Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា ប្រើប្រាស់មន្រ្ដីសន្ដិសុខ ចំនួន ១៣ម៉ឺននាក់ ប្រឆាំងដ្រូន ការពារកិច្ចប្រជុំកំពូល G20

រដ្ឋធានីញូវដេលី៖ ជាមួយនឹងបច្ចេកវិទ្យាយន្ដហោះគ្មានមនុស្សបើក ឬ ដ្រូន កំពុងតែរីកចម្រើនយ៉ាងខ្លាំង ហើយវាក្លាយជាអាវុធដ៏សំខាន់ សម្រាប់វាយប្រហារតាមអាកាសផងនោះ ទើបអាជ្ញាធរ នៃប្រទេសនីមួយៗ មានការប្រយ័ត្នប្រយែងយ៉ាងខ្លាំងបំផុត ដើម្បីការពារសន្ដិសុខដល់ថ្នាក់ដឹកនាំ ហើយឥឡូវនេះ រដ្ឋាភិបាលក្រុងញូវដេលី កំពុងតែដាក់ពង្រាយកម្លាំងសន្ដិសុខ ប្រឆាំងនឹងដ្រូន ប្រហែល១៣ម៉ឺននាក់ សម្រាប់ការពារដល់មេដឹកនាំមហាអំណាចរបស់ពិភលោក នៅក្នុងកិច្ចប្រជុំកំពូល G20 នៅឥណ្ឌា នាខែនេះ។

គេហទំព័របណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី២ ខែកញ្ញា ថា មន្រ្ដីសន្ដិសុខ ប្រហែល១៣ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយ ស្របពេលឥណ្ឌា កំពុងតែធ្វើជាម្ចាស់ផ្ទះ រៀបចំទទួលមេដឹកនាំមហាអំណាចរបស់ពិភពលោក អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូល នៅក្នុងរដ្ឋធានីញូវដេលី នាខែកញ្ញានេះ។

កិច្ចប្រជុំកំពូលរបស់ប្រទេសអ្នកមានសេដ្ឋកិច្ចជឿនលឿន G20 មានរយៈពេល២ថ្ងៃ នឹងត្រូវចាប់ផ្ដើម នៅថ្ងៃទី៩ ខែកញ្ញា ដោយមានឥស្សរជនជាន់ខ្ពស់បំផុត ដែលត្រូវឥណ្ឌា ទទួលស្វាគមន៍ រួមមាន លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក, លោក រីស៊ី ស៊ូណាក់(Rishi Sunak) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស និង រាជទាយានរបស់អារ៉ាប៊ីសាអូឌី ព្រះអង្គម្ចាស់ ម៉ូហាមមេដ ប៊ីន សាលម៉ាន់ (Mohammed Bin Salman)។

បើទោះជាយ៉ាងណា ប្រភពនានាពីក្រុងញូវដេលី និង ក្រុងប៉េកាំង បានអះអាង ថា លោក ស៊ី ចិនពីង ប្រធានាធិបតីចិន ទំនងជានឹងមិនចូលរួមកិច្ចប្រជុំនេះទេ។ ដោយឡែក មេដឹកនាំជាច្រើនទៀត រួមមាន ជប៉ុន អូស្រ្ដាលី បារាំង និង អាល្លឺម៉ង់ ក៏ស្ថិតក្នុងចំណោមមេដឹកនាំ ដែលត្រូវគេរំពឹង ថា នឹងចូលរួមកិច្ចប្រជុំកំពូលនេះ។ ចំណែក លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលកំពុងតែប្រឈមមុខនឹងការរិះគន់ ពីលោកខាងលិច ជុំវិញសង្គ្រាម នៅអ៊ុយក្រែន នឹងបញ្ជូនតំណាងរបស់គាត់ គឺលោក ស៊ើរហ្គេ ឡាវរ៉ូវ (Sergei Lavrov) រដ្ឋមន្រ្ដី ក្រសួងការបរទេស។

ជាមួយគ្នានេះដែរ ប្រមុខអង្គការសហប្រជាជាតិ មូលនិធិរូបិយប័ណ្ណអន្ដរជាតិ ធនាគារពិភពលោក អង្គការពាណិជ្ជកម្មពិភពលោក និង អង្គការសុខភាពពិភពលោក ក៏នឹងមានវត្ដមាន នៅក្នុងប្រជុំកំពូល G20 នេះផងដែរ៕រក្សាសិទ្ធដោយ ៖ សារាយSN

×