ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (SAI) ត្រូវបានវិនិយោគដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) ដែលជាសាខារបស់ក្រុមហ៊ុន Yunnan Investment Holdings Ltd របស់ប្រទេសចិន ក្រោមទឹកប្រាក់វិនិយោគសរុបចំនួន ១.១ពាន់លានដុល្លារ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ចាប់ផ្ដើមដំណើរការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

បន្ទាប់ពីចាប់ផ្តើមដំណើរការ ចំនួនអ្នកដំណើរតាមផ្លូវអាកាស បានកើនឡើងគួរឲ្យគត់សំគាល់។ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថាដែលជាអនុរដ្ឋលេខាធិការអាកាសចរស៊ីវិល បានប្រាប់បណ្តាញព័ត៌មានឲ្យដឹងថា បន្ទាប់ពីបានចាប់ផ្តើមដំណើរការ ចំនួនអ្នកដំណើរតាមផ្លូវអាកាស បានកើនឡើងយ៉ាងខ្លាំងដល់ ២៦០០ នាក់ ដែលកើនឡើងគួរឲ្យកត់សម្គាល់ ពីចំនួនអ្នកដំណើរជាង ១០០០ នាក់ ក្នុងចំនួនជើងហោះហើរដូចគ្នាកាលនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់។

ឯកឧត្តម បានមានប្រសាសន៍ថា អាកាសយានដ្ឋាន ទទួលបានជើងហោះហើរចំនួន១៧ ឬ៣៤ ជើង ចាប់តាំងពីការដាក់ឲ្យដំណើរការកាលពីសប្តាហ៍មុន។ ឯកឧត្តម បានបន្ថែមថា ការកើនឡើងនៃចំនួនអ្នកដំណើរតាមផ្លូវអាកាសនេះ អាចបណ្តាលមកពីពេលនេះ ជារដូវកាលធ្វើដំណើរដែលចាប់ផ្តើមពីខែតុលា ដែលប្រហែល ៨០ភាគរយនៃកៅអីយន្តហោះសរុបរបស់ក្រុមហ៊ុនអាកាសចរណ៍នីមួយៗ គឺមានអ្នកដំណើរជិះពេញ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (SAI) ជាអាកាសយានដ្ឋានអន្តរជាតិកម្រិត 4E ដែលអាចផ្ទុកជើងហោះហើរចម្ងាយឆ្ងាយពីជុំវិញពិភពលោកជាមួយនឹងផ្លូមានវរត់ចម្ងាយ៣,៦០០ ម៉ែត្រ និងមានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត នឹងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន ១២លាននាក់ ក្នុងមួយឆ្នាំ ចាប់ពី២០៤០។ ការដឹកទំនិញ តាមអាកាសយានដ្ឋានថ្មីនេះ មានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០ ០០០តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ និង ២៦ ០០០ តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥ ៨០០ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ទៅ ១១២ ៧០០ ជើង ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៧ កំពុងប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍បរទេសចំនួន៦ និងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន១៕