ភ្នំពេញ៖ បុរសម្នាក់ត្រូវបានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកបានមកធាក់ផ្តួលម៉ូតូ រួចកាប់ប្រហារទៅលើជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ បម្រុងនិងប្លន់យកម៉ូតូឌ្រីមសង់មួយគ្រឿង តែមិនបានសម្រេច ដោយប្រជាពលរដ្ឋក្នុងភូមិឃើញជួយទាន់ពេល។ ហើយជនសង្ស័យក៏បានឡើងម៉ូតូជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ ខាងលើនេះ ដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ៣និង ៤៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានបង្ហើបឲ្យដឹងថា នៅមុនកើតហេតុ ដោយពួកគាត់ឃើញបុរសជាជនរងគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់បានម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០២១ពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1IV-4615 ជិះ ម្នាក់ឯងពីក្រៅមក ពុំដឹងថាពីចំណុចណាមកនោះទេ រួចក៏បានធ្វើដំណើរកាត់តាមផ្លូវបេតុង គោលបំណងត្រឡប់ ទៅបន្ទប់ជួលវិញនៅភូមិព្រៃទា សង្កាត់ចោមចៅ ៣ដដែល ។ លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក ធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួលរួចកាប់ប្រហារទៅលើបុរសរងគ្រោះជាច្រើនកាំបិត ជាក់ស្តែងឃើញត្រូវដៃមួយកាំបិតនិងចំកមួយកាំបិត បណ្តាលឲ្យដេកដួលក្នុងថ្លុកឈាម រងរបួសធ្ងន់ ពេលនោះដែរជនសង្ស័យបម្រុងនិងលើកម៉ូតជនរងគ្រោះ ជិះទៅតែត្រូវបានប្រជាពលរដ្ឋក្នុងភូមិក្បែរនោះឃើញទាន់ ក៏នាំគ្នារត់ទៅជួយស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យទាំងពីរនាក់ ភ័យឡើងម៉ូតូជិះឌុបគ្នាគេចខ្លួនបាត់ស្រមោល ភ្លាមនោះដែរពលរដ្ឋក៏បានរាយការណ៍ទៅ សមត្ថកិច្ចមូលដ្ឋានសង្កាត់ចោមចៅទី៣ ហើយនិងសុំរថយន្តសាមុយជាបន្ទាន់ ដើម្បីដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។
ប្រភពបន្តពីស្ត្រីម្នាក់ជាសាច់ញាតិរបស់ជនរងគ្រោះ ដែលបានមកដល់កន្លែងកើតហេតុខាងលើ បានបង្ហើបឲ្យដឹងទៀតថា ដោយបុរសជនរងគ្រោះជា ជាងផ្សារដែក។ ដោយបុរសរងគ្រោះបានចេញពីកន្លែងធ្វើការគោលបំណងត្រឡប់ មកបន្ទប់ជួលវិញ នៅម្ដុំផ្សារព្រៃទាសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិសែនជ័យ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី៣ បានចុះមកដល់រួចក៏បានយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯបុរសរងគ្រោះវិញ ត្រូវបានមន្ទីរពេទ្យរដ្ឋមួយកន្លែងដឹកទៅសង្គ្រោះបន្ទាន់ផងដែរ៕ រក្សាសិទ្ធដោយ ៖ សា មេត



