Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការឃោសនា​បោះឆ្នោត​រយៈ​ពេល​២១​ថ្ងៃ បញ្ចប់​ដោយ​គ្មាន​អំពើហិង្សា មាន​តែ​ពាក្យ​ប្តឹង​តិចតួច ឯ​ទីតាំង​ការិយាល័យមួយចំនួន​ ត្រូវ​ផ្លាស់ប្តូរ ដោយ​ទឹកជំនន់​

​ភ្នំពេញ​ ៖ លោក ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ថ្លែងថា ការឃោសនា​បោះឆ្នោត​រយៈ​ពេល​២១​ថ្ងៃ របស់​គណបក្ស​នយោបាយ​ទាំង​២០ បាន​បញ្ចប់​ដោយ​ជោគជ័យ ដោយ​គ្មាន​អំពើហិង្សា​កើតឡើង គឺមាន​តែ​បណ្តឹង​បន្តិចបន្តួច​តែប៉ុណ្ណោះ​។

​លោក​ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ថ្លែងថា បរិយាកាស​នៃ​ការហែក្បួន​ឃោសនា បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦​នេះ គឺ​ប្រព្រឹត្តទៅ​ដោយ​រលូន ដោយ​គ្មាន​អំពើហិង្សា​អ្វី​កើតឡើង​នោះ​ទេ ហើយ​ពាក្យបណ្តឹង​ដែល​ប្តឹង​ដោយ​គណបក្ស​នយោបាយ ក៏​មាន​ចំនួន​តិចតួច ដែល​ខុស​ពី អាណត្តិ​មុន​។ ក្នុង​អាណត្តិ​នេះ​អំឡុងពេល នៃ​យុទ្ធនាការ​ឃោសនា បោះឆ្នោត គ​.​ជ​.​ប បាន​ទទួល​ពាក្យបណ្តឹង​តែ​ចំនួន​៣០​ប៉ុណ្ណោះ ខណៈ​ដែល​អាណត្តិ​ទី​៥ គឺ​មាន​ចំនួន​ជាង​៣០០​បណ្តឹង ហើយ​ចំនួន​នេះ​គឺ​ខុស​គ្នា​ដាច់​ពី​អាណត្តិ​មុន​។ អ្នកចូលរួម​ហែ​ក្បូន​ឃោសនា​តាម​ដងផ្លូវ និង​ចែក​ខិតប័ណ្ណ​ឃោសនា​របស់​បណ្ដា​គណបក្ស​នយោបាយ សរុប​ប្រមាណ​ជិត​៤​លាន​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​រយៈពេល​២១​ថ្ងៃ នៃ​ថ្ងៃ​ឃោសនាបោះឆ្នោត ដែល​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៧ ខែកក្កដា​នេះ​។ ការឃោសនា បាន​ប្រើប្រាស់​រថយន្ដ​ជាង​៦​ម៉ឺន​គ្រឿង និង​ម៉ូតូ​៣០​ម៉ឺន​គ្រឿង ព្រមទាំង​មធ្យោបាយ ផ្សេងៗ​ទៀត​។​

​អ្នកនាំពាក្យ បាន​ថ្លែងថា “​អ្នក​ដែល​បាន​ចេញ​ទៅ​ហែ​ក្បួន​បើ​គិត​ពី​ចំនួន គឺ​ប្រមាណ​ជិត​២​លាន​នាក់ ហើយ​ការប្រជុំ​អ្នក​ដែល​ដើរ​ចែក​ខិត​បណ្ណ​នេះ គឺ​មាន​ចំនួន​ជាង​២​លាន​នាក់ ហើយ​រថយន្ដ​ដែល​បាន​ប្រើប្រាស់​នៅលើ​ដងផ្លូវ ក្នុង​២១​ថ្ងៃនេះ មាន​ប្រមាណ​ជាង​៦​ម៉ឺន​គ្រឿង និង​ម៉ូតូ​មាន​ជាង​៣​សែន​គ្រឿង​។​

​លោក ហង្ស ពុទ្ធា បាន​គូសបញ្ជាក់ថា ក្នុង​ថ្ងៃ​ឃោសនា​រយៈពេល​២១​ថ្ងៃ​កន្លងមកនេះ គ​.​ជ​.​ប សង្កេតឃើញថា មាន​សកម្មភាព​ច្រើន​ក្នុង​ថ្ងៃ​ឃោសនា ដោយ​គណបក្ស​នយោបាយ​មួយចំនួន បាន​ហែ​ក្បូន​ទ្រង់ទ្រាយ​ធំ ហើយ​ខ្លះ​ហែ​ក្បូន​មាន​លក្ខណៈ​តូច​តាម​លទ្ធភាព​របស់​ពួកគេ​។ ក្នុង​រយៈពេល​នៃ​ការឃោសនាបោះឆ្នោត គឺ​សកម្មជន នៃ​គណបក្ស​នយោបាយ ដែល​ចូលរួម​ប្រកួតប្រជែង បាន​ចេញ​ឃោសនា​រក​សំឡេងឆ្នោត នៅលើ​ដងផ្លូវ ដោយ​គោរព​តាម​បទបញ្ជា របស់​គ​.​ជ​.​ប និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប បានឱ្យដឹងថា មាន​ពាក្យបណ្តឹង​ចំនួន​៥ ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត ក្នុងអំឡុងពេល​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត រយៈពេល​២១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​២៧ ខែកក្កដា​នេះ​។​
​ក្នុង​បណ្តឹង​ចំនួន​៥​នេះ ត្រូវបាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​បាត់ដំបង សម្រេច​យល់ព្រម​តាម​ដើមបណ្តឹង ដោយ​ពិន័យ​ជា​ប្រាក់​ទៅ​ចុង​បណ្តឹង​ចំនួន បុគ្គល​៥​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ចំនួន​១០​លាន​រៀល​។ ក្នុងអំឡុង ពេល​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ មាន​បណ្តឹង​សរុប​ចំនួន​៣០​បណ្តឹង ដែល​ត្រូវបាន​ប្តឹង ប៉ុន្តែ​មាន​២៩​បណ្តឹង ត្រូវបាន​ដោះស្រាយ​ចប់​រួចរាល់​នៅ​ថ្នាក់​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត ខណៈ​ដែល​១​បណ្តឹង​ទៀត ត្រូវបាន​ដាក់​ផ្ទាល់​នៅ​គណៈកម្មការ​រាជធានី​ខេត្ត​រៀបចំ​ការបោះឆ្នោត​។​

​លោក ហង្ស ពុទ្ធា បាន​លើកឡើង​ទៀត​ថា រហូតមកដល់​ពេលនេះ គ​.​ជ​.​ប បាន អនុញ្ញាត​ឱ្យ​អ្នកសារព័ត៌មាន​អន្តរជាតិ​ជាង​២០៣​នាក់ មកពី​៦៦​អង្គភាព ចូល​យក​ព័ត៌មាន​បោះ ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​កក្កដា​ខាងមុខនេះ​។​
គ​.​ជ​.​ប ក៏​បាន​ទទួលស្គាល់​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ចូលរួម​ឃ្លាំ មើល​ការបោះឆ្នោត​កើន​ដល់​ជាង​៨​ម៉ឺន​នាក់ ក្នុងនោះ​អ្នកសង្កេតការណ៍​បោះឆ្នោត​អន្តរជាតិ​ចំនួន​៣២២​នាក់ មកពី​ប្រទេស​ស្ថាប័ន និង​ស្ថានទូត​ចំនួន​៤២​។​

​សូមជម្រាបថា យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត ដែល​កំណត់​ដោយ គ​.​ជ​.​ប មាន​រយៈពេល​២១​ថ្ងៃ ដែល​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​៧ ខែកក្កដា ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ ដោយ​ប្រព្រឹត្ដ​ដោយ​រលូន​គ្មាន​អំពើហិង្សា​អ្វី​ទាំងអស់​។ ដោយឡែក​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា​ស្អែក​នេះ គឺជា​ថ្ងៃ​ស ដោយ​មិន​អនុញ្ញាត​ឲ្យ​គណបក្សន​យោបា​យ​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់​។​

​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ ដោយ​មាន​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ចាប់ពី​ម៉ោង​៧​ព្រឹក រហូតដល់​ម៉ោង​៣​រសៀល ដោយ​មាន​គណបក្សនយោបាយ​ចំនួន​២០​ចូលរួម​ប្រកួតប្រជែង​។​

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាសថា រហូតមកដល់​ពេលនេះ មិន​មាន​ទីតាំង​ការិយាល័យ​បោះ​ឆ្នោត​ណាមួយ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ខាងមុខនេះ ត្រូវ​បាន​ប៉ះពាល់​ដោយសារ​ទឹកជំនន់​នោះទេ តែ​ប្រជាពលរដ្ឋ​អាច​នឹង​មាន​ការពិបាក​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​។​

បញ្ហា​ទឹក​ជំនន់ យើង​មើល​ក្នុង​ប្រព័ន្ធ​ព័ត៌មាន​ដូច​ជា​ធ្ងន់ធ្ងរ​ណាស់ ប៉ុន្តែ​គ​.​ជ​.​ប មាន​ការសិក្សា​រួច​ហើយ​។ មកទល់​ម៉ោង​នេះ មិន​អាច​ប្រើ​ពាក្យ​បាន​ថា ទឹកជំនន់​ដល់​ការិយាល័យ​បោះឆ្នោត​ទេ គ្រាន់តែ​ថា​ទឹកជំនន់​នេះ វា​អាច​ប៉ះពាល់​ដល់​គម្រោង​ទីតាំង រៀបចំ​ការិយាល័យ​បោះឆ្នោត ពីព្រោះ​ការិយាល័យ​បោះឆ្នោត​អត់​ទាន់​បាន​បង្កើត​ទេ ឥឡូវ​ហ្នឹង ហើយ​យើង​ចេះតែ​នាំគ្នា​ប្រើពាក្យ​ថា លិចលង់​ប៉ះពាល់​ដល់​ការិយាល័យ​បោះឆ្នោត​។​

​លោក​បន្តថា គម្រោង​ទីតាំង​ការិយាល័យ​បោះឆ្នោត​នេះ ឯង​បាន​ពិចារណា ប្រសិនបើ​មាន​ការលិចលង់​យ៉ាងណា គឺថា​អាច​ប្តូរ​ទៅ​រក​ទីទួល​សុវត្ថិភាព បម្រើសេវា​បោះឆ្នោត​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​ហេតុ​ក​ន្ល​ង​មក​អាច​ថា ជាការ​ព្រួយ​បារ​ម្មណ៍ នៅ​ពេល​សិក្សា និង​ជា​របាយការណ៍​ចុងក្រោយ​នេះ​ទៅ​ឃើញថា បញ្ហា​អាច​មាន​រឿង​តែ​មួយ​ទេ រឿង​ការិយាល័យ​មិនមែន​ការប៉ះពាល់​ទេ គឺ​មាន​កន្លែង​គ្រប់គ្រាន់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​សម្រាប់​ការបោះឆ្នោត ប៉ុន្តែ​ផ្លូវ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ អាច​នឹង​មាន​ការ​មូរ​ជើងខោ មាន​ការពិបាក​បន្តិច ប៉ុន្តែ​ក្នុងនាម​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ល្អ និង​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ សូម​គោរព​អញ្ជើញ​បងប្អូន​ទាំងអស់​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×