Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ ជួបពិភាក្សាគ្នាពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម សម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា

ភ្នំពេញ៖ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣  គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញជាច្រើន បានមកជួបជុំគ្នាពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាព សម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ដើម្បីពិភាក្សាបញ្ហាសេដ្ឋកិច្ច សង្គម នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខា ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយ បញ្ហាប្រឈម សម្រាប់ជំរុញអភិវឌ្ឍកម្ពុជា។

ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងទីប្រឹក្សានៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា “ នៅក្នុងសន្និសីទចក្ខុវិស័យរបស់វិទ្យាស្ថាន CDRI កាលពីខែតុលា ឆ្នាំ២០២២ ក្រោមប្រធានបទ ការស្តារ កម្ពុជាឡើងវិញ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនោះ បានផ្តល់ការណែនាំឱ្យវិទ្យាស្ថាន CDRI ធ្វើការសិក្សាឱ្យបានហ្មត់ចត់ និងស៊ីជម្រៅ លើចំណុច៖ តើកម្ពុជាអាចសម្រេចបានទេ នូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០? តើមានកត្តាធំៗអ្វីខ្លះដែលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា? តើមានកត្តាអ្វីខ្លះដែលមិនទាន់អាចទាយទុកមុនបាន?

ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ បានថ្លែងថា”ក្នុងន័យនេះ សន្និសីទចក្ខុវិស័យលើកទី១៥នេះ នឹងបើកឲ្យមានការពិភាក្សា និងឆ្លើយលើសំណួរ ១. តើកម្ពុជាអាចសម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ បានឬទេ? បើផ្អែកលើ អត្រាកំណើនបច្ចុប្បន្ន? ២. បើសិនមិនអាច, តើមានកត្តាធំៗអ្វីខ្លះដែលរារាំងដល់ភាពរីកចម្រើន? ៣. តើមានកត្តាគន្លឹះថ្មីៗអ្វីទៀត ដែលចាំបាច់ត្រូវធ្វើ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែខ្ពស់?

ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ បន្តថា “បន្ទាប់ពីមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មក អ្នកស្រាវជ្រាវ CDRI បានសហការជាមួយអ្នកជំនាញការជាតិ និងអន្តរជាតិ ធ្វើការសិក្សាលើចំណុចទាំងនេះ ហើយលទ្ធផលនៃការ ស្រាវជ្រាវជាបឋម នឹងត្រូវធ្វើបទបង្ហាញផងដែរដល់សន្និសីទដើម្បីប្រមូលធាតុចូល និងមតិយោបល់ពីអ្នកចូលរួម”។

កម្ពុជា បានកំណត់គោលដៅប្រកបដោយមហិច្ឆិតា ក្នុងការប្រែក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានសេដ្ឋកិច្ចជឿនលឿននៅឆ្នាំ២០៥០។ដើម្បីស្វែងរកមាគ៌ាឆ្ពោះទៅមុខ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានផ្តួចផ្តើមការស្រាវជ្រាវយ៉ាងទូលំទូលាយមួយ ដើម្បីរួមចំណែកដល់ចក្ខុវិស័យនេះ។

សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ដែលរៀបចំឡើយដោយវិទ្យាស្ថាន CDRI នឹងបង្ហាញ អំពីវឌ្ឍនភាពនៃការសិក្សាស្រាវជ្រាវដែលកំពុងបន្តនេះ និងធ្វើការវាយតម្លៃលើជម្រើសគោលនយោបាយ ដែលកើតចេញពីសេណារីយ៉ូនាពេលអនាគតប្រកបដោយព័ត៌មានគ្រប់ជ្រុងជ្រោយ។

សន្និសីទឆ្នាំ២០២៣នេះ ដើរតួជាវេទិកាសំខាន់មួយ សម្រាប់ថ្នាក់ដឹកនាំជាង៥០០នាក់ រួមទាំងមន្ត្រី រដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញការជាតិ និងអន្តរជាតិ មករួមគ្នាដើម្បីដោះស្រាយ បញ្ហាប្រឈមសំខាន់ៗរបស់កម្ពុជា។

សន្និសីទឆ្នាំ២០២៣នេះ មានក្រុមពិភាក្សាសំខាន់ៗចំនួន៣វគ្គ។ វគ្គពិភាក្សានីមួយៗ ត្រូវបានរៀបចំឡើងដោយផ្តោតលើបញ្ហាសំខាន់ៗ អំពីទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អាទិភាពនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសក្កានុពលក្នុងការដកស្រង់បទពិសោធ ដើម្បីធ្វើឱ្យមានការរីកចម្រើនតាមគន្លងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ កិច្ចពិភាក្សាជានីមួយៗ មានគោលបំណងផ្តល់នូវការយល់ដឹងជាក់ស្តែង ជំរុញឱ្យមានកិច្ច សន្ទនាស៊ីជម្រៅ និងផ្តល់នូវការយល់ដឹងទូលំទូលាយ អំពីទិដ្ឋភាពនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

សូមជំរាបថា សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» បានធ្វើឡើងជារៀងរាល់ឆ្នាំ រយៈពេលជាង១០ឆ្នាំមកហើយ។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ធ្វើឡើងក្រោមប្រធានបទ «ចក្ខុវិស័យ ប្រទេសកម្ពុជា ឆ្នាំ ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន»។ តាមរយៈសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣នេះ វិទ្យាស្ថាន CDRI បន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រមូលផ្តុំមេដឹកនាំដែលមានឥទ្ធិពលបំផុតពីប្រទេសកម្ពុជា អាស៊ីអាគ្នេយ៍។ល។ ដើម្បីជម្នះបញ្ហាប្រឈម និងយល់ដឹងពីចក្ខុវិស័យរបស់ប្រទេសកម្ពុជាឆ្នាំ២០៣០ និងចក្ខុវិស័យឆ្នាំ២០៥០៕

×