Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានចារកម្មអ៊ុយក្រែន ប្រាប់ពីការវាយប្រហារបំផ្លាញយន្ដហោះយោធាជាច្រើនគ្រឿង នៅលើទឹកដីរុស្ស៊ី

រដ្ឋធានីកៀវ៖ ក្រុមមន្រ្ដីរបស់រដ្ឋាភិបាលក្រុងកៀវ តែងតែរក្សានូវភាពស្ងប់ស្ងាត់ ពាក់ព័ន្ធនឹងវាយប្រហារ ចូលជ្រៅទៅលើទឹកដីរបស់រុស្ស៊ី ប៉ុន្ដែឥឡូវនេះ ប្រធានចារកម្មយោធារបស់អ៊ុយក្រែន បានទម្លាយអំពីវិធីសាស្រ្ដ វាយប្រហារដោយដ្រូន ទៅលើអាកាសយានដ្ឋានស្កូវ ដោយបានបំផ្លាញយន្ដហោះដឹកជញ្ជូនយោធាធុនធ្ងន់ ចំនួន៤គ្រឿង។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី២ ខែកញ្ញា ថា លោក គីរីឡូ ប៊ូដាណូវ (Kyrylo Budanov) ប្រធានចារកម្ម នៃក្រសួងការពារជាតិអ៊ុយក្រែន បានអះអាង កាលពីថ្ងៃសុក្រ (ទី១ ខែកញ្ញា) ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន កាលពីព្រឹក ថ្ងៃពុធ ទី៣០ ខែសីហា នៅអាកាសយានដ្ឋានទីក្រុងស្កូវ (Pskov) នៅភាគខាងលិច នៃប្រទេសរុស្ស៊ី ដែលមានទីតាំងនៅជិតព្រំដែនរបស់ប្រទេសឡាតវី (Latvia) និង អេស្ដូនី (Estonia) ដោយមានចម្ងាយប្រហែល៧០០គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន បានបណ្ដាលឲ្យខូចខាតដល់យន្ដហោះដឹកជញ្ជូនយោធាធុនធ្ងន់របស់រុស្ស៊ី ប្រភេទ Ilyushin Il-76 (អ៊ីលយូស៊ីន ២-៧៦) ចំនួន៤គ្រឿង។

ការវាយប្រហារ ទៅលើមូលដ្ឋានកងទ័ពអាកាសស្កូវ បានបង្ហាញនូវការកត់សម្គាល់ អំពីការវាយប្រហារថ្មីៗ នៅលើទឹកដីរបស់រុស្ស៊ី ចាប់តាំងពីរដ្ឋាភិបាលក្រុងកៀវ បានប្ដេជ្ញា កាលពីខែកក្កដា ថា នឹងរុញជម្លោះនេះឲ្យវិលត្រឡប់ទៅរកប្រទេសរុស្ស៊ី វិញ។

លោកប្រធានចារកម្មយោធាអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គម កាលពីថ្ងៃសុក្រ (ទី១ ខែកញ្ញា) ថា «ដ្រូនជាច្រើន ដែលបានវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសក្រេស្ទី (Kresty) ស្ថិតក្នុងទីក្រុងស្កូវ (Pskov) ត្រូវបានវាយប្រហារ ចេញពីប្រទេសរុស្ស៊ី។ ជាលទ្ធផល នៃការវាយប្រហារនេះ គឺយន្ដហោះដឹកជញ្ជូនធុនធ្ងន់របស់រុស្ស៊ី ប្រភេទ Ilyushin Il-76 ចំនួន៤គ្រឿងរងការខូចខាត ដោយក្នុងនោះមាន២គ្រឿង ត្រូវបានកម្ទេច និង ២គ្រឿងផ្សេងទៀត បានខូចខាតយ៉ាងដំណំ។

លោក គីរីឡូ ប៊ូដាណូវ បានបន្ដ ថា យន្ដហោះទាំងនេះ ត្រូវបានក្រសួងការពារជាតិរុស្ស៊ី ប្រើប្រាស់ សម្រាប់ដឹកជញ្ជូនទាហាន និង សម្ភារភស្ដុភារ។

វិមានក្រឹមឡាំង បានអះអាង នៅសប្តាហ៍នេះ ថា អ្នកជំនាញយោធារុស្ស៊ី កំពុងតែស្វែងរកផ្លូវណា ដែលយន្តហោះគ្មានមនុស្សបើក កំពុងធ្វើដំណើរ ដើម្បីការពារស្ថានភាពបែបនេះ នាពេលអនាគត។ រីឯតំបន់ស្កូវ បានក្លាយជាគោលដៅ វាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន កាលពីចុងខែឧសភា ខណៈនៅជិតខាង ជាប់ជាមួយនឹងប្រទេសជាសមាជិករបស់អង្គការណាតូ រួមមាន អេស្តូនី និង ឡាតវី នៅភាគខាងលិច និង បេឡារុស នៅភាគខាងត្បូងរបស់តំបន់នេះ៕រក្សាសិទ្ធដោយ ៖ សារាយSN

×