ខេត្តកណ្ដាល៖ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលជលផលកណ្តាល និងមន្រ្តីជំនាញក្រោមឱវាទសហការជាមួយ នាយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ និងកងកំលាំងគណ:បញ្ជាការឯកភាពស្រុកពញាឮ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ត្រង់ចំនុច ភូមិតាមែ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដោយកំលាំងចម្រុះបានរុះរើសាយកបទល្មើសនេសាទ១ករណីក្នុងនាះមាន លូស្បៃមុងចំនួន២១មាត់ របាំងស្បៃមុង៥៥១០ម៉ែត្រ បង្គាលចំនួ៥២៥ដើម ដើម្បីដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ទាំនេះ នៅនឹងកន្លែងកើតហេតុ។

លោក ហេង សុភារិទ្ធី នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់ខណ្ឌរដ្ឋបាលជលផលកណ្តាល រួមសហការគ្នាជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើការបង្ក្រាបរាល់បទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឱ្យមានប្រសិទ្ធភាពខ្ពស់ បើទោះជាបើកនូវដូវនេសាទក្ដី ក៏បងប្អូនប្រជាពលរដ្ឋ មិនត្រូវប្រើប្រាស់ឧបករណ៍ហាមឃាត់ និងមិនត្រូវអត់អោនឱ្យអ្នកប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើឧបករណ៍នេសាទឆក់ត្រជាក់និងក្តៅ ដែលបានប្រព្រឹត្តបទល្មើសនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ។

លោកនាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសបងប្អូនប្រជាពលរដ្ឋ សូមធ្វើការសហការជាមួយខណ្ឌរដ្ឋបាលជលផលកណ្ដាល ដោយរាយការណ៍នៅបទល្មើសនេសាទទាំងអស់ ដែលកើតមានឡើងក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីឱ្យខណ្ឌរដ្ឋបាលជលផលធ្វើការចុះបង្ក្រាបឱ្យបានទាន់ពេលវេលា សំដៅធានានូវធនធានជលផលស្តុកក្នុង បឹងទន្លេធម្មជាតិអោយបានល្អ ដើម្បីជាផលប្រយោជន៍របស់បងប្អូននៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកក៏បានក្រើនរំលឹក ដល់អ្នកប្រព្រឹត្តបទល្មើសនេសាទទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពនេសាទខុសច្បាប់ទាំងអស់ ដែលកើតមាននៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល នៅពេលមានការបង្ក្រាបបទល្មើសទាំងនោះ នឹងត្រូវអនុវត្តទៅតាមច្បាប់ដោយគ្មានការយោគយល់ឡើយ ទន្ទឹមនឹងនោះខណ្ឌរដ្ឋបាលជលផលកណ្ដាល និងចុះធ្វើការបង្ក្រាបដូចភ្លៀងរលឹម ធ្វើយ៉ាងណាដើម្បីឱ្យខេត្តកណ្ដាលគ្មានបទល្មើសនេសាទខុសច្បាប់នោះឡើយ៕ រក្សាសិទ្ធដោយ ៖ ឈុនហ៊ាត




