ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២៣នេះ កម្ពុជា មានពលករកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសមានចំនួន ១លាន ៣សែន ៤ម៉ឺន ២៩៦៣ នាក់ ស្រី ៥៤ម៉ឺន ៦៩៨១ នាក់ ក្នុងនោះ ប្រទេសថៃចំនួន ១លាន ២សែន ៤៨២៤៥ នាក់ ស្រី ៥០ម៉ឺន២២៥០ នាក់ ប្រទេសម៉ាឡេស៊ីចំនួន ២២៥៧២ នាក់ ,ស្រី ២១៦៥៤ នាក់ ប្រទេសជប៉ុនមាន ២០៨១២ នាក់ ស្រី ៩៦៧៦ នាក់, ប្រទេសសិង្ហបុរីមាន ៨៦៤ នាក់ ស្ត្រីទាំងអស់, កូរ៉េខាងត្បូងមាន ៥០២២៥ នាក់, តំបន់សេដ្ឋកិច្ចពិសេសហុងកុងមាន ២១៦ នាក់ ស្រីទាំងអស់ និងប្រទេសអារ៉ាប៊ីសាអូឌីត មាន ២៩ នាក់ ។
គិតត្រឹមខែសីហា ឆ្នាំ២០២៣នេះ កម្ពុជា មានពលករកំពុងស្នាក់នៅ និងធ្វើការនៅក្រៅ ហើយជាពិសេសនៅប្រទេសថៃមានពលករច្រើនជាងគេ រហូតដល់ទៅជាង ១ លាន ២ សែននាក់។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្នុងចំណោមពលករជាង ១លាន ៣ សែននាក់ ក្នុងនោះ ទៅធ្វើការផ្នែកកសិកម្មមានចំនួន ២៦ម៉ឺន២៤១៨ នាក់ ផ្នែកឧស្សាហកម្មចំនួន ៥៦ម៉ឺន៥៨១០ នាក់ ផ្នែកសំណង់ចំនួន ៣៧ម៉ឺន៨៦២១ នាក់ ផ្នែកការងារផ្ទះចំនួន ១៦៧០៩ នាក់ និងការងារផ្សេងៗចំនួន ១១ម៉ឺន៩៤០៥ នាក់ ដោយពួកគេបានផ្ញើប្រាក់ត្រឡប់មកប្រទេសកម្ពុជាវិញ មានចំនួន ២៩១៨,៨៧៤,១៩៩ ដុល្លារ។
លោក កត្តា អ៊ន គូសបញ្ជាក់ថា ពលករដែលទៅធ្វើការនៅប្រទេសថៃជាមធ្យមទទួលបានប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ ប្រទេសម៉ាឡេស៊ីទទួលបានប្រាក់ខែ ៣៤០ ដុល្លារ ប្រទេសអារ៉ាប៊ីសាអូឌីតទទួលបានប្រាក់ខែ ៤០០ ដុល្លារ ប្រទេសជប៉ុនទទួលបានប្រាក់ខែ ១៤០០ ដុល្លារ ប្រទេសសិង្ហបុរីទទួលបានប្រាក់ខែ ៥០០ ដុល្លារ កូរ៉េខាងត្បូងទទួលបានប្រាក់ខែ ១៥០០ ដុល្លារ និងតំបន់សេដ្ឋកិច្ចពិសេសហុងកុងទទួលបានប្រាក់ខែ ៥៩១ ដុល្លារ៕