Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលថ្មី ចាត់ទុកវិស័យឧស្សាហកម្មកាត់ដេរ នៅតែស្ថិតក្នុងវិស័យចម្បង ដែលរដ្ឋាភិបាលលើកកម្ពស់ និងកែលម្អបន្ថែមទៀត

ភ្នំពេញ៖ រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយបច្ចុកោណ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សង្គម។ ក្នុងចំណោមវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ដាក់ចេញនេះ វិស័យឧស្សាហកម្មកាត់ដេរ នៅតែស្ថិតក្នុងវិស័យចម្បង ដែលរដ្ឋាភិបាលលើកកម្ពស់ និងកែលម្អបន្ថែមទៀត។ គោលនយោបាយថ្មីនេះ រាជរដ្ឋាភិបាល ក៏នៅបន្តតំឡើងប្រាក់ឈ្នួលអប្បរមានិងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតរួមជាមួយនឹងការកែលម្អលក្ខខណ្ឌ  ការងារនិងការពារអាជីពជូនដល់កម្មករ-និយោជិតផងដែរ។

ទាក់ទងនិងវិស័យឧស្សាហកម្មកាត់ដេរ គិតត្រឹមខែតុលា ឆ្នាំ២០២៣នេះ វិស័យវាយនភណ្ឌ, កាត់ដេរ, ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប មានចំនួន ១៣៣៧ រោងចក្រ សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ៨៣ម៉ឺន ២ពាន់ ៣៣២ នាក់ ដោយបានចំណូលប្រចាំឆ្នាំប្រមាណ ២,៦ ពាន់លានដុល្លារ។

ដោយឡែកបើតាមមន្រ្តីក្រសួងការងារ បានឲ្យដឹងថា គា្រន់តែសម្រាប់ខេត្តកំពង់ចាម មានរោងចក្រ-សហគ្រាស សរុបចំនួន៥១៣ និងមានកម្មករ និយោជិតសរុបប្រមាណ ៤ម៉ឺន១ពាន់នាក់ ដែលផ្តល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណជាង ១២៥លានដុល្លារក្នុងមួយឆ្នាំៗ ក្នុងនោះគ្រាន់តែវិស័យកាត់ដេរមួយមុខ មានចំនួន ២០ រោងចក្រ និង ប្រើកម្លាំងកម្មករនិយោជិតសរុបប្រមាណ ២ម៉ឺន៥ពាន់នាក់ និងផ្តល់ប្រាក់ឈ្នួលសរុបជាង ៧៩លាន ដុល្លារ ក្នុងមួយឆ្នាំ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករជាង១ម៉ឺន ២ពាន់នាក់នៅខេត្តកំពង់ចាម នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឲ្យដឹងថា ថ្មីៗកន្លងទៅនេះ ខេត្តកំពង់ចាម ទទួលបាននូវការវិនិយោគជា “តំបន់សេដ្ឋកិច្ចពិសេសជាំងស៊ូផ្លូវជាតិលេខ៦” មានទុនសរុបចំនួន ៩៦,៤ លានដុល្លារ លើផ្ទៃដីទំហំ ៦៨ហិចតា ដែលជាការទាក់ទាញបាននូវគម្រោងវិនិយោគថ្មីៗជាច្រើនមកក្នុងតំបន់នេះ ដែលនឹងបង្កើតឱកាសការងារ និងផ្តល់ប្រាក់ចំណូលកាន់តែច្រើនបន្ថែមទៀតជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូននៅក្នុងខេត្តកំពង់ចាម និងតំបន់ជុំវិញ។

គួរបញ្ជាក់ថា កម្មវិធីនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម នាពេលនោះ មានកម្មករនិយោជិតចូលរួមចំនួនប្រមាណ ១ម៉ឺន២ពាន់ ៦០នាក់ ដែលមានស្ត្រីមានផ្ទៃពោះចំនួន ៦៣៩នាក់ មកពី ១៤ រោងចក្រ ក្នុងនោះរោងចក្រ កាត់ដេរ ចំនួន ៧, ដេរស្បែកជើងចំនួន ៥, បោះពុម្ពលើសម្លៀកបំពាក់ចំនួន ១, និង រោងចក្រតម្បាញ ចំនួន ១៕

×