Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវជាតិលេខ៥ ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េ​លេខ​១​ (AH1) ជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងដ៏មានសក្តានុពល

ភ្នំពេញ៖ ក្នុងក្របខណ្ឌតំបន់ ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលបានតភ្ជាប់គ្នារវាងទីក្រុងបាងកក រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិត ក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងដ៏មានសក្តានុពល ដែលនឹងជំរុញឱ្យមានការប្រកួតប្រជែងខ្លាំងនៅក្នុងមហាអនុតំបន់មេគង្គ (GMS) ក៏ដូចជាតំបន់អាស៊ាន ផងដែរ។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងថា ផ្លូវជាតិលេខ៥ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយ និងខ្សែផ្លូវសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល ដែលបានតភ្ជាប់ទំនាក់ទំនងរូបវន្តរវាងស្ថាប័ន និងប្រជាជន ដោយរាប់ចាប់ពីរាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តជាប់ព្រំប្រទល់ផ្សេងៗដទៃទៀត។ ​

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងដូចនេះ ក្នុងពិធីសម្ពោធជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម-បាត់ដំបង និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ពីសិរីសោភ័ណ-ប៉ោយប៉ែត នាព្រឹកថ្ងៃទី២២ ខែវិច្ជិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ឯកឧត្តម បានបញ្ជាក់ថា ផ្លូវនេះក៏ជាខ្សែផ្លូវមេដែលមានភាពប្រទាក់ក្រឡាជាមួយ ផ្លូវជាតិសំខាន់ៗ រួមមាន ដូចជា តភ្ជាប់ជាមួយផ្លូវជាតិលេខ៤៤, ផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ៦១ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល, តភ្ជាប់ជាមួយផ្លូវជាតិលេខ៥០C ផ្លូវជាតិលេខ៥២ ផ្លូវជាតិលេខ៥៣ និងផ្លូវជាតិលេខ៥៣A នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង, តភ្ជាប់ជាមួយផ្លូវជាតិ លេខ៥៣B ផ្លូវជាតិលេខ៥៤ និងផ្លូវជាតិលេខ៥៥ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់, តភ្ជាប់ ជាមួយផ្លូវជាតិលេខ៥៧ និងផ្លូវជាតិលេខ៥៧B នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង, តភ្ជាប់ជាមួយ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥៦ ផ្លូវជាតិលេខ៥៦D ផ្លូវជាតិលេខ៥៨ និងផ្លូវជាតិលេខ៥៩ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ៍ និងតភ្ជាប់ទៅកាន់ព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ប៉ោយប៉ែត- អារញ្ញប្រាថេត)។ គួរបញ្ជាក់ថា បើតាមឯកឧត្តម ប៉េង ពោធិ៍នា ខ្សែផ្លូវជាតិលេខ៥ រួមជាមួយនឹងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនដទៃទៀត ដែលគ្រោងអនុវត្តនាពេលអនាគតនឹងរួមចំណែកឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី កម្ពុជា ដោយត្រូវបានកំណត់នៅក្នុងចំណោមអាទិភាពគន្លឹះចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និបច្ចេកវិទ្យា៕

×