Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ ក្រើនរំលឹកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបន្តការពារផលប្រយោជន៍របស់អតិថិជន

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ចំពោះកិច្ចការពារអតិថិជនដែលជាការងារអាទិភាព និងសំខាន់ចាំបាច់មួយ សម្រាប់គ្រឹះស្ថាន ដើម្បីធានាឱ្យបាននូវការផ្តល់សេវាហិរញ្ញវត្ថុ ជាពិសេសសេវាឥណទាន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានការទទួលខុសត្រូវ និងគិតគូរដល់សិទ្ធិ និងផលប្រយោជន៍របស់អតិថិជន។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានក្រើនរំលឹកដូចនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយមួយស្តីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅខេត្តកំពង់ធំ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានមានប្រសាសន៍ថា គ្រឹះស្ថានទាំងអស់ត្រូវហាមដាច់ខាត ក្នុងការរក្សាលិខិតយថាភូតច្បាប់ដើមរបស់អតិថិជន ដូចជា អត្តសញ្ញាណបណ្ណ ឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅសម្រាប់ធានាលើការផ្តល់ឥណទាន ព្រោះលិខិតយថាភូតទាំងនេះ ត្រូវបានប្រើប្រាស់សម្រាប់បញ្ជាក់អត្តសញ្ញាណបុគ្គល និងសម្រង់ស្ថិតិតែប៉ុណ្ណោះ និងពុំមានតម្លៃសេដ្ឋកិច្ចសម្រាប់ការធានាលើឥណទាន ឬ គោលបំណងផ្សេងទៀតនោះទេ។

ដោយឡែកលោក សុខ វឿន ដែលជាប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា កន្លងមក ធនាគារជាតិនៃកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការគាំទ្រ ថែរក្សាសុខុមាលភាព និងនិរន្តរភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ខណៈដែលវិស័យនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងគោលដៅរួមចំណែកលើកស្ទួយ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ថា បើតាមលោកប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា គិតត្រឹមត្រីមាសទីបីក្នុង ឆ្នាំ២០២៣នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមបន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ខ្លួន ដោយបានផ្តល់នូវសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយការទទួលខុសត្រូវ និងការការពារអតិថិជន ដល់ប្រជាជនកម្ពុជាចំនួនប្រមាណជាង ២,១លាននាក់ និងមានសមតុល្យឥណទានសរុបប្រមាណ ៩,៦ពាន់លានដុល្លារអាមេរិក ព្រមទាំងអតិថិជនប្រាក់បញ្ញើសរុបចំនួនជាង ២,៧លាននាក់ និងមានប្រាក់បញ្ញើសរុបជាង ៤,៩ពាន់លានដុល្លារអាមេរិក៕

×