ភ្នំពេញ៖ គម្រោងសាងសង់វារីអគ្គិសនីចំនួន២ តម្លៃជាង ៤០០លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC សម្រេចអនុម័តជាផ្លូវការហើយនៅនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីធ្វើការវិនិយោគនៅក្នុងស្រុកមណ្ឌលសីមា និងស្រុកថ្មបាំងខេត្តកោះកុង។

បើយោងតាមការចេញផ្សាយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្កាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ដែលស្ថិតក្រោយការវិនិយោគពី ក្រុមហ៊ុន KHMER ELECTRICAL POWER CO., LTD ត្រូវបាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC សម្រេចផ្តល់សិទ្ធវិនិយោគជាផ្លូវការហើយ ក្នុងរូបភាពសាងសង់, អាជីវកម្ម, និងផ្ទេរ (BOT) ជាមួយទុនវិនិយោគប្រមាណ ៤៤៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៣០កន្លែង។

គួរបញ្ជាក់ថា បន្ថែមពីលើគម្រោងខ្នាតធំខាងលើនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសម្រេចផ្តល់សិទ្ធវិនិយោគដល់ក្រុមហ៊ុនចំនួន ៦ទៀត ក្នុងទុនវិនិយោគប្រមាណ ៤០លានដុល្លារ អោយដំណើរការវិនិយោគនៅកម្ពុជាផងដែរ ដោយស្ថិតនៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងរាជធានីភ្នំពេញ ជាមួយនឹងឱកាសការងារធ្វើជាច្រើនពាន់កន្លែងបន្ថែមទៀត៕
