Saturday, April 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ មូលនិធិហ្រ្វេតហូឡូ បានជួយព្យាបាល និងវះកាត់ជំងឺភ្នែកជូនប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកស្រី Jane Madden ប្រធានក្រុមប្រឹក្សាភិបាល មូលនិធិហ្រ្វេតហូឡូកម្ពុជា The Fred Hollows Foundation (FHF)។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ មូលនិធិហ្រ្វេតហូឡូ ដែលបានសហការគាំទ្រកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល ដើម្បីចូលរួមគាំទ្រសេវាសុខភាពភ្នែកឱ្យកាន់តែមានគុណភាពល្អជូនដល់ ប្រជាជនកម្ពុជាបានអំពីលទ្ធផលគួរជាទីគាប់ចិត្ត តាមរយៈកិច្ចសហការជិតស្និតជាមួយកម្មវិធីជាតិសុខភាពភ្នែក និងមន្ទីរសុខាភិបាលរាជធានី-ខេត្តគោលដៅចាប់តាំងពីឆ្នាំ១៩៩៨មក។

លោកស្រី Jane Madden ប្រធានក្រុមប្រឹក្សាភិបាល មូលនិធិហ្រ្វេតហូឡូកម្ពុជា បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានជ្រាបយ៉ាងច្បាស់ពីសកម្មភាពការងាររបស់មូលនិធិ និងបានជម្រាបជូនបន្ថែមថា មូលនិធិបានអនុវត្តគម្រោងជាច្រើនដូចជា ជួយព្យាបាលជំងឺភ្នែកដែលអាចបង្ការបាន ដោយចូលរួមគាំទ្រការវះកាត់ជំងឺភ្នែកជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ ផ្តល់ជំនួយបច្ចេកទេសក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកចក្ខុសាស្ត្រទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈកម្មវិធីជាតិសុខភាពភ្នែក និងចូលរួមគាំទ្រក្នុងផែនការយុទ្ធសាស្ត្របង្ការ និងលុបបំបាត់ជំងឺភ្នែកដែលអាចបង្ការបាន ដោយមិនទុកឱ្យនរណាម្នាក់មិនត្រូវបានយកចិត្តទុកដាក់នោះឡើយ (No one is left behind in eye health) ព្រមទាំងស្នើសុំអនុសាសន៍បន្ថែមសម្រាប់ការងារមូលនិធិ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសរំលេចថា មូលនិធិគួរបន្តពង្រីកសកម្មភាពជួយទៅបណ្តាខេត្តផ្សេងទៀត ជួយបណ្តុះបណ្តាលធានធនមនុស្ស គ្រូពេទ្យ ឯកទេស ចក្ខុគិលានុបដ្ឋាក និងអ្នកវ៉ាស់ និងកាត់វ៉ែនតា ដើម្បីឱ្យគ្រប់ដណ្តប់សេវាថែទាំសុខភាពភ្នែកបានទូទាំងប្រទេស ដោយជួយ៖

  • បង្កើត និងកែលំអ ហេដ្ឋារចនាសម្ព័ន្ធ អាគារចក្ខុរោគ និងមណ្ឌលស្តារគំហើញ តាមបណ្តាខេត្ត
  • បំពាក់ឧបករណ៍សំភារៈដើម្បីអោយការផ្តល់សេវាប្រកបដោយគុណភាពសុវត្ថិភាព
  • Digital eye health និងប្រព័ន្ធព័ត៌មានវិទ្យា Eye health Information System
  • ជួយដល់ការវៈកាត់ជូនប្រជាពលរដ្ឋមានជំងឺភ្នែកឡើងបាយ និង Screening ទៅតាមសហគមន៍
  • ជួយដល់ការស្រាវជ្រាវទៅលើបញ្ហាជំងឺភ្នែកដូច glaucoma ,cataract, diabetes retinopathy, refractive error

លោកស្រី Jane Madden បានបញ្ជាក់ជូនថា មូលនិធិនឹងយកអនុសាសន៍គន្លឹះរបស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី រៀបចំផែនការសកម្មភាពពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលបន្តទៀត ដោយសហការយ៉ាងជិតស្និទ្ធជាមួយ កម្មវិធីជាតិសុខភាពភ្នែក។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ មូលនិធិហ្រ្វេតហូឡូ ដែលបានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី