Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញវិស័យបរធនបាលកិច្ច លើកឡើងថា ទំហំទុនវិនិយោគក្នុងទីផ្សារបរធនបាលកិច្ចនៅកម្ពុជា កើនឡើងដល់ ១.២២៣លានដុល្លារ ភាគច្រើនលើវិស័យអចលនទ្រព្យ

ភ្នំពេញ៖ ឯកឧត្តម សុខ ដារ៉ា ដែលជាអគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ការចុះបញ្ជីនៃបរធនបាលកិច្ច បានកើនដល់ ៦៨៣ករណី បើគិតត្រឹមសប្តាហ៍ទី ២នៃខែវិច្ឆិកា ឆ្នាំ ២០២៣ ជាមួយទំហំទឹកប្រាក់វិនិយោគឡើងដល់ ១.២២៣លានដុល្លារ ខណៈកាលពីមុនឆ្នាំ ២០២១ ការចុះបញ្ជីស្របច្បាប់នៃវិស័យនេះ មានត្រឹម ១៧ករណី និងមានទុនវិនិយោគប្រមាណ ១៥៦លានដុល្លារប៉ុណ្ណោះ។

អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានថ្លែងយ៉ាងដូច្នេះ នៅក្នុងកម្មវិធីបណ្តុះបណ្តាល «ជជែកអំពីបរធនបាលកិច្ច» យន្តការសម្រាប់វិនិយោគលើវិស័យអចលនទ្រព្យប្រកបដោយទំនុកចិត្ត នាថ្ងៃទី ១៤ខែវិច្ឆិកា ឆ្នាំ ២០២៣។

ឯកឧត្តម សុខ ដារ៉ា បានថ្លែងថា ការចុះបញ្ជីបរធនបាលកិច្ច នឹងបន្តកើនឡើងចំនួន ៨៣ករណីបន្ថែមទៀត ជាមួយទឹកប្រាក់វិនិយោគ ៣៥លានដុល្លារ។ តួលេខនេះ នឹងធ្វើឲ្យចំនួននៃការចុះបញ្ជីស្របច្បាប់នៃវិស័យនេះ នឹងកើនដល់ ៧៦៦ករណី នៅដំណាច់ខែវិច្ឆិកានេះ។

ឯកឧត្តមបន្តថា ផ្អែកតាមទិន្នន័យការចុះបញ្ជីស្របច្បាប់នៃវិស័យបរធនបាលកិច្ចសរុបចំនួន ៦៨៣ករណី ក្នុងនោះ មាន ៦០៥ករណី ជាបរធនបាលកិច្ចវិនិយោគក្នុងវិស័យអចលនទ្រព្យ ហើយក្នុងនោះមាន ៥៥២ករណី ត្រូវបានចុះបញ្ជីដោយជនបរទេស ដែលមានទំហំទុន ៥៨០លានដុល្លារ ហើយក្នុងចំណោមការចុះបញ្ជីបរធនបាលកិច្ចរបស់ជនបរទេសទំាងនោះ គឺមាន ៥៤១ករណី ជាបរធនបាលកិច្ចវិនិយោគលើវិស័យអចលនទ្រព្យ និង១១ករណីផ្សេងទៀត វិនិយោគលើប្រព័ន្ធរក្សាទុកសុវត្ថិភាព។

ឯកឧត្តមបានអះអាងថា កើនឡើងដ៏គួរភ្ញាក់ផ្អើលនៃវិស័យបរធនបាលកិច្ចនាពេលនេះ ដោយ សារវិនិយោគិន ជាពិសេសវិនិយោគិនបរទេស មានទំនុកចិត្ត និងយល់ដឹង ក៏ដូចជា មានសេចក្តីត្រូវការពីបរធនបាលកិច្ចក្នុងការជួយគាំទ្រការវិនិយោគរបស់ពួកគាត់ ពិសេសលើវិស័យអចលនទ្រព្យ។

គិតមកដល់បច្ចុប្បន្ន ធនាគារដែលទទួលបានអាជ្ញាប័ណ្ណមានចំនួន​១៣ និងក្រុមហ៊ុនបរធនបាលកិច្ច ដែលទទួលបានអាជ្ញាប័ណ្ណពីនិយ័តករបរធនបាលកិច្ច ខណៈមានក្រុមហ៊ុន និងធនាគារមួយចំនួនទៀត កំពុងដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ ប្រតិបត្តិការគ្រប់គ្រង ចាត់ចែង និងថែរក្សាសុវត្ថិភាពទ្រព្យសម្បត្តិជំនួស៕

×