Saturday, May 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងសាធារណការ បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យមើលការកំណត់ល្បឿនសម្រាប់យានយន្តលើកដងផ្លូវ កុំឱ្យកន្លែងខ្លះយឺតពេក

ភ្នំពេញ ៖ ជាមួយនឹងការអភិវឌ្ឍន៍ ផ្លូវ ថ្នល់ ស្ពាន ក៏មានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋផងដែរ អំពីនគរបាលចរាចរណ៍យកការកំណត់ល្បឿនលើដងផ្លូវ ធ្វើជាអាជីវកម្មដើម្បីប្រមូលលុយធ្វើមាន ធ្វើបាន សម្រាប់ខ្លួនឯង និងបក្ខពួករបស់ខ្លួន, លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់ល្បឿនសម្រាប់យានយន្តនៅលើដងផ្លូវមួយចំនួន ដោយមានការចូលរួម ពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបនៅទីស្តីការក្រសួង។

អនុក្រឹត្យនេះមានគោលបំណងកំណត់ល្បឿនបើកបរយានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការប្រើប្រាស់ពេលវេលាឱ្យបានសមស្រប, ប៉ុន្តែវាក៏ក្លាយទៅជាអាវុធមុខពីរផងដែរ ដោយម្ខាងអនុវត្តច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចំណែកម្ខាងទៀតបែរជាយកការកំណត់ល្បឿនបើកបរលើដងផ្លូវធ្វើជាអាជីវកម្ម ចាប់ផាកពិន័យ ជំរិតទារលុយ ពីប្រជាពលរដ្ឋអ្នកបើកបរ ទាំងបំពាន ទាំងការកេងប្រវ័ញ្ច និងទុច្ចរិតទៅវិញ (មន្ត្រីធ្វើហួសតួនាទី និងបំភ្លៃការពិត)។

ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការកំណត់ល្បឿនយានយន្ដនោះដែរ សមាជិក សមាជិកា នៃអង្គពិធីទាំងមូល បានធ្វើការពិនិត្យពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ក្នុងគោលបំណងធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យនេះ មានអត្ថន័យគ្រប់ជ្រុងជ្រោយ ធានាដល់ការអនុវត្តច្បាប់ស្តីពីការកំណត់ល្បឿនបើកបរ សំដៅលើកកម្ពស់សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការប្រើប្រាស់ផ្លូវថ្នល់ ឱ្យកាន់តែប្រសើរឡើង។ បន្ថែមពីនេះអង្គប្រជុំក៏បានពិនិត្យផ្ទៀងផ្ទាត់ និងកែសម្រួលឡើងវិញនូវ ពាក្យពេចន៍ ឃ្លាឃ្លោង និងការកំណត់និយមន័យ វាក្យស័ព្ទមួយចំនួន ដើម្បីឱ្យស្របនឹងបរិបទសង្គមបច្ចុប្បន្ន។

អង្គប្រជុំក៏បានពិនិត្យមើលទៅលើបណ្ដាញផ្លូវមួយចំនួននៅក្នុងខេត្តផ្សេងៗអំពីការកំណត់ល្បឿន ថាតើផ្លូវស្អាតប៉ុណ្ណឹង ល្បឿនប៉ុណ្ណឹង គួរសមល្មមដែរទេ? ឬមួយថា ល្បឿនប៉ុណ្ណឹងវាយឺតពេក ត្រូវបន្ថែមកម្រិតល្បឿនថែមទៀត ឬយ៉ាងណា? ព្រោះថា មានប្រជាពលរដ្ឋអ្នកបើកបរយានយន្តមួយចំនួន រិះគន់ថាផ្លូវស្អាតប៉ុណ្ណឹង មិនទាន់ចូលដល់ទីប្រជុំជនស្រួលបួលផងទេ ហេតុអី ក៏កំណត់ល្បឿនយឺតម៉្លេះ ៣០ ទៅ ៤០គីឡូម៉ែត្រ/ម៉ោង វាមិនសមនោះទេ ដូច្នេះការពិភាក្សានេះ នឹងពិនិត្យមើលរឿងបែបនេះឡើងវិញ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×