សៀមរាប ៖ ប្រាសាទភ្នំបាខែង គឺជាគោលដៅទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិចយ៉ាងពេញនិយមបំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដោយសារតែចំនួនភ្ញៀវទេសចរណ៍កាន់តែច្រើនឡើងទៅទស្សនាថ្ងៃរះ និងថ្ងៃលិចនៅលើកំពូលនៃប្រាសាទភ្នំបាខែង ថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានរៀបចំទីតាំងវង់ទស្សនាថ្មីមួយទៀតដើម្បីបញ្ជៀសចំនួនកកកុញនៃការទស្សនា ក៏ដូចជា បង្កើតជាជម្រើសសម្រាប់ទេសចរដែលនិយមទស្សនាថ្ងៃលិច ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ថ្មីៗ ប្រកបដោយសុវត្ថិភាព និងផាសុខភាពផង។ នេះបើតាមការចេញផ្សាយរបស់អាជ្ញាធរជាតិអប្សរា។
ប្រធានភ្នាក់ងារទេសចរណ៍នៅប្រាសាទភ្នំបាខែងលោក ហ៊ុត សុភាព មានប្រសាសន៍ថា ការរៀបចំវង់ទស្សនាថ្មីនេះ គឺចាប់ពីជើងភ្នំរហូតដល់ប្រាសាទតែម្តង។ ចំពោះខ្សែទស្សនា គឺភ្ញៀវទេសចរអាចដើរទស្សនាតាំងពីជើងភ្នំ ហើយនៅពេលហត់ ភ្ញៀវក៏អាចឈប់សម្រាកតាមផ្លូវសុវត្ថិភាពដែលអាជ្ញាធរជាតិអប្សរាបានរៀបចំទីតាំងជាច្រើន ហើយកន្លែងទាំងនោះ សុទ្ធតែអាចផ្តិតយករូបភាពនានាដូចជាគោលដៅទី១អាចថតប្រាសាទបក្សីចាំក្រុង គោលដៅទី២ នៅចង្កេះភ្នំ គឺមានរានហាលសម្រាប់ឱ្យភ្ញៀវអាចទស្សនាទេសភាពបារាយណ៍ខាងលិចទាំងមូល ឯខ្សែទស្សនាបន្ត បន្ទាប់ពេលទៅដល់លើភ្នំ មានរានហាលមួយទៀតសម្រាប់ឱ្យទេសចរទស្សនាថ្ងៃរះ និងថ្ងៃលិចជាដើម។
លោក ហ៊ុត សុភាព ឱ្យដឹងទៀតថា បន្ទាប់ពីភ្ញៀវឡើងទៅដល់កំពូលភ្នំ គឺនៅមានខ្សែទស្សនាបន្តទៀត ដោយភ្ញៀវអាចដើរទស្សនាទៅតាមវង់ដែលអាជ្ញាធរជាតិអប្សរាបានរៀបចំមានកន្លែងសំខាន់ៗមួយចំនួនទៀតដូចជា រៀបចំឱ្យភ្ញៀវអាចមើលឃើញកំពូលប្រាសាទអង្គរវត្ត ឱ្យភ្ញៀវទៅទស្សនាពុទ្ធបាទ រួចតម្រង់ឡើងទៅលើភ្នំតែម្ដងចាប់ពីទិសខាងកើត។
ការណ៍ដែលអាជ្ញាធរជាតិអប្សរារៀបចំវង់ទស្សនាបែបនេះ គឺក្នុងបំណងចង់ឱ្យភ្ញៀវទេសចរអាចទទួលបាននូវបទពិសោធន៍ច្រើន តាំងពីការចាប់ផ្ដើមដើរឡើងភ្នំរហូតដល់លើកំពូលភ្នំ មានដូចជា ចង់ឱ្យភ្ញៀវអាចមើលឃើញប្រាសាទបក្សីចាំក្រុង ឃើញទិដ្ឋភាពបារាយណ៍ខាងលិចទាំងមូល ឃើញកំពូលប្រាសាទអង្គរវត្ត ហើយជាពិសេសនោះ គឺពេលភ្ញៀវឡើងដល់កំពូលភ្នំ ពួកគាត់អាចមើលឃើញទិដ្ឋភាពថ្ងៃរះ ថ្ងៃរៀបលិច មើលឃើញទិដ្ឋភាពទីក្រុងសៀមរាប ព្រមទាំងឃើញព្រៃឈើទាំងមូលដែលស្ថិតនៅជុំវិញភ្នំបាខែងផង។
ក្នុងការរៀបចំវង់ទស្សនាថ្មី អាជ្ញាធរជាតិអប្សរាក៏រៀបចំកែលម្អបរិស្ថាននៅជុំវិញប្រាសាទ ដើម្បីលើកកម្ពស់សោភ័ណភាពដូចជា ការលះមែកឈើខ្លះៗ រៀបចំផ្លូវដើរជុំវិញប្រាសាទឱ្យស្អាត ដាក់ស្លាកសញ្ញាបង្ហាញទិស ដាក់បង្គោលខ្សែការពារកន្លែងមានហានិភ័យ ដើម្បីការពារសុវត្ថិភាពអ្នកទេសចរទាំងឡាយ។ ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា ក៏សំណូមពរដល់ភ្ញៀវទេសចរ ឬមគ្គទេសក៍ទេសចរណ៍ឱ្យនាំភ្ញៀវដើរទស្សនាតាមទិសដៅដែលបានរៀបចំ ដើម្បីឱ្យពួកគាត់បានឃើញនូវអ្វីដែលថ្មីៗ និងមានភាពស្រស់ស្អាតទាំងនោះផង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី