រដ្ឋធានីមូស្គូ៖ ស្របពេលការបាត់បង់កម្លាំងទាហានយ៉ាងច្រើន នៅលើសមរភូមិរបស់ប្រទេសអ៊ុយក្រែន នោះ រដ្ឋាភិបាលក្រុងមូស្គូ បាន និង កំពុងតែខិតខំប្រឹងប្រែង ជ្រើសរើសទាហានយ៉ាងច្រើន សម្រាប់ប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលក្រុងកៀវ ហើយឥឡូវនេះ កំពុងតែជ្រើសរើសជនចំណាកស្រុក មកពីប្រទេសផ្សេងៗបន្ថែមទៀត។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៤ ខែកញ្ញា ថា បើតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អង់គ្លេស អះអាង ថា រុស្ស៊ី កំពុងតែជ្រើសរើសជនចំណាកស្រុក មកពីប្រទេសអាស៊ីកណ្តាល និង ប្រទេសជិតខាង ដើម្បីធ្វើជាទាហាន សម្រាប់សង្គ្រាម ប្រឆាំងនឹងអ៊ុយក្រែន ។

ក្រសួងការពារជាតិចក្រភពអង់គ្លេស បានបញ្ជាក់ នៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស៊ើបការណ៍សម្ងាត់ចុងក្រោយរបស់ខ្លួន ថា «ជនចំណាកស្រុក យ៉ាងហោចណាស់៦លាននាក់ មកពីអាស៊ីកណ្តាល ដែលកំពុងតែស្ថិតក្នុងប្រទេសរុស្ស៊ី ត្រូវវិមានក្រឹមឡាំង ទំនងជាសម្លឹងមើលឃើញ ថា ពួកគេនឹងក្លាយជាអ្នកត្រូវជ្រើសរើស យកមកធ្វើជាទាហាន នាពេលខាងមុខ»។
ក្រសួងការពារជាតិអង់គ្លេស បានអះអាង ថា គោលដៅរបស់រុស្ស៊ី ត្រូវតែបញ្ចៀសនូវការកេណ្ឌទ័ព នាំឲ្យបាត់បង់ប្រជាប្រិយភាព នៅមុនពេលការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំក្រោយ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចក្រភពអង់គ្លេស បានបញ្ជាក់ ថា «ការកេងប្រវ័ញ្ចលើជនបរទេស នឹងអនុញ្ញាតឱ្យវិមានក្រឹមឡាំង ទទួលបានបុគ្គលិកយោធាបន្ថែមទៀត សម្រាប់កិច្ចខិតខំប្រឹងប្រែង ធ្វើសង្គ្រាមរបស់ក្រុងមូស្កូ ដែលកំពុងតែប្រឈមមុខនឹងការខាតបង់ កាន់តែច្រើនឡើង»។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា រុស្ស៊ី បានបាត់បង់កម្លាំងទាហាន សរុប ២៦៤ ៦៦០នាក់ គិតចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣។ ក្រៅពីនេះ ក្រុងមូស្គូ ក៏ត្រូវបានខាតបង់គ្រឿងសព្វាវុធយ៉ាងច្រើន មានតម្លៃរាប់ពាន់លានដុល្លារផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN













