ព្រះវិហារ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីបួងសួងកម្រិតថ្នាក់ជាតិ ដើម្បីរំលឹកដល់ដួងព្រលឹងបុព្វបុរសខ្មែរ និងអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរចុះ បញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ។ រមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
គួរបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ សម្រេចជាឯកច្ឆ័ន្ទដាក់បញ្ចូល ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ សម្រាប់ប្រទេសកម្ពុជា ទទួលបានកិត្តិនាមកាន់តែល្បីសុះសាយពេញពិភពលោក។
ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ គ្រប់ទីប្រជុំជន សហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី