ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីជូនដំណឹង ពីករណីដំរី ដឹកសម្ភារៈបោះឆ្នោត ទៅកាន់ការិយាល័យបោះឆ្នោត លេខ០០៨៣ ក្នុងខេត្តមណ្ឌលគិរី។
បើតាមសេចក្តីជូនដំណឹង កាលពីថ្ងៃទី២៥ ខែកក្កដា គ.ជ.ប បានប្រកាសថា ដូចធ្លាប់បានអនុវត្តន៍នាពេលកន្លងមក ដំរី នឹងដឹកសម្ភារៈបោះឆ្នោត ទៅកាន់ការិយាល័យបោះឆ្នោត លេខ០០៨៣ ដែលមានទីតាំងនៅភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨។
ការិយាល័យលេខ០០៨៣នេះ មានទីតាំងភូមិសាស្ត្រដ៏លំបាក ដោយត្រូវប្រើដំរីជាយានជំនិះ ដើម្បីឆ្លងកាត់អូរ ប្លាយ និងជាមធ្យោបាយតែមួយគត់ ដើម្បីអាចទៅដល់ទីតាំងនោះ ដែលមានអ្នកបោះឆ្នោតរស់នៅចំនួន១៣៣នាក់។ នេះគឺជាភាពជាអ្នកបម្រើសេវារបស់ គ.ជ.ប។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅតែមួយថ្ងៃគត់ គឺនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល៕ ដោយ ៖ បញ្ញាស័ក្តិ