រដ្ឋធានីមូស្គូ៖ បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC បានរកឃើញ ថា ក្រុមអ្នកមានឥទ្ធិពលគាំទ្រដល់សង្គ្រាមរបស់រុស្ស៊ី នៅលើទឹកដីរបស់អ៊ុយក្រែន កំពុងតែប្រមូលយ៉ាងច្រើន នៅតាមបណ្ដាញសង្គម តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម។
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី២ ខែកញ្ញា ថា ក្រុមអ្នកមានឥទ្ធិពលរបស់រុស្ស៊ី បានផ្សព្វផ្សាយពាណិជ្ជកម្ម សម្រាប់ប្រមូលលុយតាមប្រព័ន្ធអេឡិកត្រូនិក ជាមួយនឹងការផ្សព្វផ្សាយ អំពីវីដេអូដ៏គួរឱ្យភ័យខ្លាច ពាក់ព័ន្ធនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន និងការអះអាងមិនមែនជាការពិត អំពីលោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ( Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន។

អ្នកសរសេរប្លុកហ្គ័រដ៏ល្បី នោក្នុងប្រទេសរុស្ស៊ី ដែលស្គាល់ ថា Z-Bloggers ដោយសារតែការគាំទ្ររបស់ពួកគេ សម្រាប់សង្គ្រាម ដែលជារឿយៗ ប្រើប្រាស់និមិត្ដសញ្ញាជាអក្សរ «Z» ហើយពួកគេតែងតែបង្កប់ខ្លួននៅជាមួយកងទ័ពរុស្ស៊ី ហើយបានបង្ហោះវីដេអូពីសមរភូមិ ខណៈពួកគេបានអំពាវនាវដល់យុវជនរុស្ស៊ី ឲ្យចូលរួម។
ចាប់តាំងពីរុស្ស៊ី បានឈ្លានពានទ្រង់ទ្រាយធំ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នោះមក ក្រុមអ្នកមានឥទ្ធិពលគាំទ្រដល់សង្គ្រាមរបស់ក្រុមមូស្គូ បានទទួល Follower រាប់លាន នៅលើបណ្ដាញសង្គមតេឡេក្រាម និង បណ្ដាញសង្គមផ្សេងៗទៀត ដែលប្រជាជនរុស្ស៊ីជាច្រើន បានស្វែងរកមើល បន្ទាប់ពីលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានហាមឃាត់នូវការប្រើប្រាស់បណ្ដាញសង្គមរបស់លោកខាងលិច រួមមាន Instagram, Facebook និង Twitter។

ការផ្ទុះឡើងរបស់អ្នកប្រើប្រាស់ បាននាំឲ្យមានសន្ទុះយ៉ាងខ្លាំង នៅក្នុងទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើបណ្ដាសង្គមតេឡេក្រាម។ ស្របគ្នានេះ អ្នកមានឥទ្ធិពលផ្សព្វផ្សាយ អំពីសង្គ្រាមទាំងនោះ បានចាប់យកឱកាសនេះ លក់កន្លែងផ្សព្វផ្សាយពាណិជ្ជកម្ម សម្រាប់ក្រុមហ៊ុនជាច្រើនទៀត កំពុងតែសម្លឹងមើលអ្នកទស្សនាក្មេងៗ។
លោក អាឡិកសានដឺរ កូតស៍ (Alexander Kots) ជាអ្នកកាសែតរុស្ស៊ី បានអះអាង ថា ការផ្សព្វផ្សាយពាណិជ្ជកម្ម នឹងត្រូវចំណាយ ចន្លោះពី ៤៨ ០០០ទៅ៧0 000រូប្ល៍ (លុយរុស្ស៊ី) ឬស្មើនឹងប្រហែល៥០០ដុល្លារ ទៅជាង៧០០ដុល្លារអាមេរិក នៅក្នុងមួយផ្សព្វផ្សាយនៅលើបណ្ដាញសង្គមរបស់គាត់ម្ដង។ ចំនួនលុយ អាស្រ័យលើរយៈពេលផ្សាយពាណិជ្ជកម្ម ត្រូវរក្សាទុក នៅផ្នែកខាងលើព័ត៌មាន នៅតាមបណ្ដាញ Telegram របស់គាត់៕ រក្សាសិទ្ធដោយ ៖ សារាយSN












