ភ្នំពេញ ៖ យុវជនម្នាក់មានវិបត្តិក្នុងគ្រួសារបានសម្រេចចិត្តជិះម៉ូតូមកលោតសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារបានសម្រេច។ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
សពជនរងគ្រោះមានឈ្មោះកែម ចាន់សំណាង ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរ ជាងដែក រស់នៅជិតភោជនីយដ្ឋានថ្មដា ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1JV-5724 ជិះឡើងមកលើស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានទុកម៉ូតូមួយគ្រឿងទូរស័ព្ទដៃមួយ និងស្បែកជើង ហើយក៏បានលោតទៅក្នុងទន្លេលិចបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរ ឆ្លងកាត់ចុះទៅមើលនិងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

ប្រភពបន្តពីក្រុមគ្រួសាររបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងទៀតថា ដោយប៉ុន្មានថ្ងៃនេះ ឃើញជនរងគ្រោះតែងតែមានការឈ្លោះប្រកែក ជាមួយនឹងក្រុមគ្រួសារសឹងតែរាល់ថ្ងៃ លុះមកដល់ម៉ោងកើតហេតុខាងលើ ក៏មានការឈ្លោះប្រកែកគ្នានិងគ្រួសារម្តងទៀត ទើបយុវជនរូបនោះបានទាញម៉ូតូម៉ាកហុងដាឌ្រីមសង់មួយគ្រឿង ជិះចេញពីផ្ទះ មកខាងក្រៅមិនដឹងថាទៅណា នោះទេមួយសន្ទុះក្រោយមកទើបសមត្ថកិច្ច បានតេតាមទូរស័ព្ទដៃថាយុវជនរូបនោះ បានមកលោតទឹកនៅលើស្ពានជ្រោយចង្វារស្លាប់បាត់ទៅហើយ ទើបក្រុមគ្រួសាររួមទាំងម្តាយមកមើល ហើយម្តាយយំឡើងសន្លប់ នៅលើស្ពានជ្រោយចង្វារ ដោយសោកស្តាយកូនរបស់គាត់។
ក្រោយពីក្រុមគ្រួសារបានចុះមកដល់ក៏បាននាំគ្នា ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក ដើម្បីធ្វើកំណត់ហេតុទទួលយកម៉ូតូជនរងគ្រោះទៅផ្ទះវិញ។ ហើយសព ធ្វើការស្រាវជ្រាវរកនៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត








