កែប៖ កំពង់ផែកោះទន្សាយ ជាកំពង់ផែថ្មីមួយទៀត ហើយកំពុងដំណើរការសាងសង់ ដោយសម្រេចលទ្ធផលបានប្រមាណជិត ៥០% ដែលស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប ដោយគ្រោងចំណាយថវិកាប្រមាណជាង ១,៦លានដុល្លារ។ ជាមួយនិងដំណើរសាងសង់កំពង់ផែកោះទន្សាយនេះ អាជ្ញាធរខេត្តកែប ក៏បានដំណើរការសាងសង់ផ្លូវប្របមាត់សមុទ្រផងដែរ ហើយបាននិងកំពុងនឹងដំណើរសាងសង់ការដូចគ្នា ក្នុងលទ្ធផលប្រមាណ ៨២%។ គម្រោងទាំងនេះ ក្រោមកម្ចីឥណទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា ការសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ ជាការពង្រីកសក្តានុពល វិស័យទេសចរណ៍ និងសេដ្ឋកិច្ច របស់ខេត្តកែបតាមរយៈផ្លូវទឹកទ្វេភាគី ជាមួយប្រទេសក្នុងតំបន់ ហើយផែនេះអាចឈានទៅដល់ទទួលភ្ញៀវកម្រិតថ្នាក់អន្តរជាតិផងដែរ សម្រាប់ថ្ងៃអនាគត។

ឯកឧត្តមបន្តថា ចំពោះផ្លូវប្របមាត់សមុទ្រកែបវិញ ដែលកំពុងដំណើរការសាងសង់នោះ ក៏នឹងក្លាយជាសសៃឈាមទេសចរណ៍យ៉ាងសំខាន់ តភ្ជាប់គ្នារវាង ឆ្នេរកែប និងឆ្នេរអង្កោល នាថ្ងៃអនាគត។

លោក ហម និមល អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ ADB បានឲ្យដឹងថា គម្រោងកំពង់ផែទេសចរណ៍កោះទន្សាយ និងគម្រោងផ្លូវប្របមាត់សមុទ្រ មានក្រុមហ៊ុនតែមួយកំពុងដំណើរការសាងសង់ ដែលអាចទុកចិត្តបានថា គម្រោងនីមួយៗ នឹងបញ្ចប់បានទាន់ពេលវេលា។
បើតាមលោកហម និមល គិតមកទល់ពេលនេះ កំពង់ផែទេសចរណ៍កោះទន្សាយ សម្រេចការសាងសង់បានចំនួន៤៩,៨% ហើយ ដែលនឹងបញ្ចប់គម្រោង នៅត្រឹមខែមករា ឆ្នាំ២០២៤។ ដោយឡែកសម្រាប់គម្រោងមួយទៀតគឺផ្លូវប្របមាត់សមុទ្រ ដែលកំពុងដំណើរការសាងសង់ គិតមកទល់ពេលនេះ សម្រេចលទ្ធផលចំនួន ៨២%ហើយផងដែរ៕