ភ្នំពេញ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល៣ត្រីមាសកន្លងមក (៩ខែ) និងលើកទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣។

កិច្ចប្រជុំបានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ តំណាងគ្រប់អង្គភាពចំណុះ, អគ្គបញ្ជាការដ្ឋាន, បញ្ជាការដ្ឋានកងទ័ពជើងគោក, បញ្ជាការដ្ឋានកងទ័ពជើងទឹក, បញ្ជាការដ្ឋានកងទ័ពជើងអាកាស និងអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។
នាយឧត្តមសេនីយ៍ នាង ផាត បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមចំណុះក្រសួងការពារជាតិ ដែលបានបំពេញភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើររយៈពេល៣ត្រីមាសកន្លងមកនេះ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានជំរុញបន្ថែមទៀតដល់បណ្តាអង្គភាពទាំងអស់យកចិត្តទុកដាក់អនុវត្តតាមតួនាទីភារកិច្ចដើម្បីសម្រេចបានលទ្ធផលតាមផែនការដែលបានដាក់ចេញ ហើយជាពិសេសត្រូវត្រៀមលក្ខណៈក្នុងការជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលរងគ្រោះដោយទឹកជំនន់ នារដូវវស្សានេះ។

សម្រាប់ទិសដៅបន្ត នាត្រីមាសទី៤ ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ នាង ផាត ក៏បានជំរុញការយកចិត្តទុកដាក់ អនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងនោះក៏មានបន្តរក្សានិរន្តរភាពនៃការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទផងដែរ។
យោងតាមរបាយការណ៍ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៣នេះ កងយោធពលខេមរភូមិន្ទបានយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ចចំពោះមុខដោយសម្រេចបានសមិទ្ធផលជាច្រើន ដោយរក្សាបាននូវសុខសន្តិភាព អធិបតេយ្យ បូរណភាពទឹកដី ជាពិសេសសន្តិសុខនៅតាមបណ្តោយព្រំដែន។ កងយោធពលខេមរភូមិន្ទ ក៏បានចូលរួម និងសហការធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទផងដែរ ជាក់ស្ដែងករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមកើត ឡើងចំនួន ២ ៤៣៣លើក កងយោធពលខេមរភូមិន្ទម្ចាស់ការបង្ក្រាបបានចំនួន១.៥៧៦លើក។

អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះការធ្វើ សមយុទ្ធនាគមាស២០២៣, សមយុទ្ធផ្នែកសុខាភិបាលទេវតាសន្តិភាពឆ្នាំ២០២៣ និងលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមីនមនុស្សធម៌ក្នុងក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្រោមប្រធានបទ «មាតុភូមិដ៏បវរឆ្នាំ២០២៣» ដែលបានបញ្ចប់ប្រកបដោយជោគជ័យ តាមការគ្រោងទុក ជាមួយនឹងការទទួលបាននូវលទ្ធផលល្អ និងបទពិសោធន៍ថ្មីៗសម្រាប់អនុវត្តន៍នៅពេលអនាគតផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី


