេអូ អំពីសកម្មភាពរបស់ជនរងគ្រោះទាំងនោះ។

ក្រុមជនសង័្សយ ជាជនជាតិចិនទាំងនោះ បានរងការចោទប្រកាន់ អំពីការជំរិតទារលុយពីជនរងគ្រោះ តាមរយៈការគំរាមកំហែង អំពីការបញ្ចេញវីដេអូ នៃសកម្មភាពរួមភេទរបស់ជនរងគ្រោះ នៅលើបណ្ដាញសង្គម ប្រសិនបើជនរងគ្រោះ មិនព្រមផ្ញើ ឬ វេរលុយ មកឲ្យពួកគេ។ បើទោះជាយ៉ាងណា អាជ្ញាធរឥណ្ឌូណេស៊ី នៅមិនទាន់ដឹងច្បាស់ ថាតើក្រុមជនឆបោកទាំងនេះ បានធ្វើសកម្មភាពបែបនេះ អស់រយៈពេលប៉ុន្មានថ្ងៃ ខែ ឬឆ្នាំមកហើយនោះឡើយ ហើយក៏មិនបានដឹង ថា តើក្រុមជនខិលខូចទាំងនេះ បានប្រមូលលុយ បានចំនួនប៉ុន្មាននោះដែរ។

ប៉ូលិសឥណ្ឌូណេស៊ី កាលពីពេលកន្លងមក បានអះអាង ថា ក្រុមជនឆបោកជាច្រើន តែងតែផ្លាស់ប្ដូកន្លែងស្នាក់នៅ មកកាន់ប្រទេសឥណ្ឌូនេស៊ី និង បណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗទៀត ក្រោយពេលអាជ្ញាធរចិន បានបង្ក្រាបបណ្តាញរបស់ពួកគេ នៅក្នុងប្រទេស។

ប្រទេសឥណ្ឌូណេស៊ី ក៏ធ្លាប់ចាប់ខ្លួនជនជាតិចិន ចំនួន៨៥នាក់ និង ជនជាតិឥណ្ឌូនេស៊ី ចំនួន៦នាក់ កាលពីអំឡុងឆ្នាំ២០១៩ ដោយសារតែពួកគេ មានការជាប់ពាក់ព័ន្ធនឹងករណីឆបោក តាមបណ្ដាញអ៊ិនធើរណេត ដោយបានបោកបញ្ឆោតជនរងគ្រោះ អស់លុយរាប់លានដុល្លារអាមេរិក៕ រក្សាសិទ្ធដោយ ៖ សារាយSN

×