ភ្នំពេញ៖ សៀវភៅដុល្លាររូបនីយកម្មនេះ គឺជាលទ្ធផលនៃកិច្ចសហការស្រាវជ្រាវរួមគ្នារវាង ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដោយប្រើប្រាស់ទិន្នន័យប្រមូលបានពីអង្គភាពគ្រួសារ សហគ្រាស និងគ្រឹះស្ថានហិរញ្ញវត្ថុទូទាំងប្រទេស។

ខ្លឹមសារនៃអត្ថបទក្នុងសៀវភៅនេះ ផ្តល់សារៈសំខាន់ សម្រាប់ការសិក្សាស្វែងយល់អំពីដំណើរវិវត្តន៍ និងស្ថានភាពបច្ចុប្បន្ននៃដុល្លារូបនីយកម្មនៅកម្ពុជា ព្រមទាំងបង្ហាញគោលនយោបាយសំខាន់ៗដែលគាំទ្រកំណើនសេដ្ឋកិច្ច។ អ្នកនិពន្ធបានរំលេចអំពីប្រវត្តិដុល្លារូបនីយកម្មនៅកម្ពុជា និងទិដ្ឋភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងមានអត្ថបទវិភាគស៊ីជម្រៅ អំពីឥទ្ធិពលនៃចរាចរណ៍ប្រាក់ដុល្លារ នៅក្នុងសកម្មភាពសេដ្ឋកិច្ច និងប្រព័ន្ធទូទាត់ បាគង ដែលជួយបង្កើនការប្រើប្រាស់ប្រាក់រៀល។

បើតាមអ្នកនិពន្ធ ក៏បានបញ្ជាក់ផងដែរថា ដុល្លារូបនីយកម្មនៅកម្ពុជាក្លាយជាករណីសិក្សាដ៏សំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ហើយប្រព័ន្ធទូទាត់ បាគង ជាគំរូសម្រាប់កាត់បន្ថយចរាចរណ៍ប្រាក់ដុល្លារ។ បន្ថែមលើនេះ ធនាគារជាតិនៃកម្ពុជា ក៏បង្ហាញគម្រោងដាក់ឲ្យអនុវត្តសេវាកម្មហិរញ្ញវត្ថុថ្មីៗ ដើម្បីជំរុញសាធារណជនឱ្យប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយផងដែរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានរៀបចំដឹកនាំ និងកែសម្រួលខ្លឹមសារ នៃអត្ថបទស្រាវជ្រាវក្នុងសៀវភៅនេះ ដោយសហការជាមួយលោក Okuda Hidenobu សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ Hitotsubashi University នៅប្រទេសជប៉ុន។
ស្នាដៃរួមគ្នានេះ ត្រូវបានបោះពុម្ពផ្សាយដោយក្រុមហ៊ុន Routledge ដ៏ល្បីលំដាប់ពិភពលោក។ ធនាគារជាតិនៃកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅ «ដុល្លាររូបនីយកម្មនៅកម្ពុជា នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ។
លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា “ដុល្លារូបនីយកម្មបានកើតឡើងក្នុងស្ថានភាពដែលជំនឿទុកចិត្តលើប្រាក់រៀលមានភាពទន់ខ្សោយ ក្រោយពីសង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ និងការហូរចូលយ៉ាងច្រើនសន្ធឹកសន្ធាប់នៃប្រាក់ដុល្លារអាមេរិក ក្នុងពេលរៀបចំការបោះឆ្នោតសកលលើកដំបូងនៅកម្ពុជា ដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលហៅកាត់ថា UNTAC នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០។ ជាការពិត ដុល្លារូបនីយកម្មបានរួមចំណែកជួយស្តារសេដ្ឋកិច្ច និងអមដំណើរនៃការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។
លោក Kazumasa Sanui ប្រធានតំណាង JICA ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្រៅពីគម្រោងសិក្សាស្រាវជ្រាវរួមគ្នានេះ JICA ក៏កំពុងធ្វើការលើគម្រោងបច្ចេកទេសថ្មីៗផ្សេងៗទៀតជាមួយ ធនាគារជាតិនៃកម្ពុជា សំដៅពង្រឹងសមត្ថភាពវិភាគ ស្រាវជ្រាវ និងប្រតិបត្តិការសេដ្ឋកិច្ច សម្រាប់គោលនយោបាយរូបិយវត្ថុ។
គួរបញ្ជាក់ថា បើតាមលោក Kazumasa Sanui ប្រធានតំណាង JICA ប្រចាំកម្ពុជា លោកមានទំនុកចិត្តថា សៀវភៅនេះនឹងផ្តល់គុណប្រយោជន៍យ៉ាងច្រើនដល់អ្នកអាន ដូចជា អ្នកតាក់តែងគោលនយោបាយ អ្នកស្រាវជ្រាវ និងសិស្ស-និស្សិត ដែលធ្វើការពាក់ព័ន្ធនឹងដុល្លារូបនីយកម្ម និងសេដ្ឋកិច្ច”៕