បណ្ដាញសង្គមបានផ្សព្វផ្សាយរូបភាពចុងក្រោយ របស់អ្នកបើកឡានក្រុង ធ្វើឲ្យអ្នកលេងអ៊ីនធឺណិត បុកពោះរន្ធត់ជំនួសអ្នកដំណើរ ខណៈបានឃើញអ្នកបើកបរ ដែលកំពុងបើកសុខៗ ស្រាប់តែដេកដួលគ្រឹប បាត់បង់ការគ្រប់គ្រងបញ្ជាឡានតែម្តង។
តាមរយៈវីដេអូកាមេរ៉ា ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រហែល ៨ និង០០នាទី ព្រឹកថ្ងៃទី២ ខែកញ្ញា នៅលើឡានក្រុងរត់លើផ្លូវពីទីក្រុង Ho Chi Minh ទៅកាន់ Binh Thuan ។ មុនហេតុការណ៍កើតឡើង បុរសអ្នកបើករថយន្ត បាននិយាយទូរស័ព្ទ ប៉ុន្តែ បន្ទាប់បញ្ចប់ការនិយាយទូរស័ព្ទភ្លាម គាត់ស្រាប់តែមានសញ្ញាដាច់សរសៃឈាមខួរក្បាល ខណៈដៃនិងជើងរបស់គាត់ញ័រ ហើយបានផ្អាប់មុខទៅលើចង្កូតតែម្តង។ នៅពេលនោះ រថយន្តបានរេចង្កូតទៅបុកឧបសគ្គនៅខាងមុខ ពុំបង្កការប៉ះពាល់ដល់អ្នកធ្វើដំណើរដទៃនោះទេ។
ក្រោយបានឃើញអ្នកបើកបរបង្ហាញកាយវិការខុសប្រក្រតី អ្នកដំណើរបានប្រញាប់ហៅរថយន្តសង្គ្រោះបន្ទាន់។ ទោះយ៉ាងណាក៏ដោយ ក្នុងស្ថានភាពបែបនេះ គ្រប់គ្នាបានត្រឹមនាំគ្នាស្លន់ស្លោ ព្រោះគ្មាននរណាម្នាក់ចេះជំនាញការសង្គ្រោះបឋមនោះទេ។ តាមព័ត៌មានពីយានដ្ឋាន VH បុរសអ្នកបើកបរបានស្លាប់នៅថ្ងៃទី៣ កញ្ញា ។
បន្ទាប់ពីត្រូវបានបង្ហោះ ឃ្លីបនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ សហគមន៍អនឡាញបានសម្តែងការចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃអ្នកបើកបរដែលរងគ្រោះ។ លើសពីនេះ អ្នកនិយមលេងអ៊ីនធឺណេត ក៏បានចែករំលែកវិធីសង្គ្រោះបឋមដល់ជនរងគ្រោះដោយជំងឺដាច់សរសៃឈាមខួរក្បាល ក្នុងពេលដំណាលគ្នាផងដែរ ដើម្បីកុំឱ្យខកខាន “ពេលវេលាមាស”។
ជាពិសេស យោងតាមព័ត៌មានពីអ្នកជំនាញវេជ្ជសាស្ត្រ ក្នុងករណីដែលមនុស្សនៅជុំវិញយើង បង្ហាញសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល យើងត្រូវអនុវត្តវិធានការសង្គ្រោះបឋមដូចខាងក្រោម៖
-ស័ព្ទទៅលេខសង្គ្រោះបន្ទាន់យ៉ាងរហ័ស ពិនិត្យមើលថាតើអ្នកជំងឺនៅតែដកដង្ហើម ឬអត់ បើគ្មានដង្ហើមទេ ធ្វើដង្ហើមសិប្បនិម្មិត។
-បន្ធូរសម្លៀកបំពាក់តឹងៗ និងគ្រឿងប្រើប្រាស់ ដូចជាក្រវ៉ាត់ក និងខ្សែក្រវ៉ាត់។ ប្រើកន្សែងដៃរុំម្រាមដៃចង្អុល ដើម្បីដកស្លេស និងបង្ហៀរទឹកចេញពីមាត់អ្នកជំងឺ។
-ប្រសិនបើអ្នកជំងឺគាំងបេះដូង ធ្វើម៉ាស្សាបេះដូងខាងក្រៅ កុំឲ្យជនរងគ្រោះដេកផ្ងារ តែត្រូវដេកផ្អៀង។ ទីតាំងដេកនេះគឺរាំងអ្នកជំងឺមិនឱ្យក្អួត ឬអណ្តាតធ្លាក់ចូលទៅក្នុងបំពង់ក ដែលបណ្តាលឱ្យស្ទះផ្លូវដង្ហើម។
-ដាច់ខាតមិនត្រូវចាក់ម្ជុលវិទ្យាសាស្ត្រ និងកុំឱ្យអ្នកជំងឺញ៉ាំ ផឹក ឬប្រើថ្នាំណាមួយតាមអំពើចិត្ត។
យោងតាមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដ ពេលវេលា “មាស” ដើម្បីផ្តល់ជំនួយដំបូងដល់អ្នកជំងឺដាច់សរសៃឈាមខួរក្បាលខាងលើ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយអ្នកជំងឺឱ្យជៀសផុតពីផលវិបាក និងហានិភ័យនៃការស្លាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង