Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃនៃការជួញដូរទីផ្សារមូលបត្រកម្ពុជា CSX ជាមធ្យមប្រចាំថ្ងៃ មានជាង ២០ម៉ឺនដុល្លារនាពេលបច្ចុប្បន្ន ខណៈនៅឆ្នាំ២០២៤ខាងមុខ CSX នឹងទទួលបានគណនីជួញដូរថ្មី ៥០០០០គណនី

ភ្នំពេញ៖ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានថ្លែងដោយក្តីសង្ឃឹមថា នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ ទីផ្សារមូលបត្រកម្ពុជា CSX នឹងទទួលបានគណនីជួញដូរថ្មីចំនួន ៥០០០០គណនី ឬកើនឡើង ១០០% បើប្រៀបធៀបទៅនឹងគណនីជួញដូរសរុបក្នុងទសវត្សរ៍កន្លងមក ខណៈតម្លៃនៃការជួញដូរជាមធ្យមប្រចាំថ្ងៃនាពេលបច្ចុប្បន្ន មានចំនួនច្រើនជាង ២០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ចាប់តាំងពីដើមឆ្នាំ២០២៣។​

ឯកឧត្តម ហុង សុហួរ បានថ្លែងបែបនេះ ក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK”លើកទី៦ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា, ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងតំណាងក្រសួង-ស្ថាប័ន, វិស័យឯកជន, ក្រុមហ៊ុនជាតិ អន្តរជាតិ, វិនិយោគិនស្ថាប័ន។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ូ សុជាតិ បានបញ្ជាក់ថា ទីផ្សារមូលបត្រ គឺជាច្រកវិនិយោគដ៏សំខាន់មួយផ្សេងទៀត ដែលផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ក្នុងការវិនិយោគជាមួយនឹងដើមទុនតិចតួច ប៉ុន្តែអាចពង្រីកនូវសំណុំវិនិយោគរបស់ខ្លួន ដើម្បីបង្កើនចំណូលអកម្មបន្ថែម ប្រកបដោយជំនឿទុកចិត្ត។ ដូច្នេះ យើងគួរគប្បីរៀន និងចាប់ផ្តើមធ្វើការវិនិយោគ ចាប់ពីថ្ងៃនេះតទៅ ក៏ប៉ុន្តែត្រូវប្រើប្រាស់ប្រាក់សន្សំយកមកវិនិយោគ ចៀសវាងប្រើប្រាស់កញ្ចប់ថវិកាប្រើប្រាស់ប្រចាំថ្ងៃ យកមកវិនិយោគ។

គួរបញ្ជាក់ថា បើយោងតាមផ្សារមូលបត្រកម្ពុជា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកានេះ ផ្សារមូលបត្រកម្ពុជា មានគណនីជួញដូរជាង ៤៤ពាន់គណនី។ ហើយទោះបីជាតម្លៃនៃការជួញដូរនៅតែមានកម្រិតក៏ដោយ ក៏ទីផ្សារមានភាពសកម្មជាងពេលមុន ដោយ​សារចំនួននៃការដាក់បញ្ជាទិញ បានកើនឡើងយ៉ាងខ្លាំងពេញមួយឆ្នាំ២០២៣នេះ ជាមួយនឹងការកើនឡើងចំនួនវិនិយោគិនសកម្មផងដែរ៕

×