រដ្ឋធានីហ្សាការតា៖ រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌូណេស៊ី នៅតែមិនទាន់ចូលរួមជាមួយនឹងក្រុមប្រទេសប្រ៊ីកស៍ (BRICS) ប៉ុន្ដែប្រទេសអាស៊ានមួយនេះ នឹងនៅតែមានសារៈសំខាន់ សម្រាប់ប្លុកមួយនេះ ខណៈរដ្ឋាភិបាលក្រុងហ្សាការតា មានការប្រយ័ត្នប្រយែងលើទំនាក់ទំនងការទូត ជាមួយនឹងលោកខាងលិច។
លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូណេស៊ី បានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរបស់ប្រ៊ីកស៍លើកទី១៥ នៅក្នុងទីក្រុងចូហានណេសប៊ឺក (Johannesburg) ប្រទេសអាហ្រ្វិកខាងត្បូង កាលពីថ្ងៃទី២៤ខែសីហា។ ប៉ុន្ដែប្រទេសអាស៊ានមួយនេះ នៅមិនទាន់ចូលរួម ជាសមាជិករបស់ BRICS ដែលត្រូវបានបង្កើតឡើងក្រៅផ្លូវការរបស់បណ្តាប្រទេសលេចធ្លោ ចំនួន៥ រួមមាន ប្រេស៊ីល (Brazil) រុស្ស៊ី (Russia) ឥណ្ឌា (India) ចិន (China) និង អាហ្វ្រិកខាងត្បូង(South Africa)។

នៅមុនកិច្ចប្រជុំកំពូលប្លុកនេះ ក្រុមប៊្រីកស៍ បានប្រកាស ថា អាហ្សង់ទីន អេត្យូពី អេហ្ស៊ីប អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និង អារ៉ាប់រួម (United Arab Emirates) នឹងក្លាយជាសមាជិករបស់ខ្លួន នៅខែមករា ឆ្នាំ២០២៤។ រីឯប្រទេសជាង៤០ រួមទាំង ឥណ្ឌូណេស៊ី ផងដែរ បានបង្ហាញការចាប់អារម្មណ៍ ចង់ចូលរួមជាមួយនឹងប្លុកនេះ។
ក្រុមអ្នកជំនាញមួយចំនួន លើកឡើង ថា ឥណ្ឌូណេស៊ី អាចនឹងចូលរួមជាមួយនឹងប្លុកនេះ ដោយសារតែជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុត នៅប្លុកអាស៊ាន។ បើទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតីឥណ្ឌូណេស៊ី អះអាង ថា ប្រទេសអាស៊ានមួយនេះ នឹងនៅតែត្រូវការពិចារណាលើគោលជំហររបស់ខ្លួន។
បើតាមប្រវត្តិ BRICS ត្រូវបានបង្កើតឡើង ដោយសារអក្សរកាត់ ពីប្រទេសចំនួន៥ រួមមាន ប្រេស៊ីល (Brazil) រុស្ស៊ី (Russia) ឥណ្ឌា (India) ចិន (China) និង អាហ្វ្រិកខាងត្បូង(South Africa) ហើយមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសនានា នៅក្នុងអ្វីដែលគេហៅថា លោកខាងត្បូង និង បង្កើនកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសកំពុងអភិវឌ្ឍផ្សេងៗទៀត នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និង ការអភិវឌ្ឍន៍សង្គម។

