Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតនាយករដ្ឋមន្រ្ដី ដ៏មានឥទ្ធិពល របស់ប្រទេសថៃ ស្នើសុំព្រះរាជទាន លើកលែងទោស

រាជធានីបាងកក៖ ក្រោយពេលវិលត្រឡប់ មកដល់ប្រទេសកំណើតវិញ បន្ទាប់ពីបានរស់នៅនិរទេសខ្លួន ដោយខ្លួនឯង អស់រយៈពេល១៥ឆ្នាំ ចាប់តាំងពីពួកយោធា បានធ្វើរដ្ឋប្រហារបណ្ដេញចេញពីអំណាច កាលពីអំឡុងឆ្នាំ២០០៦ រហូតមក ឥឡូវនេះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្ដីថៃ បានស្នើសុំព្រះរាជទាន លើកលែងទោស ពីព្រះមហាក្សត្រ ខណៈគាត់កំពុងតែស្ថិតក្នុងពន្ធនាគារ។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១ ខែកញ្ញា ថា រដ្ឋមន្រ្ដីថៃមួយរូប បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ (ទី៣១ ខែសីហា) ថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងតែជាប់ពន្ធនាគារ បានស្នើសុំព្រះរាជទាន លើកលែងទោស ពីព្រះមហាក្សត្រ ដោយសារតែមានពាក្យចចាមអារ៉ាម ជុំវិញកិច្ចព្រមព្រៀង នៅពីក្រោយបញ្ហានេះ។

លោកមហាសេដ្ឋី វ័យ៧៤ឆ្នាំ ធ្លាប់ជាប់ឆ្នោត ជានាយករដ្ឋមន្ត្រីថៃ ចំនួន២លើក ហើយត្រូវបានបណ្តេញចេញពីអំណាច ដោយអំពើរដ្ឋប្រហារយោធា នាអំឡុងឆ្នាំ២០០៦។ ប៉ុន្ដែកាលពីសប្ដាហ៍មុន គាត់ត្រូវបានបញ្ជូនទៅពន្ធនាគារ បន្ទាប់ពីគាត់បានវិលត្រឡប់ មកកាន់ប្រទេសកំណើតវិញ ក្រោយការនិរទេសខ្លួន ដោយខ្លួនឯង អស់រយៈពេល១៥ឆ្នាំមក។

ការវិលត្រឡប់មកកាន់ប្រទេសកំណើតរបស់លោក ថាក់ស៊ីន បានកើតឡើង ស្របពេលគណបក្សភឿថៃរបស់គាត់ បានវិលត្រឡប់មកដឹកនាំរដ្ឋាភិបាលឡើងវិញ នៅក្នុងសម្ពន្ធភាពគណបក្សចម្រុះ ភាគច្រើន គាំទ្រដោយពួកយោធា។ សកម្មភាពបែបនេះ បាននាំឱ្យមានការរំពឹងទុកយ៉ាងទូលំទូលាយ ថា ពិតជាមានកិច្ចព្រមព្រៀងណាមួយមួយ សម្រាប់កាត់បន្ថយពេលវេលាជាប់ពន្ធនាគាររបស់លោក ថាក់ស៊ីន។

លោក វីសសានូ ក្រាង៉ាម (Wissanu Krea-ngam) រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ចាំផ្ទះ បានបញ្ជាក់ ថា «លោក ថាក់ស៊ីន បានដាក់ពាក្យស្នើសុំព្រះរាជទានលើកលែងទោស ពីការជាប់ពន្ធនាគារ រយៈពេល៨ឆ្នាំ ស្របពេលគាត់កំពុងតែជាប់ទោស ពីបទពុករលួយ និង ការរំលោភបំពានអំណាច។ យើងក៏បានទទួលសំណើសុំការលើកលែងទោសនេះរួចមកហើយដែរ ប៉ុន្ដែទោសទណ្ឌដែលនៅសេសសល់ នឹងចាត់ការបន្ដតាមនីតិវិធី»។

លោករដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ បានឆ្លើយតប ជុំវិញនឹងសំណួរ អំពីពេលវេលា ត្រូវចំណាយលើការលើកលែងទោសនោះ ថា «ករណីនេះ អាស្រ័យទៅលើព្រះមហាក្សត្រសុទ្ធសាធ ហើយនីតិវិធីពីរដ្ឋាភិបាល នឹងមិនយូរប៉ុន្មាននោះឡើយ។ ប៉ុន្តែការលើកលែងទោសនេះ នឹងអាស្រ័យទៅលើរយៈពេល សម្រាប់ព្រះរាជតម្រឹះរបស់ព្រះមហាក្សត្រ»។

បើតាមច្បាប់ថៃ អ្នកទោសអាចដាក់ពាក្យសុំនូវការលើកលែងទោស ហើយត្រូវបានយល់ព្រមពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តាមរយៈនាយករដ្ឋមន្ត្រី បញ្ជូនទៅកាន់ក្រុមប្រឹក្សាព្រះមហាក្សត្រ នៅមុនពេលថ្វាយដល់ព្រះមហាក្សត្រថៃ ម៉ាហា វីជីរ៉ាឡុងកន (Maha Vajiralongkorn) សម្រេចព្រះទ័យ ព្រះរាជទាន លើកលែងទោស៕រក្សាសិទ្ធដោយ ៖ សារាយSN

×