ខេត្តរតនគិរី ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសថា អាជ្ញាធរស្រុកតាវែង បានចាប់ផ្តើមជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកទន្លេសេសាន បានបន្តជន់ឡើងមួយកម្រិតបន្ថែមទៀត ។ គិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី បានបន្តកើនឡើងដល់កម្ពស់ ៨,២៥ ម៉ែត្រ គឺលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ០,២៥ ម៉ែត្រ ។ ទឹកបានបន្តជន់លិចចូលតំបន់ទំនាបមួយចំនួនបន្ថែមទៀតដែលនៅតាមដងទន្លេ ក្នុងស្រុកតាវែង អណ្តូងមាស វើនសៃ និងស្រុកអូរយ៉ាដាវ ។ ពេលនេះអាជ្ញាធរស្រុកតាវែង កំពុងធ្វើការជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាពជាបណ្តើរៗ ។
អាជ្ញាធរខេត្តរតនគិរី បានប្រកាសថាមកដល់ព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ តំបន់មួយចំនួននៅក្នុងស្រុកចំនួន៤ នៅក្នុងខេត្តរតនគិរី ចាប់ជន់លិចដោយសារទឹកជំនន់ពីទន្លេសេសាន្តហើយ។ ស្រុកដែលរងការជន់លិចនេះ រួមមាន៖ស្រុកតាវែង ស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាស និងស្រុកវើនសៃ។ អាជ្ញាធរខេត្តរតនគិរី បានអះអាងថា បន្ទាប់ពីការជន់លិចនេះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តបាននិងកំពុងចុះអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាព។
កម្ពស់ទឹកទន្លេសេសាន បានឡើងហួសកម្រិតដែលត្រូវប្រកាសអាសន្ន បណ្ដាលឲ្យមានការលិចលង់ដល់ផ្ទះប្រជាពលរដ្ឋ ហើយពលរដ្ឋត្រូវបានជម្លៀសទៅរកទីទួលសុវត្ថិភាពផងដែរ។ ស្ថានភាពទឹកជំនន់នេះ បានលិចភូមិចំនួន២ គឺភូមិយ៉ន ឃុំតាវែងក្រោម និងភូមិអូរតាបូក ឃុំតាវែងលើ ស្រុកតាវែង ដោយក្នុងនោះ លិចផ្ទះតាមចំការ២៨ខ្នង ក្នុងនោះអណ្តែត១ខ្នង ជ្រូកអណ្តែតចំនួន១៣ក្បាល គោយន្តលិចក្នុងទឹក៤គ្រឿង។ ដោយឡែក អាជ្ញាធរមូលបានជម្លៀសប្រជាពលរដ្ឋទាំង២ភូមិ ទៅទីទួលសុវត្ថភាពរួចរាល់អស់ហើយ។ គិតត្រឹមម៉ោង៨នេះ ទឹកទន្លេសេសាន្ត នៅឃុំកាចូន ស្រុកវើនសៃ មានកំពស់៨,៥៥ម៉ែត្រ ហួសកំរិតប្រកាសអាសន្នហើយ ប៉ុន្តែទឹកមិនទាន់ហូរចូល ឬលិចផ្លូវនៅឡើយទេតែភ្លៀងនៅតែបន្តធ្លាក់។
អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ បានត្រៀមរួចរាល់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ហើយលោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ ដែលមានទឹកជំនន់ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនតូចៗ ញ៉ាំទឹកស្អាត និងត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតជាមួយសត្វពស់ពឹសផ្សេងៗ៕ ដោយ៖បញ្ញាស័ក្តិ