ភ្នំពេញ៖ បើតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ដែលផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា នឹងបន្តនិន្នាការកើនឡើងនៅឆ្នាំ២០២៤ ដែលរំពឹងថា សម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ធ្វើឲ្យផលិតក្នុងស្រុកសរុប (ផ.ស.ស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២,៩៥ទ្រីលានរៀល សមមូលនឹងប្រមាណ ៣៥,១៦ប៊ីលានដុល្លារ។

ឯកសារខ្លឹមសារ បានបញ្ជាក់ទៀតថា ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ២.០៧១ដុល្លារ បើធៀបនឹងប្រមាណ ១.៩១៧ដុល្លារ ក្នុងឆ្នាំ២០២៣។ ការរំពឹងទុកនូវកំណើន ៦,៦%នេះ ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជា៖ វិស័យឧស្សាហកម្មត្រូវបាន ព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥% ក្នុងឆ្នាំ២០២៤ ពីប្រមាណ ៥,០% ក្នុងឆ្នាំ ២០២៣ ដោយសារការរំពឹងទុក ការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។

វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងបន្តនិន្នាការល្អ ក្នុងអត្រាកំណើន ៦,៩% ក្នុងឆ្នាំ ២០២៤ ពីមូលដ្ឋានល្អក្នុងរង្វង់ ៨,១% ក្នុងឆ្នាំ២០២៣ ដោយសារការបន្តងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលក៏នឹងមានផលជះជាវិជ្ជមាន ដល់វិស័យ-អនុវិស័យគាំទ្រផ្សេងៗទៀត រួមមាន អនុវិស័យលក់ដុំ-រាយ និងដឹកជញ្ជូន ជាដើម។ វិស័យកសិកម្មរំពឹងថា នឹងបន្តសម្រេចបានកំណើនល្អ ក្នុងរង្វង់ ១,១% ក្នុងឆ្នាំ ២០២៤ ធៀបនឹង ០,៩% ក្នុងឆ្នាំ ២០២៣ ដោយសារការបន្តនិន្នាការល្អនៃអនុវិស័យដំណាំ និងការបន្តងើបឡើងវិញនៃអនុវិស័យ នេសាទ ខណៈដែលអនុវិស័យចិញ្ចឹមសត្វនៅបន្តមានស្ថិរភាព។
បើទោះបីជាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ ត្រូវបានរំពឹងថា នឹងបន្តងើបឡើងវិញក្នុងអត្រាកំណើន ៦,៦% យ៉ាងណាក្តី, កម្ពុជាក៏នឹងនៅបន្តជួបប្រទះនឹងហានិភ័យ និងបញ្ហាប្រឈមចម្បងៗ ជាពិសេសពីកត្តាខាងក្រៅ ដែលអាចធ្វើឲ្យកំណើនខាងលើនេះ មិនអាចសម្រេចបានតាមការគ្រោងទុក ក៏ដូចជាអាចទាញពន្យឺតដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជារួមក្នុងរយៈពេលមធ្យមខាងមុខ ដែលក្នុងនោះរួមមាន៖ ការកើនឡើងនូវភាពតានតឹងភូមិសាស្រ្តនយោបាយតំបន់ និងសកល, ការថមថយសេដ្ឋកិច្ចសកល ជាពិសេសបណ្តាប្រទេសដែលជាដៃគូពាណិជ្ជកម្មកម្ពុជា, ការបន្តរឹតបន្តឹងយូរជាងការរំពឹងទុកនៃគោលនយោបាយរូបិយវត្ថុ ជាពិសេសសហរដ្ឋអាមេរិក និងការបន្តកើនឡើងថ្លៃរូបិយប័ណ្ណដុល្លារអាមេរិក ដែលអាចប៉ះពាល់ដល់រំហូរទុនវិនិយោគ និងពាណិជ្ជកម្ម, ការបន្តឡើងថ្លៃ ឬកម្រិតខ្ពស់នៃថ្លៃថាមពល និងទំនិញជារួមលើទីផ្សារអន្តរជាតិ, ការបែកខ្ញែកភូមិសាស្ត្រសេដ្ឋកិច្ចកំពុងកាត់បន្ថយនូវការចូលរួមក្នុងចរន្តសកលភាវូបនីយកម្ម ស្របជាមួយនឹងការកើនឡើងនៃនិន្នាការពហុប៉ូល និងការបែងចែកប្លុកសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការកើនឡើងនូវផលប៉ះពាល់ជាអវិជ្ជមាន កាន់តែធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ។
គួរបញ្ជាក់ថា សម្រាប់នៅឆ្នាំ ២០២៣នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងមានអត្រាកំណើន ៥,៦ភាគរយ៕