ស្វាយរៀង ៖ លោក សៅសុវណ្ណី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំថ្នាធ្នង់ស្រុករំដួលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៨នេះ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមឯកសារដែលពាក់ព័ន្ធដើម្បីនាំគ្នាទៅបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត។
ការថ្លែងអំពាវនាវយ៉ាងដូច្នេះ ខណៈដែលឯកឧត្តមនិងក្រុមការងារអញ្ជើញចូលរួមប្រគេនទៀន និងទេយ្យទានចំនួន ៦វត្ត ស្ថិតក្នុងថ្នាធ្នង់និងឃុំបុសមនហើយពិធីនេះបានរៀបចំឡើង នៅវត្តសិរីវង្សឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បានលើកឡើងបន្តទៀតថាៈ សន្តិភាពដែលយើងទាំងអស់គ្នាទទួលបានជិត៣០ឆ្នាំមកនេះ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានអភិវឌ្ឍន៍ប្រទេសជាតិពីបាទដៃទរទេ ដោយចាប់ផ្តើមកសាង និងជម្រុញការអភិវឌ្ឍឲ្យមានការរីកចម្រើន ដោយមិនដែលភូតភរកុហក ដូចអ្នកនយោបាយប្រថុយប្រថានមួយចំនួននោះឡើយ។
នៅក្នុងឱកាសនោះផងដែរ លោក សៅ សុវណ្ណី ក៏បានបញ្ជាក់ថា ដើម្បីបន្តរក្សាសន្តិភាព ជាពិសេសធានាដល់ការអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើនឥតឈប់ឈរ សូមឲ្យប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបន្តឲ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយវិបុលភាព និងវឌ្ឍនភាព៕ វ៉ៃកូ