ភ្នំពេញ ៖ រថយន្តម៉ាក Toyota Prius មួយគ្រឿង បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវព្រះនរោត្តម មិនប្រយ័ត្នក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់។ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ជាប់ផ្អើលកាលពីវេលាម៉ោង ៨និង ៣០នាទីយប់ថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឃើញហេតុការណ៍ខាងលើប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាក Toyota prius ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខសៀមរាប 2B-7080 បើកបរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាលយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់មួយកង់ខ្ទាតចេញពីកន្លែងដើមទៅបិទផ្លូវម្ខាងទៀត។ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណាំ។ ភ្លាមនោះដែរអ្នកបើករថយន្តបង្កក៏បានគេចពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់ បានចុះទៅដល់ពិនិត្យជុំវិញទីតាំងកើតហេតុ រួចក៏បានទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីម្ចាស់រថយន្តបង្ក ចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត



