Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតអាមេរិក យកត្រីពីតំបន់រោងចក្រថាមពលនុយក្លេអ៊ែរជប៉ុន មកជប់លៀងបញ្ជាក់អំពីកម្រិតសុវត្ថិភាព

រាជធានីតូក្យូ៖ ក្រោយពេលប្រធានាធិបតីកូរ៉េខាងត្បូង បានទទួលទានម្ហូបអាហារសមុទ្រ រួចមក ប្រេសិតរបស់សហរដ្ឋអាមេរិក បានយកត្រី មកពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ដើម្បីបង្ហាញ អំពីកម្រិតសុវត្ថិភាព ហើយបានរិះគន់ដល់បម្រាមរបស់ចិន រារាំងដល់ការនាំចូលម្ហូបអាហារសមុទ្រ មកពីខេត្តចំនួន១០របស់ជប៉ុន។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍ Channel News Asia មានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១ ខែកញ្ញា ថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ (ទី៣១ ខែសីហា) បានយកត្រី ចេញពីតំបន់ហ៊្វូគូស៊ីម៉ា (Fukushima) មករៀបចំពិធីជប់លៀងមួយ ដោយបង្ហាញអំពីកម្រិតសុវត្ថិភាព ពាក់ព័ន្ធនឹងទឹកបញ្ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា។

ប្រេសិតសហរដ្ឋអាមេរិក រូបនេះ បានអះអាង ថា ទឹកបង្ហូរចេញពីរោងចក្រថាមពលនុយក្លេអែរ ដែលរងគ្រោះមហន្ដរាយ ពីមហារលកយក្សស៊ូណាមិ ត្រូវបានបន្សាបជាតិវិទ្យុសកម្មរួចរាល់ហើយ និង មានសុវត្ថិភាពល្អជាងទឹកបង្ហូរ ចេញពីរោងចក្រនានា នៅក្នុងប្រទេសចិន។

ប្រទេសចិន  កាលពីសប្តាហ៍មុន បានហាមឃាត់ដល់ការនាំចូលម្ហូបអាហារសមុទ្រទាំងអស់  ចេញមកពីប្រទេសជប៉ុន ក្រោយពេរដ្ឋាភិបាលក្រុងតូក្យូ បានចាប់ផ្តើមបញ្ចេញទឹកសំណល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី២៤ ខែសីហា។ ប៉ុន្ដែសកម្មភាពបែបនេះ ត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំង ចោទប្រកាន់ដល់ក្រុងតូក្យូ ថា ជប៉ុន កំពុងតែចាត់ទុកមហាសមុទ្រប៉ាស៊ីហ្វិក ក្លាយជា «លូបង្ហូរទឹកសំណល់»។

លោក រ៉ាម អេម៉ាញូល (Rahm Emanuel) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសជប៉ុន បានថ្លែង នៅក្នុងអំឡុងទៅពិនិត្យមើលតំបន់រោងចក្រនុយក្លេអ៊ែរ ដែលត្រូវបានបំផ្លិចបំផ្លាញ នៅក្នុងអំឡុងឆ្នាំ២០១១ ថា « ជប៉ុនបានធ្វើរឿងត្រឹមត្រូវ តាមវិធីសាស្រ្ដដ៏ល្អ អស់រយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ជប៉ុន បានបង្ហាញនូវភាពហ្មត់ចត់ខាងវិទ្យាសាស្រ្ដអន្ដរជាតិ តម្លាភាព និង ការអញ្ជើញសហគមន៍អន្ដរជាតិ មកតាមដានមើលដំណើរការរបស់ខ្លួន បន្សាបទឹកនៅក្នុងរោងចក្រនោះ។ ទឹកដែលបានបង្ហូរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា គឺមានសុវត្ថិភាពល្អប្រសើរជាងទឹក ត្រូវបានបញ្ចេញពីរោងចក្រចំនួន៤ នៅក្នុងប្រទេសចិន  បង្ហូរចូលទៅក្នុងមហាសមុទ្រ ដោយមិនបានចម្រោះឲ្យបានល្អជាមុន។

បើតាមក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូ ហៅកាត់ TEPCO បានឲ្យដឹង ថា ទឹកដែលត្រូវបានបង្ហូរ ចេញពីរោងចក្រនុយថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ត្រូវបានបន្សាប ឬ ចម្រោះជាតិវិទ្យុសកម្មទាំងអស់ លើកលែងតែសារធាតុទ្រីធៀម (Tritium)។ រីឯកម្រិត Tritium ក៏ស្ថិតនៅក្នុងដែនកំណត់សុវត្ថិភាព និង ទាបជាងការបញ្ចេញពីស្ថានីយថាមពលនុយក្លេអ៊ែរ នៅក្នុងប្រតិបត្តិការធម្មតារបស់រោងចក្រនេះ រួមទាំង រោងចក្រនៅក្នុងប្រទេសចិន ផងដែរ។

អាជ្ញាធរក្រុងតូក្យូ បានបញ្ជាក់ កាលពីថ្ងៃទី២៧ ខែសីហា ថា ម្ហូបអាហារសមុទ្រ នាំចេញពីខេត្តនានារបស់ជប៉ុន រកមិនឃើញមានជាតិវិទ្យុសកម្មនោះឡើយ។ ផលិតផលអាហារសមុទ្រទាំងអស់ សុទ្ធតែមានសុវត្ថិភាព។

ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ ថា លោកប្រធានាធិបតី យូន ស៊ុក-យូល (Yoon Suk-yeol) កាលពីថ្ងៃទី២៨ ខែសីហា បានទទួលទានម្ហូបអាហារសមុទ្រ សម្រាប់អាហារថ្ងៃត្រង់របស់គាត់ ។ សកម្មភាពរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង ចង់បង្ហាញអំពីចំណីអាហារសមុទ្រក្នុងស្រុកទាំងអស់នោះ មានសុវត្ថិភាព។

ដោយឡែក អាជ្ញាធរហុងកុង បានហាមឃាត់នូវការនាំចូលម្ហូបអាហារសមុទ្រមកពីប្រទេសជប៉ុន  ក្រោយពេលរដ្ឋបាលគយ នៅក្នុងប្រទេសចិន បានហាមប្រាមដល់ការនាំចូលម្ហូបអាហារទាំងអស់ មកពីរាជធានី-ខេត្ត ចំនួន១០របស់ជប៉ុន រួមមាន រាជធានីតូក្យូ (Tokyo), ខេត្តហ៊្វូគូស៊ីម៉ា (Fukushima), ឆីបា (Chiba), តូឈីហ្គិ (Tochigi), អ៊ីប្រារ៉ាគិ (Ibaraki), ហ្គុនម៉ា (Gunma), មីយ៉ាហ្គិ (Miyagi), នីអ៊ិហ្កាតា (Niigata), ណាហ្កាណូ (Nagano) និង ខេត្ដសៃតាម៉ា (Saitama)។

ប្រទេសជប៉ុន បានប្រកាស ថា ការបញ្ចេញទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលបានរងគ្រោះមហន្ដរាយ ដោយមហារលកយក្សស៊ូណាមិ គឺមានសុវត្ថិភាព។ ទន្ទឹមនេះដែរ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលជាអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបំភ្លឺ អំពីផែនការនេះ កាលពីខែមុន ដោយបានបញ្ជាក់ ថា ទឹកចម្រោះនោះ បានបំពេញតាមស្តង់ដារអន្តរជាតិ ហើយថា ផលប៉ះពាល់របស់វា នឹងមកលើមនុស្ស និង បរិស្ថាន មានកម្រិតតិចតួចប៉ុណ្ណោះ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×