ភ្នំពេញ៖ តំណាងវិស័យឯកជន និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធប្រមាណ ២០០នាក់ បានជួបពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ នៅមុនការរៀបចំវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ដែលគ្រោងធ្វើនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកឧកញ៉ា តែ តាំងប៉ សហប្រធានក្រុមការងារតំណាងផ្នែកឯកជនវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា បានឲ្យដឹងថា តំណាងវិស័យឯកជន បានប្រមូលបញ្ហាប្រឈមនានាពីសមាជិករបស់ខ្លួននៅទូទាំងប្រទេស ហើយបានដាក់សំណើចំនួន ២៩ចំណុច ដើម្បីស្វែងរកដំណោះស្រាយពីរាជរដ្ឋាភិបាល។

បញ្ហាទាំងនេះ រួមមានដូចជា៖ ១. ការចូលទីផ្សាររបស់ផលិតផលក្នុងស្រុក និងការហូរចូលផលិតផលក្រៅស្រុក, ២. ការនាំចូលវត្ថុធាតុដើម គ្រឿងចក្រម៉ាស៊ីន និងសារធាតុគីមី, ៣. ពន្ធដារសម្រាប់សហគ្រាសធុនតូច, ៤. ការប្រើប្រាស់ថាមពល, ៥. ការទទួលបានហិរញ្ញប្បទាន, ៦. ការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រក្នុងផលិតកម្ម និងទីផ្សារ, ៧. ការបង្កើតតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម, ៨. ការនាំចេញផលិតផលទៅទីផ្សារអន្តរជាតិ, ៩. ការទទួលបានស្តង់ដារផលិតផលទាំងចំណីអាហារ និងមិនចំណីអាហារ, ១០. ការងារមាត្រាសាស្ត្រ, ១១. ការភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសធុនតូច និងមធ្យមជាមួយសហគ្រាសវិនិយោគ, ១២. ប្រសិទ្ធិភាពទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល, ១៣. ការទទួលបានព័ត៌មាន និងការបណ្តុះបណ្តាល ព្រមទាំងកម្មវិធីគាំទ្រនានា, និង ១៤. ការដោះស្រាយបញ្ហាជាន់អណត្តិកិច្ចរវាងស្ថាប័នរដ្ឋជាដើម។
មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា រដ្ឋកំពុងធ្វើកំណែទម្រង់សេវាសាធារណៈសំខាន់ៗរបស់ខ្លួន ដែលនឹងរួមបញ្ចូលការធ្វើឱ្យសេវាទាំងនោះផ្តោតលើអតិថិជន, កាត់បន្ថយចំណាយ, និងកាត់បន្ថយរយៈពេលផ្តល់សេវាជាដើម ដើម្បីគាំទ្រដល់វិស័យឯកជនឱ្យបានកាន់តែល្អប្រសើរ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ក្រសួងបានព្យាយាមដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជនឱ្យបានច្រើនតាមដែលអាចធ្វើបាន ហើយនឹងបន្តការសន្ទនាដោយបើកចំហ និងដោះស្រាយបញ្ហាផ្សេងៗទៀតដែលវិស័យឯកជនមាន។ ក្រសួងឧស្សាហកម្ម ក៏កំពុងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាជាក់លាក់ទាំងនោះ ហើយនឹងធ្វើរបាយរាយការណ៍ជូនវេទិការរដ្ឋាភិបាល-វិស័យឯកជននាពេលខាងមុខនេះផងដែរ៕