ភ្នំពេញ៖ គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៣ ការនាំចេញផលិតផលកសិកម្មកម្ពុជា នៅបន្តរក្សាបានតួលេខខ្ពស់គឺជាង ៦,២លានតោន គិតជាទឹកប្រាក់ជាង ៣,៥ពាន់លានដុល្លារអាមេរិក ទៅកាន់ទិសដៅចំនួន ៧៤ប្រទេស។ នេះបើយោងតាមការថ្លែងរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តម ឌិត ទីណា បានថ្លែងថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៣ ការដាំដុះស្រូវសម្រេចបានជាង ៣,៦លានហិចតា និងទទួលបានទិន្នផល ៦,២លានតោន ជាមួយនឹងការរំពឹងទុកថា នឹងទទួលបានទិន្នផលជាង ៦,៣លានតោនបន្ថែមទៀត នៅក្នុងខែវិច្ឆិកា និងខែធ្នូឆ្នាំនេះ។

ក្នុងរយៈពេលដូចគ្នានេះដែរឯកឧត្តម ឌិត ទីណា បានថ្លែងបន្តថា កម្ពុជា បានសម្រេចការនាំចេញអង្ករជាង ៥២ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៤៥៨លានដុល្លារ រួមទាំងការនាំចេញទៅប្រទេស ឥណ្ឌូនេស៊ីដែលជាគោលដៅថ្មី និងជាលទ្ធផលដ៏ត្រចះត្រចង់នៃការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។

អនុវិស័យផ្សេងទៀត រួមមាន សុខភាពសត្វ និងផលិតកម្មសត្វ ជលផល និងព្រៃឈើ បន្តមានដំណើរការល្អ ដោយធានាបាននូវការផ្គត់ផ្គង់សម្រាប់បំពេញតម្រូវការប្រជាពលរដ្ឋ មានស្ថិរភាពថ្លៃ កាត់បន្ថយការនាំចូល និងរក្សាបាននូវតុល្យភាព រវាងការអភិវឌ្ឍ និងការអភិរក្ស។

ដោយឡែក ការនាំចេញផលិតផលជ័រកៅស៊ូសម្រេចបានជាង ២៤២ពាន់តោន គិតជា ទឹកប្រាក់ជាង ៣២០លានដុល្លារ ក្នុងរយៈពេល ៩ខែនៃឆ្នាំ២០២៣នេះ៕