ភ្នំពេញ ៖ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ បានចេញលិខិតឆ្លើយតប ចំពោះលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្តីពីការគូសសញ្ញាគាំទ្រគណបក្សលើសន្លឹកឆ្នោត។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រាប់ទៅគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ថា អនុលោមតាមរដ្ឋធម្មនុញ្ញ រដ្ឋសភាមិនអាចបញ្ជា ឬចាត់ចែងលើការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននោះឡើយ ព្រោះរដ្ឋសភាជាតិ បានបិទបញ្ចប់នីតិកាលរបស់ខ្លួនហើយ រដ្ឋភាពបច្ចុប្បន្ន មានសិទ្ធិត្រឹមតែអនុវត្តការងារប្រចាំថ្ងៃប៉ុណ្ណោះ ពុំអាចចាត់ចែងការងារដទៃបានឡើយ ជាពិសេសការងារពាក់ព័ន្ធនឹងស្ថាប័នដទៃ ដូចជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាដើម។
លោកឡេង ប៉េង ឡុង បានបញ្ជាក់ថា តាមបទពិសោធន៍នៃការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ១៩៩៣ មក ការគូសសញ្ញាគាំទ្រគណបក្សនយោបាយ មានច្រើនប្រភេទ ហើយត្រូវបានអនុវត្ត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្តអនុវត្តរហូតមកដល់បច្ចុប្បន្ន ។
ការបញ្ជាក់បែបនេះបន្ទាប់ពីប្រមុខគណបក្ស LDP លោក ខឹម វាសនា បានស្នើទៅកាន់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាឲ្យមានចំណាត់ការទៅលើការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយចង់ឲ្យមានការគូសសញ្ញា ធិក តែមួយនៅលើសន្លឹកឆ្នោត។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ មក រដ្ឋសភានីតិកាលទី៥ បានបិទបញ្ចប់សម័យប្រជុំលើកទី១០ នីតិកាលទី៥ មានន័យថា រដ្ឋភាពបានបញ្ចប់នីតិកាលរបស់ខ្លួនហើយ ។ បច្ចុប្បន្នរដ្ឋសភាមានសិទ្ធិត្រឹមតែអនុវត្តការងារប្រចាំថ្ងៃប៉ុណ្ណោះ ពុំអាចចាត់ចែងការងារដទៃបានឡើយ ជាពិសេសការងារពាក់ព័ន្ធនឹងស្ថាប័នដទៃ ដូចជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាដើម ។ បច្ចុប្បន្ន តំណាងរាស្ត្រ ដែលជាបេក្ខជនកំពុងចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។
លោក ឡេង ប៉េងឡុង បានគូសបញ្ជាក់ថា អនុលោមតាមមាត្រា ១៥០ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ កថាខណ្ឌទី២ ចែងថា “គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនប្រកបដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឲ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមាត្រា១៣ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកថាខណ្ឌទី១ ចែងថា ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវអនុវត្តតួនាទីរបស់ខ្លួន ដោយមិនលម្អៀង ដោយឈរលើគោលការណ៍គោរពច្បាប់ ដោយមិនទទួលការគាបសង្កាត់ ការគំរាមកំហែង ការបំភិតបំភ័យ ឬ ការបង្គាប់បញ្ជាដោយផ្ទាល់ ឬដោយប្រយោលពីបុគ្គល ឬ ស្ថាប័នណាមួយឡើយ។
យោងតាមមាត្រាទាំងពីរខាងលើនេះ លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា រដ្ឋសភាពុំមានសមត្ថកិច្ចជ្រៀតជ្រែក ឬ បង្គាប់បញ្ជាកិច្ចការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នឯករាជ្យបានឡើយ។
សូមបញ្ជាក់ថា គ.ជ.ប បានបញ្ជាក់ថា ប្រជាពលរដ្ឋអាចគូសសញ្ញាបានច្រើនប្រភេទនៅលើសន្លឹកឆ្នោត ឲ្យតែសញ្ញានោះមិនបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកបោះឆ្នោត តែ គ.ជ.ប នៅតែលើកទឹកចិត្តដល់អ្នកបោះឆ្នោតទាំងអស់គូសសញ្ញាធិក នៅក្នុងប្រអប់បួនជ្រុងទ្រវែងរបស់គណបក្សនយោបាយដែលខ្លួនពេញចិត្ត។
ដោយឡែកគណបក្ស LDP បានទាមទារឲ្យមានការគូសសញ្ញាធិក តែមួយប៉ុណ្ណោះនៅលើសន្លឹកឆ្នោត តែសំណើនេះត្រូវបានច្រានចោលដោយ គ.ជ.ប ផងដែរ ហើយគណបក្សនេះ ស្នើសុំរដ្ឋសភាពិនិត្យ និងកែតម្រូវការសម្រេច (លទ្ធផលការងារ) របស់គ.ជ.ប ដែលបានដាក់ចេញ និងផ្សព្វផ្សាយជាសាធារណៈ នូវក្រដាសំណួរចម្លើយស្តីពីការគូសសញ្ញាគាំទ្រគណបក្ស លើសន្លឹកឆ្នោត។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមើលឃើញថា ការអនុញ្ញាតឲ្យអ្នកបោះឆ្នោតអាចគូសសញ្ញាគាំទ្រគណបក្សនយោបាយ ក្នុងចំណោមគំនូសសញ្ញាដ៏ច្រើនប្រភេទយ៉ាងដូច្នេះ គឺជាការសម្រេចចិត្តដែលខ្វះសុក្រិតភាព និងធ្វេសប្រហែស ព្រោះវាបានទុកឱកាសឲ្យជន ឬក្រុមជនខិលខូតអាចទិញលក់សន្លឹកឆ្នោត ឬគំរាមកំហែងអ្នកបោះឆ្នោត បាន ដោយបង្គាប់ បញ្ជា ឬលួងលោម អ្នកបោះឆ្នោតឲ្យគូសសញ្ញាគាំទ្របែបនេះ ឬបែបនោះ ដេលខ្លួនបានកំណត់ និងនាំឲ្យប៉ះពាល់ដល់ការសម្ងាត់នៃការបោះឆ្នោត៕ ដោយ ៖ កូឡាប