Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្ករកម្ពុជាជើងទី៣ នឹងត្រូវចេញដំណើរទៅឥណ្ឌូនេស៊ី នៅថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខនេះ

ភ្នំពេញ៖ ខណៈដែលការនាំចេញអង្ករកម្ពុជា ជើងទី១ ចំនួន ៣ ៥០០តោន បានទៅដល់កំពង់ផែឥណ្ឌូនេស៊ីជាផ្លូវការនាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣រួមមកហើយនោះ មន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យ​ដឹងថា ការដឹកជញ្ជូនជើងទី២ ក៏កំពុងដំណើរការទៅផងដែរ ស្របពេលជើងទី៣ និងត្រៀមដឹកជញ្ជូននាពេលខាងមុខ បន្ទាប់ពីភាគីទាំងពីរ កម្ពុជា និងឥណ្ឌូនេស៊ី បានចំណាយពេលជាច្រើនឆ្នាំ ក្នុងកិច្ចពិភាក្សាគ្នាទៅលើការធ្វើពាណិជ្ជកម្មអង្ករនេះ។​

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ែន សុវិជាតិ បានប្រាប់បណ្តាញព័ត៌មានថា ការដឹកអង្ករចេញពីកម្ពុជា មានចំនួន៣ជើង ដោយប្រើរយៈពេល ១៨ថ្ងៃ ទៅដល់ប្រទេសឥណ្ឌូណេស៊ី អាស្រ័យលើកំពង់ផែដែលត្រូវទៅ ដោយជើងទី១ សម្រេចបានជោគជ័យទៅដល់ឥណ្ឌូនេស៊ីហើយ ចំនួន ៣,៥០០តោន។ ដោយឡែក ជើងទី២ មានចំនួន ៣,០០០តោន ក៏បានចេញដំណើរ នៅថ្ងៃ២៩ តុលា ២០២៣ រួចហើយដែរ ចំណែកជើងទី៣ ចំនួន ៣,៥០០តោន ក៏នឹងត្រូវចេញដំណើរនៅថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះផងដែរ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកការនាំចេញនេះ ជាលទ្ធផលនៃកិច្ចខំប្រឹងប្រែង ក្នុងការចរចាបើកទីផ្សារ និងជំរុញការនាំចេញរហូតបានសម្រេច តាមរយៈការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាវិស័យឯកជនជាដៃគូ គឺសហព័ន្ធស្រូវអង្ករកម្ពុជា។

គួរំលឹកថា ក្នុងជំនួបរវាងលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងហ្សាកាតា កាលពីខែកញ្ញាកន្លងទៅនេះ កម្ពុជាបានយល់ព្រមផ្គត់ផ្គង់អង្ករប្រមាណ ២៥ម៉ឺនតោនក្នុងមួយឆ្នាំ ដល់ប្រទេសឥណ្ឌូនេស៊ី ដើម្បីរក្សាបាននូវសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេស៕

×