ភ្នំពេញ៖ អ្នកជំនួញអចលនទ្រព្យ និងលំនៅដ្ឋានដ៏ល្បីមួយរូបនៅកម្ពុជា បានលើកឡើងថា វិស័យអចលនទ្រព្យ នឹងងើបឡើងវិញសន្សឹមៗ ប៉ុន្តែមិនខ្លាំងនោះទេ។
ឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា បានផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មានដោយមានសុទិដ្ឋិនិយមថា ទីផ្សារអចលនទ្រព្យ នឹងងើបឡើងវិញសន្សឹមៗ ដោយមិនមានឧបសគ្គអ្វីរាំងស្ទះទៀតនោះទេ ប៉ុន្តែការងើបឡើងវិញនេះ នឹងមិនមានកំណើនខ្លាំងដូចមុននោះទេ ដោយសារតម្លៃអចលនទ្រព្យ បានកើនឡើងខ្ពស់ស្រាប់ទៅហើយ។

ឧកញ៉ា សង្ឈឹមថា តាមរយៈដំណោះស្រាយរបស់រាជរដ្ឋាភិបាល នៅក្នុងវេទិការរវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី ១៩ នាពេលថ្មីៗនេះ ថ្វីត្បិតមិនបានជួយវិស័យអចលនទ្រព្យបានទាំងស្រុងក៏ពិតមែន ក៏ប៉ុន្តែវាបានជួយជំរុញការអភិវឌ្ឍទៅលើវិស័យនេះបានច្រើន ជាពិសេសជួយដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលកម្រិតទាប និងមធ្យម អាចមានលទ្ធភាពទិញលំនៅឋានបានកាន់តែច្រើន និងងាយស្រួលជាងមុន។

សូមជម្រាបថា នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ រាជរដ្ឋាភិបាល បានដាក់ចេញវិធានការជាក់ស្តែង ដើម្បីគាំទ្រដល់វិស័យសំណង់ និងអចលនទ្រព្យ តាមរយៈការបន្តអនុវត្តវិធានការជាកញ្ចប់ រួមមាន បន្តពន្យាពេលការអនុវត្ត និងការបង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាល, ការលើកទឹកចិត្តផ្នែកសារពើពន្ធ និងការលើកលែងការផាកពិន័យនានា, ការបន្ធូរបន្ថយកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុ ឲ្យរងសវនកម្មឯករាជ្យ និងការផ្តល់សិទ្ធិឲ្យជនបរទេសអាចកាន់កាប់អចលនទ្រព្យ ជាដើម។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ក្នុងខែកញ្ញា ឆ្នាំ ២០២៣ លំនៅឋាននៅរាជធានីភ្នំពេញ មានតម្លៃជាមធ្យម ៤៦៧,៧លានរៀល (១១៣.០០០ដុល្លារ) ពោលគឺបានថយចុះ ០,៧% ធៀបនឹងខែសីហា និងថយចុះ ប្រមាណ ១,១% ធៀបនឹងខែកញ្ញាដូចគ្នាកាលពីឆ្នាំ ២០២២៕
