Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងចំនួន ១២៨ ៣០១ដុល្លារ សម្រាប់ជួយគាំទ្រ ដល់មជ្ឈមណ្ឌល ស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង

spot_img

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ២០២៣ ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ ចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើគម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ) របស់ស្ថានទូតជប៉ុន សម្រាប់ការទិញម៉ាស៊ីនផលិតឧបករណ៍សិប្បនិម្មិត និងសាងសង់អគារស្នាក់នៅសម្រាប់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាព្រៃវែង។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំមូលនិធិជនពិការ ប្រធានមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាព្រៃវែង និងមន្រ្តីស្ថានទូតជប៉ុនជាច្រើនរូប។

ថ្លែងក្នុងកម្មវិធីនេះ លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩១មក រដ្ឋាភិបាលជប៉ុនតាមរយៈកម្មវិធីគូសាណូណិ ជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលកម្ពុជា លើគម្រោងជាង៦៨៧ នៅទូទាំងប្រទេសកម្ពុជា តាមរយៈជំនួយឥតសំណងនៃកម្មវិធីសាគូណូណិនេះ។ ក្នុងថ្ងៃនេះដែរ រដ្ឋាភិបាលជប៉ុនតាមរយៈកម្មវិធីគូសាណូណិបានផ្តល់ជំនួយឥតសំណងចំនួន ១២៨ ៣០១ដុល្លារអាមេរិច លើគម្រោងសាងសង់អគារស្នាក់នៅសម្រាប់ជនពិការមកទទួលសេវា និងទិញម៉ាស៊ីនផលិតឧបករណ៍សិប្បនិមិ្មតប្រមាណ ១៣មុខ សម្រាប់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង។

ឯកឧត្តម ខុម ផលលឿន នាយកនៃមូលនិធិជនពិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែយកចិត្តទុកដាក់ជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តួយ៉ាងគម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ) របស់ស្ថានទូតជប៉ុននេះ បានគាំទ្រដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ចំនួន ៣រួចមកហើយ គឺនៅខេត្តក្រចេះ តាកែវ និងគៀនឃ្លាំង។ ឯកឧត្តមបន្តថា ការផ្តល់ជំនួយឥតសំណងនេះ នឹងអាចផ្តល់លទ្ធភាពឱ្យមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាព្រៃវែង ពង្រីកការផ្តល់សេវាដល់ជនមានពិការភាពក្នុងខេត្តព្រៃវែងផ្ទាល់ និងខេត្តស្វាយរៀង។ ឯកឧត្តមសង្ឃឹមថា គម្រោងនេះនឹងជួយកែលម្អសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ឱ្យកាន់តែល្អប្រសើរជាងមុន ដើម្បីលើកម្ពស់សុខុមាលភាព និងលទ្ធភាពរបស់ជនមានពិការភាពនៃការចូលរួមឱ្យកាន់តែប្រសើរឡើង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×