ប្រទេសរុស្ស៊ី បានផ្តួចផ្តើមរៀបចំប្លុក BRICS នេះ នៅក្នុងឆ្នាំ២០០៩ ដើម្បីធ្វើឱ្យមានតុល្យភាពជាមួយនឹងប្រទេសមហាអំណាចសេដ្ឋកិច្ច ស្ថិតក្នុងក្រុម G7 រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក។
បើទោះជាយ៉ាងណាក៏ដោយ ទាំង BRICS និង G7 មិនអាចទប់ទល់នឹងការពង្រីករបៀបវារៈផ្ទាល់ខ្លួនរបស់ប្លុកទាំងនេះ ឆ្ពោះទៅដោះស្រាយបញ្ហានយោបាយ និង សន្តិសុខរបស់ពិភពលោក ឲ្យកាន់តែទូលំទូលាយបាននោះទេ ដោយសារប្រទេសចិន និង រុស្ស៊ី ព្យាយាមដាក់ BRICS ថា ជាការប្រឆាំងទៅនឹង G7 និង ផ្លាស់ប្ដូសណ្ដាប់ធ្នាប់ពិភពលោក ដឹកនាំដោយលោកខាងលិច។ ជាឧទាហរណ៍ សង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ប្លុកប៊្រីកស៍ បានបង្ហាញគោលជំហរប្រឆាំង ហើយបានអំពាវនាវឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់។
បើទោះជាអវត្តមានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងកិច្ចប្រជុំកំពូល ក៏ដោយសារតែដីកាចាប់ខ្លួន ជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងណាក៏ដោយ ក៏ប្រទេសអាហ្រ្វិកខាងត្បូង ចិន និង ឥណ្ឌា មិនបានថ្កោលទោសដល់ការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន នោះដែរ។ ប្រេស៊ីល បានបដិសេធចូលរួមជាមួយប្រទេសលោកខាងលិច ដើម្បីបញ្ជូនគ្រឿងសព្វាវុធទៅកាន់ប្រទេសអ៊ុយក្រែន ឬ ដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូ។ ដូច្នេះវាផ្ទុយពីកិច្ចប្រជុំកំពូល G7 កាលពីខែមីនា បានដាក់ទណ្ឌកម្មកាន់តែធ្ងន់ ប្រឆាំងនឹងរុស្ស៊ី។

បញ្ហានេះអាចមានន័យ ថា BRICS ផ្តល់កន្លែងសម្រាប់សមាជិករបស់ខ្លួន ដើម្បីទប់ទល់ ហើយប្រជែងនឹងការត្រួតត្រារបស់លោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក។ ប៉ុន្តែមនោសញ្ចេតនា ប្រឆាំងនឹងលោកខាងលិចបែបនេះ ផ្ទុយនឹងគោលការណ៍រគោលនយោបាយការបរទេសសេរីនិងសកម្មរបស់ឥណ្ឌូណេស៊ី។ នេះមានន័យថា ឥណ្ឌូណេស៊ី នឹងមិនចូលខាងមហាអំណាចពិភពលោក ឬ ចងកតិកាសញ្ញាយោធាណាមួយនោះឡើយ។
ឥណ្ឌូណេស៊ី ជាប្រទេសមួយត្រួសត្រាយផ្លូវចលនាមិនចូលបក្សសម្ព័ន្ធ។ ដូច្នេះ ឥណ្ឌូណេស៊ី តែងតែប្រកាន់យកនូវគោលការណ៍មិនជ្រៀតជ្រែក នៅក្នុងគូប្រជែងរបស់មហាអំណាច ហើយគ្រាន់តែចង់ផ្តោតលើការសម្រេចបាននូវសន្តិភាពរបស់ពិភពលោក និង យុត្តិធម៌សង្គមតែប៉ុណ្ណោះ។
ឥណ្ឌូនេស៊ី បានព្យាយាមធ្វើជាអ្នកសម្របសម្រួលសន្តិភាព រវាងរុស្ស៊ី និង អ៊ុយក្រែន ក្នុងអំឡុងធ្វើជាប្រធានាធិបតី G20 កាលពីឆ្នាំ២០២២។ ដូច្នេះការចូលរួម BRICS នឹងធ្វើឱ្យប្រទេសឥណ្ឌូនេស៊ី ស្ថិតក្នុងស្ថានការណ៍ដ៏ស្មុគស្មាញ ដែលមិនចាំបាច់៕ រក្សាសិទ្ធដោយ ៖ សារាយSN












