រដ្ឋធានីមូស្គូ៖ ក្រុមមន្រ្ដីជាន់ខ្ពស់របស់រុស្ស៊ី តែងតែប្រើប្រាស់សង្គ្រាមវោហារសាស្រ្ដ អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និង មីស៊ីលផ្លោងអន្ដរទ្វីបជាញឹកញាប់ ចាប់តាំងពីលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានបញ្ជាដល់កម្លាំងទាហានរបស់គាត់ ឲ្យបើកទ្វារព្រំដែន វាយលុកចូលទឹកដីរបស់អ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយឥឡូវ ក៏កំពុងតែបន្ដគំរាមកំហែងបែបនេះបន្ថែមទៀត ខណៈកម្លាំងយោធារបស់ក្រុងមូស្គូ ហាក់បីដូចជាកំពុងតែទន់ដៃ ក្រោមការវាយលុកពីកងទ័ពអ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី RIA បានរាយការណ៍ ថា លោកប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos (រ៉ូស្កូស្មូស) បានអះអាង កាលពីថ្ងៃសុក្រ (ទី១ ខែកញ្ញា) ថា មីស៊ីលផ្លោងអន្តរទ្វីប Sarmat (សាម៉ាត) របស់ប្រទេសរុស្ស៊ី មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ចាប់ពីចំនួនដប់ឡើងទៅ នឹងត្រូវដាក់ឱ្យបំពេញកាតព្វកិច្ចប្រយុទ្ធ។
លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានអួតអាង កាលពីខែមិថុនា ថា មីស៊ីលអន្ដរទ្វីបសាម៉ាត នឹងត្រូវដាក់ពង្រាយ សម្រាប់ប្រយុទ្ធ នៅក្នុងពេលដ៏ឆាប់ៗនេះ។
រុស្ស៊ី បានបាញ់សាកល្បងមីស៊ីលផ្លោងអន្ដរទ្វីបសាម៉ាត កាលពីឆ្នាំ២០២២ ហើយវាជាអ្វីដែលលោក ពូទីន បានគំរាម ថា ក្រុងមូស្គូ នឹងផ្តល់នូវអ្វីមួយ សម្រាប់សត្រូវរបស់រុស្ស៊ី ត្រូវតែគិតពិចារណាជាមុន។

លោកប្រធានាធិបតី ពូទីន បានបញ្ជាក់ នៅពេលនោះ ថា «សព្វាវុធដ៏ទំនើប ប្រភេទនេះ មានលក្ខណៈយុទ្ធសាស្ត្រ និង បច្ចេកទេសខ្ពស់បំផុត ហើយវាមានសមត្ថភាព យកឈ្នះគ្រប់មធ្យោបាយទំនើបៗ ប្រឆាំងនឹងប្រព័ន្ធការពារមីស៊ីល។ អាវុធដ៏ពិសេសបែបនេះ នឹងពង្រឹងសក្ដានុពលប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធរបស់យើង ដើម្បីធានាឲ្យបាននូវសុវត្ថិភាព សម្រាប់រុស្ស៊ី បញ្ចៀសនូវការគំរាមកំហែង មកពីខាងក្រៅ និង ផ្តល់នូវការគិតពិចារណាឡើងវិញ សម្រាប់អ្នកដែលកំពុងតែស្ថិតក្នុងសង្គ្រាមវោហារសាស្ត្រ ឈ្លានពាន និង ព្យាយាមគំរាមកំហែង មកលើប្រទេសរបស់យើង»៕រក្សាសិទ្ធដោយ ៖ សារាយSN









