Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរអន្តរជាតិចូលកម្ពុជានាពេលនេះ មានកំណើនមធ្យម ដោយភាគច្រើនមកពីតំបន់អាស៊ាន និងចិន

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានឲ្យដឹងថា ការវិលត្រឡប់របស់ភ្ញៀវទេសចរអន្តរជាតិចូលកម្ពុជា នាពេលនេះ មានកំណើនមធ្យម ដោយភាគច្រើន មកពីតំបន់អាស៊ាន និងចិន។ ដោយក្នុងនោះ ភ្ញៀវចម្រុះជាតិសាសន៍មកពីតំបន់អាស៊ាន មានប្រមាណ ៧៥ភាគរយ និងពីតំបន់អឺរ៉ុបមានចំនួន ២៥ភាគរយ។​

គិតត្រឹមថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានភ្ញៀវទេសចរកើនឡើងពី ២៦០០នាក់ ទៅ ៣២០០នាក់ ក្នុងមួយថ្ងៃ។ លោក ស៊ីន ចាន់សេរីវុត្ថា រំពឹងថា ចំនួនជើងហោះហើរនឹងកើនដល់ ៤២ជើង ក្នុងមួយថ្ងៃ នៅរដូវរងា(Winter)២០២៣នេះ។

បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន ៧ កំពុងដំណើរការហោះហើរ រួមមាន ក្រុមហ៊ុន Cambodia Ankor Air, ក្រុមហ៊ុន Thai AirAsia, ក្រុមហ៊ុន Bangkok Airways, ក្រុមហ៊ុន Thai Smile Airways, ក្រុមហ៊ុន Singapore Airlines , ក្រុមហ៊ុន Vietnam Airlines និងក្រុមហ៊ុន Lao Airlines។

លោក ស៊ីន ចាន់សេរីវុត្ថា បានលើកឡើងថា អាកាសចរស៊ីវិល សង្ឃឹមថា ក្រុមហ៊ុនហោះហើរ នឹងមានការកើនឡើងដល់ ៩-១០ ក្រុមហ៊ុន នៅក្នុងរដូវកាល Winter ក្នុងសប្តាហ៍បន្តបន្ទាប់ខាងមុខ។ គិតត្រឹមថ្ងៃទី ០៦ ខែ វិច្ឆិកានេះ អាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប បានដាក់ឱ្យដំណើរការជាផ្លូវការ រយៈពេល ២០ថ្ងៃហើយ  ចាប់ពីថ្ងៃទី ១៦ ខែតុលាមក។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់ប្រវែង ៣,៦០០ម៉ែត្រ លើទុនវិនិយោគ ១,១ពាន់លានដុល្លារ មានសមត្ថភាពឲ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ ៣៨ ដោយមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ។

តាមការគ្រោងទុក អាកាសយានដ្ឋាននេះ នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ១៦ ខែវិច្ឆិកា ខាងមុខ ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា៕

×