ភ្នំពេញ៖ តាមរយៈថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក Alibaba ដែលកម្ពុជាដាក់លក់ផលិតផលរបស់ខ្លួន ដូចជា អង្ករ និងផ្លែមានដោយត្រង់ទៅកាន់ទីផ្សារចិន និងបណ្តាប្រទេសអាស៊ាន គឺនឹងធ្វើឲ្យកម្ពុជារឹតតែល្អប្រសើរ ដល់ការជំរុញការនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិកាន់តែច្រើនឡើង។

ថ្មីៗនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សារណៈនៃការយោគយល់ (MOU) ជាមួយនឹងក្រុមហ៊ុន Alibaba របស់ប្រទេសចិន ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាបណ្តាប្រទេសអាស៊ាន តាមរយៈ “ថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក-Platform eWTP)” ដែលនិងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក Alibaba ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិ ឱ្យបានច្រើនជាអតិបរមា។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា បើយើងចូលទៅមើលនៅក្នុង platform ការដាក់លក់ផលិតផលខ្មែរយើងនៅលើទីផ្សារនេះ គេមិនតម្រូវឲ្យមានលក្ខខណ្ឌអ្វីច្រើនពេកនោះទេ ពីព្រោះដោយសារយើងបានពិនិត្យលទ្ធភាពរបស់យើង និងរីឯគេក៏បានពិនិត្យលទ្ធភាពរបស់គេរួចរាល់ហើយ មុននឹងគេអនុញ្ញាតឲ្យអាចដាក់លក់ផលិតផលខ្មែរបាន ដូច្នេះវាមិនមានលក្ខខណ្ឌអ្វីច្រើនពេកនោះទេ។

អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដូច្នេះហើយនៅពេលណាកម្ពុជាដាក់លក់ផលិតផលខ្មែរកាន់តែច្រើននៅលើទីផ្សារអនឡាញនេះ វានឹងជួយផ្សព្វផ្សាយទៅដល់អតិថិជនដែលជាអ្នកប្រើប្រាស់នៅលើពិភពលោកបានដឹង, បានស្គាល់ពីគុណភាព និងម៉ាក់ផលិតផលខ្មែរ ដែលបានផលិតនៅកម្ពុជា។ ចំណែក ការធ្វើពាណិជ្ជកម្មប្រព័ន្ធអនឡាញនេះ វានឹងជួយសម្រួលការធ្វើពាណិជ្ជកម្មកាន់តែងាយស្រួលបានច្រើនជាងមុន និងបង្កើនចំណូលបានឆាប់រហួស ដើម្បីលុបបំបាត់នូវរបាំងផ្សេងៗទៀត ដែលពាក់ព័ន្ធទៅនឹងពាណិជ្ជកម្មនេះ។

បើតាមលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា Platformនេះ វាធ្វើឲ្យរឹតតែប្រសើរឡើង ដែលយើងអាចលក់ផលិតផលផ្សេងៗទៀត មិនថាតែ អង្ករ នោះទេ។ Alibaba វាមិនមែនសម្រាប់លក់តែនៅក្នុងស្រុកចិននោះទេ ប៉ុន្តែវាអាចពង្រីកនៅតំបន់អាស៊ី និងបណ្តាប្រទេសមួយចំនួននៅលើពិភពលោកផងដែរ។
យោងតាមរបាយការណ៍ ស្តីពីស្ថានភាពនៃការនាំចេញកសិផល ក្នុងរយៈពេល ៩ខែឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម បានឲ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកសិផលប្រមាណជាង ៥,៥លានតោនទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ៧១ប្រទេស ដោយទទួលបានចំណូលជាង ៣២១៣លានដុល្លារ៕